សហជីពកម្មករ នៅថ្ងៃទី២ ខែមេសា រំពឹងថា រដ្ឋសភានឹងកែប្រែមាត្រាចម្រូងចម្រាសមួយចំនួននៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានគេរិះគន់ថា ប្រសិនបើគ្មានការកែសម្រួលទេ នឹងរឹតត្បិតដល់សិទ្ធិសេរីភាពរបស់កម្មករ។ សហជីពកម្មករព្រមានថា ប្រសិនបើរដ្ឋសភានៅតែចចេសអនុម័តច្បាប់ដ៏ចម្រូងចម្រាស ដោយមិនកែសម្រួល នោះពួកគេនឹងមិនបញ្ឈប់យុទ្ធនាការប្រឆាំងនឹងច្បាប់នេះនោះទេ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ជឿជាក់ថា សមាជិករដ្ឋសភានឹងយកចំណុចចម្រូងចម្រាសដែលធ្លាប់លើកឡើងទៅជជែកដេញដោល និងកែប្រែនៅក្នុងកិច្ចប្រជុំសភានៅថ្ងៃទី៤ ខែមេសា មុននឹងឈានដល់ការអនុម័តច្បាប់។ សហជីពរបស់លោក នឹងបន្តធ្វើយុទ្ធនាការប្រឆាំងការអនុម័តច្បាប់ ទាមទារឲ្យកែប្រែមាត្រាដែលប៉ះពាល់សិទ្ធិសេរីភាពរបស់កម្មករ៖ «សម្រាប់ថ្ងៃនេះ ដល់ថ្ងៃទី៤ សហជីពនៅតែស្នើឲ្យពិនិត្យឡើងវិញ ព្រោះយើងអត់ដឹងថា សភាកែបានប៉ុណ្ណា ឬយកសំណើដាក់ពិភាក្សាឬទេ។ នៅថ្ងៃទី៤ (មេសា) ខាងមុខ យើងនឹងជួបជុំគ្នា ដើម្បីបង្ហាញនូវជំហររបស់ពួកយើង»។
លោកបន្ថែមថា បើទោះបីជារដ្ឋសភាយល់ព្រមអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ដោយមិនកែប្រែចំណុចចម្រូងចម្រាស ក្រុមលោកនឹងបន្តធ្វើយុទ្ធនាការស្នើសុំឲ្យរដ្ឋសភាធ្វើវិសោធនកម្មច្បាប់កែប្រែខ្លឹមសារដែលប៉ះពាល់សិទ្ធិកម្មករ។
ទាក់ទងនឹងការរិះគន់សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពសហព័ន្ធអាមេរិកផ្នែកការងារ និងសភានៃអង្គការក្នុងវិស័យឧស្សាហកម្ម (AEL-CIO) បង្ហាញការព្រួយបារម្ភកាលពីថ្ងៃទី៣០ ខែមីនា ថា មាត្រា ៣ មាត្រា ១៣ មាត្រា ១៤ មាត្រា ១៧ មាត្រា ២៤ មាត្រា ២៤ និងមាត្រា ២៩ និងការកំណត់ដាក់ទោសទណ្ឌក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព រឹតត្បិតដល់សេរីភាពចូលរួម និងបង្កើតសហជីព។
អង្គការមួយនេះលើកឡើងថា ច្បាប់ដែលបានព្រាងឡើង នៅតែមិនទាន់ត្រូវតាមស្តង់ដារនៃច្បាប់អន្តរជាតិ ពិសេសកិច្ចព្រមព្រៀងនៃអង្គការអន្តរជាតិផ្នែកការងារ លេខ ៨៧ (ILO Convention 87)។ អង្គការនេះអះអាងថា ច្បាប់នេះអាចជាមធ្យោបាយមួយល្អសម្រាប់រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន