មន្ត្រី​ការងារ​ខេត្ត​ស្វាយរៀង​អះអាង​ជា​ថ្មី​ថា​កម្មករ​ដែល​ចាប់​ខ្លួន​អាច​នឹង​បាន​​នៅ​ក្រៅ​ឃុំ

0:00 / 0:00

មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង អះអាង​ជា​ថ្មី​ម្ដង​ទៀត​ថា កម្មករ​រោងចក្រ ៤​នាក់ ក្នុង​ចំណោម ១១​នាក់ ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​កូដកម្ម​ហិង្សា​នៅ​ក្រុង​បាវិត កាល​ពី​ចុង​ឆ្នាំ​២០១៥ នោះ អាច​នឹង​ត្រូវ​ដោះលែង​នៅ​​សប្ដាហ៍​ក្រោយ។ ចំណែក​សហជីព​រិះគន់​ថា អាជ្ញាធរ​ហាក់​សន្យា​ខ្យល់​ដែល​បណ្ដាល​ឲ្យ​គ្រួសារ​កម្មករ​ខក​ចិត្ត​អស់​ជំនឿ​ម្ដង​ហើយ​ម្ដង​ទៀត។

​​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ថ្នាក់ដឹកនាំ​ខេត្ត​ស្វាយរៀង សន្យា​ថា នឹង​ដោះលែង​កម្មករ​ឲ្យ​នៅ​ក្រៅ​ឃុំ។

​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង លោក ហាស់ ប៊ុនធី បាន​បញ្ជាក់​យ៉ាង​ណា​ខ្លី​ថា អាជ្ញាធរ​កំពុង​រៀបចំ​នីតិវិធី​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ៖ «ប្រហែល​ជា​គេ​ជិត​ដោះលែង​ហើយ​មើល​ទៅ​នោះ ក៏ប៉ុន្តែ​រៀបចំ​បែបបទ​អី​វា​មិន​ទាន់​រួច គ្រាន់​តែ​យល់​ប៉ុណ្ណឹង​បាន​ហើយ»

​ទន្ទឹម​គ្នា​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា រំពឹង​ថា ថ្នាក់ដឹកនាំ​ខេត្ត​ស្វាយរៀង នឹង​មាន​ភាព​ក្លាហាន​គោរព​ការ​សន្យា​របស់​ខ្លួន ដោយ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត៖ «ខ្ញុំ​រំពឹង​ថា ថ្នាក់​ដឹកនាំ​ខេត្ត​នឹង​ពិចារណា និង​គោរព​ទៅ​តាម​សម្ដី​របស់​ខ្លួន​ដើម្បី​អោយ​ពួកគាត់​មាន​សេរីភាព​ឡើង​វិញ​ ហើយ​អាច​ចូល​ធ្វើ​ការ​បាន?»

​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ កន្លង​មក អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ហ៊ូ វតនៈ ក៏​បាន​ប្រកាស​ព្រមព្រៀង​ម្ដង​ហើយ​ដែរ ថា​នឹង​ជួយ​ដោះលែង​កម្មករ ៤​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​ដើម្បី​ជា​ថ្នូរ​ឲ្យ​មេដឹកនាំ​សហជីព​ដែល​អះអាង​ថា មិន​បាន​ចូលរួម​ក្នុង​កូដកម្ម​នោះ ​ជួយ​លួងលោម​ឲ្យ​កម្មករ​ស្ងប់​ចិត្ត ហើយ​ឱ្យ​ពួកគេ​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ។ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​នោះ ត្រូវ​បាន​គេ​បំភ្លេច​ចោល​រហូត​មក​ទល់​ពេល​នេះ។

​ទាក់ទិន​នឹង​កោះ​ដោះលែង​នេះ​ដែរ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក ទិត្យ សុធីបូរ៉ាឆាត មាន​ប្រសាសន៍​ថា លោក​ទើប​ទទួល​បាន​លិខិត​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ហើយ​តុលាការ​នឹង​បើក​សវនាការ​សម្រេច​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ៖ «យើង​នឹង​ពិនិត្យ​ពិចារណា​នៅ​សប្ដាហ៍​ក្រោយ ប្រហែល​ជា​ថ្ងៃ​ច័ន្ទ ឬ​ថ្ងៃ​អង្គារ អាច​ដឹង​លទ្ធផល»

​ករណី​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​ឲ្យ​បាន​ឡើង​ដល់​ប្រមាណ ១៥០​ដុល្លារ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan) និង​តាយសេង (Taiseng) ក្នុង​ក្រុង​បាវិត កាល​ពី​ខែ​ធ្នូ កន្លង​ទៅ​នោះ បណ្ដាល​ឲ្យ​ផ្ទុះ​ហិង្សា ហើយ​សមាគម​រោងចក្រ​អះអាង​ខូចខាត​ទ្រព្យសម្បត្តិ​រោងចក្រ​អស់​រាប់​លាន​ដុល្លារ។

​វិវាទ​ការងារ​នោះ អាជ្ញាធរ​ខេត្ត​ស្វាយរៀង ចាប់​ខ្លួន​កម្មករ ៤​នាក់ នៅ​ថ្ងៃ​ទី​១៨ និង​ទី​១៩ ធ្នូ ហើយ​អាជ្ញាធរ​បាន​បន្ត​ចាប់​ខ្លួន​កម្មការិនី​ម្នាក់ និង​អ្នក​បើក​ឡាន​ដឹក​កម្មករ​ចំនួន ៦​នាក់​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី​២៣ និង​ថ្ងៃ​២៤ ខែ​ធ្នូ ដោយ​គិត​ជា​សរុប​មាន​ចំនួន ១១​នាក់។ ពួកគេ​ត្រូវ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស។

​ការ​ចាប់​ខ្លួន​នេះ​បណ្ដាល​ឲ្យ​មាន​ការ​រិះគន់​ពី​គ្រួសារ​កម្មករ និង​សហជីព ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​ថា ខ្វះ​ការ​តាមដាន​ស៊ើប​អង្កេត​ច្បាស់លាស់ ដោយ​ពួកគេ​អះអាង​ថា អាជ្ញាធរ​មិន​បាន​ចាប់​ខ្លួន​នៅ​កន្លែង​កើត​ហេតុ​នោះ​ទេ ពោល​គឺ​អ្នក​ខ្លះ​ដែល​ជា​អ្នក​បើកបរ​ឡាន​ដឹក​កម្មករ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​អាជ្ញាធរ​កុហក​ឲ្យ​ទៅ​រៀន​ច្បាប់​ចរាចរណ៍​ថ្មី និង​ខ្លះ​ទៀត​ហៅ​ទៅ​ប្រជុំ។

​លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា ប្រសិនបើ​កម្មករ​នៅ​តែ​មិន​ត្រូវ​បាន​ដោះលែង​តាម​ការ​សន្យា​នោះ​ទេ សហជីព​របស់​លោក​នឹង​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​ដៃគូ​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​អ្នក​បញ្ជា​ទិញ សហជីព​អន្តរជាតិ ដើម្បី​ពិនិត្យ​មើល​ការ​ចាប់​ខ្លួន និង​ស្នើ​ឲ្យ​ដោះលែង​កម្មករ​ទាំង​នោះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។