សមត្ថកិច្ច​បញ្ជូន​និស្សិត​ពេទ្យ​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស

អនុ​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក លោក ប៉ែន ឃុន បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​បញ្ជូន​និស្សិត​ពេទ្យ​ឈ្មោះ គាមពិសិដ្ឋ ណារីតា ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​រួច​ហើយ កាល​ពី​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​៤ ខែ​មីនា តាម​ដីកា​ឃុំ​ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។

លោក ប៉ែន ឃុន៖ «បញ្ជូន​ទៅ​ដល់​ព្រៃ​ស​បាត់​ហើយ ដោយសារ​យប់​មិញ​យើង​ទទួល​ដីកា​ឃុំ​ខ្លួន​ម៉ោង ៥ ជាង​ហើយ យើង​បញ្ជូន​ទៅ​គេ​ផុត​ម៉ោង​រដ្ឋបាល។ បញ្ជូន​ដល់​ម៉ោង ៩​ជាង ខ្ញុំ​បញ្ជូន​ទៅ​ដល់​ព្រៃ​ស​ខ្លួន​ឯង។ គេ​ចោទ​ប្រកាន់​ពី​បទ​បង្ក​អ្នក​ដទៃ​របួស និង​បទល្មើស​បើក​បរ​ឲ្យ​អ្នក​ដទៃ​ស្លាប់​ដោយ​អចេតនា តាម​មាត្រា ៨០ និង ៨២»

ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​លើ​និស្សិត​ពេទ្យ​ដែល​បើក​ឡាន​បុក​រះ​បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​មនុស្ស​ជា​ច្រើន​នាក់​នៅ​មុខ​ក្រសួង​មហាផ្ទៃ ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទល្មើស​បើក​បរ​បង្ក​ឲ្យ​អ្នក​ដទៃ​របួស និង​បទល្មើស​បើកបរ​ឲ្យ​អ្នក​ដទៃ​ស្លាប់​ដោយ​អចេតនា​តាម​មាត្រា ៨០ និង​មាត្រា ៨២ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក។

មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ដំណឹង​ថា តុលាការ​នឹង​បើក​សវនាការ​លើ​ករណី​នេះ​នៅ​ពេល​ណា​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា និស្សិត​ពេទ្យ​នោះ​បាន​ប្រព្រឹត្ត​ដូច​បទ​ចោទ​ប្រកាន់​មែន នាង​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀន ទៅ ៦​លាន​រៀល។

របាយការណ៍​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​និស្សិត​ពេទ្យ​នៅ​មុខ​ក្រសួង​មហាផ្ទៃ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ មីនា នោះ បាន​បណ្ដាល​ឲ្យ​កុមារ​បី​នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ ​ក្នុង​នោះមាន​កុមារី​ពីរ​នាក់​ជា​បង​ប្អូន​បង្កើត​ឈ្មោះ រិន រចនា និង​ឈ្មោះ រិន បុប្ឆា រស់​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន និង​កុមារ​ម្នាក់​ទៀត​ឈ្មោះ ស្រេង ហុង រស់​នៅ​ស្រុក​ខ្សាច់កណ្ដាល ខែត្រ​កណ្ដាល។ រី​ឯ​អ្នក​រង​បួស​ធ្ងន់​ចំនួន ៦​នាក់​ផ្សេង​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។