ដើម្បីទាក់ទាញទំនុកចិត្តពីដៃគូពាណិជ្ជកម្មក្នុងការវិនិយោគលើវិស័យឧស្សាហកម្មនៅកម្ពុជា។ ក៏ប៉ុន្តែ ច្បាប់នេះត្រូវធានាពីសិទ្ធិសេរីភាពនៃការចូលរួម និងផលប្រយោជន៍របស់កម្មករ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បញ្ជាក់ថា ក្រុមតំណាងរាស្ត្ររបស់គណបក្សលោកនឹងចូលរួមពិភាក្សាលើការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។ លោកបន្តថា ប្រសិនបើការពិភាក្សាមិនអាចឈានដល់ការកែប្រែចំណុចចម្រូងចម្រាសដែលប៉ះពាល់ដល់សិទ្ធិកម្មករ គណបក្សសង្គ្រោះជាតិ នឹងមិនយល់ព្រមអនុម័តនោះទេ៖ «យើងសម្រេចហើយ ច្បាប់ដែលរដ្ឋសភាប្រុងយកទៅអនុម័តពេលខាងមុខនេះ នឹងធានាបាននូវកិច្ចការពារសិទ្ធិរបស់កម្មករ។ យើងមិនគាំទ្រច្បាប់នេះទេ លុះត្រាណាតែមានការកែលម្អច្បាប់នេះឡើយវិញ»។
ទាក់ទងនឹងសេចក្ដីព្រាងច្បាប់នេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន មានប្រសាសន៍ថា កម្ពុជា នៅពេលបច្ចុប្បន្ន ត្រូវការច្បាប់ស្ដីពីសហជីពមួយដើម្បីដោះស្រាយ និងគ្រប់គ្រងវិស័យឧស្សាហកម្ម។ លោកថា ជំហររបស់គណបក្សកាន់អំណាចក៏ពិចារណាលើការកែប្រែចំណុចដែលភាគីពាក់ព័ន្ធស្នើឡើងដែរ។ តែយ៉ាងណាលោកថា ច្បាប់នេះមិនមែនសម្រាប់បម្រើផលប្រយោជន៍តែភាគីម្ខាងទេ៖ «ចំណុចដែលយើងបាន ពិភាក្សារួចហើយ ជាមួយគណៈកម្មការចំពោះកិច្ចគណបក្សសង្គ្រោះជាតិ គាត់យល់អនុម័តហើយ។ តែបើចំណុចណា គាត់មិនសប្បាយចិត្តគាត់មិនអនុម័តទៅ។ គណបក្សប្រជាជនទទួលខុសត្រូវចំពោះប្រជាជន និងប្រជាធិបតេយ្យ។ គោលជំហររបស់យើង គឺយើងធ្វើ យើងអត់ទុកអ៊ីចឹងទេ»។
វិនិយោគិន ឬថៅកែក្នុងវិស័យកាត់ដេរ នៅពេលថ្មីៗនេះ ស្នើឲ្យរដ្ឋសភាកែមាត្រាមួយចំនួននៅក្នុងសេចក្ដីព្រាងច្បាប់សហជីពចំនួន ៧ចំណុច គឺមាត្រាចែងអំពីការកំណត់ចំនួនសមាជិកក្នុងការបង្កើតសហជីព ការផ្ដល់ប្រភពថវិកាដល់ក្រសួងការងារ ការរក្សាបញ្ជិកា ឬព័ត៌មានស្ដីពីចំណូល ចំណាយ ការលុបបញ្ជិកា និងការផ្ដល់សិទ្ធិដល់ក្រសួងការងារ ដើម្បីព្យួរការចុះបញ្ជិការបស់សហជីព។ នៅថ្ងៃច័ន្ទ ទី៤ ខែមេសា រដ្ឋសភានឹងបើកកិច្ចប្រជុំសភាលើកទី៦ នីតិកាលទី៥ ដែលក្នុងរបៀបវារៈនៃកិច្ចប្រជុំក៏មានពិភាក្សាលើការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
