មេធាវី​លោក មាជ សុវណ្ណារ៉ា ស្វាគមន៍​ការ​ចរចា​ក្រៅ​ប្រព័ន្ធ​តុលាការ

លោក មូរតុន ក្លារ (Morton Sklar) មេធាវី​ការពារ​ក្តី លោក មាជ សុវណ្ណារ៉ា យល់​ឃើញ​ថា បើ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក មាជ សុវណ្ណារ៉ា និង​អ្នក​ទោស​មនសិការ​ដទៃ​ទៀត នោះ​នឹង​អាច​ស្ដារ​ស្ថានការណ៍​នយោបាយ និង​មុខ​មាត់​កម្ពុជា ឡើង​វិញ​បាន​ខ្លះ។

ក្ដី​សង្ឃឹម​របស់​មេធាវី លោក មូរតុន ក្លារ ក្រោយ​ពី​កញ្ញា មាជ សុជាតា កូនស្រី​ច្បង​លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លិខិត​ផ្ញើ​លោក ហ៊ុន សែន តាម​មេធាវី​លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ជា​លើក​ទី​ពីរ។ លោក​អះអាង​ថា លិខិត​នេះ នឹង​អាច​ដាស់​សតិ​លោក ហ៊ុន សែន ឲ្យ​គិត​ឡើង​វិញ​ផ្នែក​មនុស្សធម៌​លើ​ករណី​លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ឈឺ​ធ្ងន់ និង​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត កាល​ពី​ចុង​សប្តាហ៍ កន្លង​ទៅ​នេះ។

លោក មូរតុន ក្លារ បញ្ជាក់​ថា លិខិត​នេះ​អាច​ជា​ការ​ស្ទាបស្ទង់​ភាគី​រដ្ឋាភិបាល និង​លោក ហ៊ុន ម៉ាណែត ប្រសិនបើ​ពួកគេ​ចង់​ចរចា។ លោក​បន្ត​ថា អ្វី​ដែល​ភាគី​លោក​ចង់​បាន​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះលែង​លោក មាជ សុវណ្ណារ៉ា។

មេធាវី​ការពារ​ក្ដី​លោក មាជ សុវណ្ណារ៉ា ស្វាគមន៍​ការ​ចរចា​គ្នា​មួយ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ព័ត៌មាន​លំអិត​នៃ​ការ​ចរចា​នោះ​ឡើយ។

លោក មូរតុន ក្លារ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គួរ​យក​គំរូ​តាម​ប្រទេស​មីយ៉ាន់ម៉ា (ភូមា) ដោយ​បញ្ឈប់​របៀប​ដឹកនាំ​បែប​ផ្តាច់ការ និង​ឈប់​ប្រើ​ចុង​កាណុង​កាំភ្លើង​ដោយ​ប្ដូរ​មក​ជា​ការ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ​វិញ។ លោក​បន្ថែម​ថា បើ​រដ្ឋាភិបាល​មាន​គតិបណ្ឌិត​ពិតមែន គួរ​រិះគិត​ខំ​កែ​ខ្លួន និង​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​បញ្ចេញ​មតិ​រិះគន់​ប្រឆាំង។ ការ​កែ​ខ្លួន​មក​ប្រព្រឹត្ត​ល្អ និង​ត្រឹមត្រូវ មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាក់​មុខ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ដឹកនាំ​ផ្ដាច់ការ​មិន​អាច​ឋិតថេរ​ជា​រៀង​រហូត​បាន​ឡើយ។

លោក ហ៊ុន ម៉ាណែត កាល​ពី​ដើម​សប្តាហ៍​នេះ បាន​ឆើ្ល​យ​តប​មេធាវី​ដើម​បណ្ដឹង​លោក មូរតុន ក្លារ ដោយ​ចោទ​ថា លោក​កំពុង​បំផ្លើស​ការពិត និង​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​យល់​ច្រឡំ​ដែល​ថា តុលាការ​កាត់​ក្ដី​ឲ្យ​លោក​ចាញ់​ក្តី​នោះ។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ថា មេធាវី​របស់​លោក គឺ​លោក ចន ផូសែល (John Purcell) បាន​ធ្វើ​ការ​បកស្រាយ​យ៉ាង​ច្បាស់​ថា ដើម​បណ្ដឹង​មិន​ទាន់​ឈ្នះ​ក្ដី​នៅ​ឡើយ​ទេ ហើយ​ថា ដើម​បណ្ដឹង​មិន​បាន​បង្ហាញ​អង្គហេតុ​ណា​មួយ​ទៅ​តុលាការ​សហរដ្ឋអាមេរិក ដើម្បី​អាច​តម្រូវឱ្យ​លោក ហ៊ុន ម៉ាណែត ត្រូវ​ចូល​ខ្លួន​ទៅ​តុលាការ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បណ្ដឹង​ដែល​បាន​ដាក់​នោះ​ដែរ។

លោក ហ៊ុន ម៉ាណែត បន្ត​ថា រឿងក្តី​នេះ​គឺ​ស្ថិត​ត្រឹម​ដំណាក់កាល​នៃ​ការ​ទាមទារ​ព័ត៌មាន​បន្ថែម ដើម្បី​កំណត់​សមត្ថកិច្ច​តុលាការ​ក្នុង​ការ​ជំនុំជម្រះក្ដី​តែប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។