តុលាការ​នឹង​ប្រកាស​សាល​ដីកា​ករណី​សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង​នៅ​ថ្ងៃ​ទី​២៨​មិថុនា

ដោយ ប្រាជ្ញ ចេវ
2017.06.21
វ៉ែន វ៉ន ២០១៧ ១៤៤០ សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង និង​ជា​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង លោក វ៉ែន វ៉ន ផ្ដល់​បទសម្ភាសន៍​បន្ទាប់​ចេញ​ពី​សវនាការ​នៃ​តុលាការ​កំពូល ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Brach Chev

តុលាការ​កំពូល នឹង​ប្រកាស​សាល​ដីកា​បណ្ដឹង​សាទុក្ខ​ដែល​ប្ដឹង​ប្រឆាំង​ការ​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង របស់​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង និង​ជា​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង លោក វ៉ែន វ៉ន នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ខាង​មុខ។

ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ចប់​សវនាការ សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន វ៉ន ចាត់​ទុក​ថា នេះ​ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​លោក​អាច​ឆ្លើយ​បំភ្លឺ​ទៅ​តុលាការ​កំពូល ទោះ​ជា​ពេលវេលា​ខ្លី​បន្តិច​ក្តី។ លោក វ៉ែន វ៉ន ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក ប៉ុន្តែ​សកម្មជន​បរិស្ថាន​រូប​នេះ​មិន​ទាន់​ហ៊ាន​បង្ហាញ​ក្តី​រំពឹង​ថា តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​នឹង​ផ្តល់​យុត្តិធម៌​ដល់​រូប​លោក​ទេ៖ «សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ខ្ញុំ​តែ​ម្តង គឺ​ខ្ញុំ​អត់​មាន​ទោស​ទេ ព្រោះ​ទង្វើ​របស់​ខ្ញុំ មែន​សម្រាប់​បុគ្គល​របស់​ខ្ញុំ​ឯណា ដើម្បី​សហគមន៍»

តុលាការ​កំពូល បើក​ការ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​សាទុក្ខ​របស់​លោក វ៉ែន វ៉ន ដែល​ប្ដឹង​ប្រឆាំង​ការ​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មិថុនា ត្រឹម​រយៈពេល​ជាង​ប្រាំ​នាទី​ប៉ុណ្ណោះ។ សវនាការ​នេះ ក៏​មាន​ការ​ចូលរួម​ពី​មេធាវី​ការពារ​ក្តី​របស់​លោក​ដែរ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មេធាវី​ការពារ​ក្តី​របស់​លោក វ៉ែន វ៉ន បាន​ទេ​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា។

អ្នក​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត យល់​ថា សវនាការ​រយៈពេល​ខ្លី​ដូច្នេះ​មិន​អាច​ធ្វើ​ឲ្យ​លោក វ៉ែន វ៉ន និង​មេធាវី​របស់​លោក មាន​ពេល​គ្រប់គ្រាន់​ពន្យល់​ពី​អង្គ​សេចក្តី​ទៅ​កាន់​អង្គ​ជំនុំ​ជម្រះ ឲ្យ​យល់​ពី​ដំណើរ​រឿង​នោះ​ឡើយ។ លោក​ស្នើ​ឲ្យ​តុលាការ​កំពូល ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​កោះកុង ព្រោះ​លោក​យល់​ថា លោក វ៉ែន វ៉ន គ្មាន​កំហុស​ទេ៖ «រយៈពេល​ខ្លី​ពេក​ចឹង យើង​គិត​ថា អ្វី​ដែល​ដើម​បណ្ដឹង​សាទុក្ខ​គាត់​ចង់​ប្រាប់​ហ្នឹង នៅ​មាន​ច្រើន​ទៀត»

លោក វ៉ែន វ៉ន ជា​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង និង​ជា​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង រស់នៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ លោក​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ ដោយ​ចោទ​ប្រកាន់​ចំនួន ២​បទ​ចោទ គឺ​ទាក់ទង​ការ​ប្រមូល​អនុផល​ព្រៃឈើ និង​ការ​បំបាត់​វត្ថុ​តាង ប៉ុន្តែ​លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។

លោក វ៉ែន វ៉ន ប្រាប់​ថា ឈើ​ដែល​លោក​បាន​ទិញ​ជា​ឈើ​ធម្មតា មិន​មែន​ឈើ​ប្រណិត​ទេ ហើយ​ការ​ទិញ​នោះ គឺ​ដើម្បី​សង់​រោង​សហគមន៍​ជួប​ប្រជុំ​ការងារ។

ទាក់ទង​ការ​ចោទ​ប្រកាន់​ការ​ប្រមូល​អនុផល​ព្រៃឈើ លោក អ៊ិន គង់ជិត សង្កេត​ឃើញ​ថា នៅ​ខេត្ត​កោះកុង មាន​បទល្មើស​ព្រៃឈើ​ច្រើន​ណាស់ ប៉ុន្តែ​សមត្ថកិច្ច​មិន​បង្ក្រាប បែរ​មក​ចោទ​ប្រកាន់​លោក វ៉ែន វ៉ន ដែល​ជា​អ្នក​ការពារ​ព្រៃឈើ​ទៅ​វិញ។ លោក​ថា ការ​ដែល​ចោទ​ប្រកាន់​មក​លើ​សកម្មជន​បរិស្ថាន​រូប​នេះ គឺ​ព្រោះ​តែ​សកម្មភាព​ការពារ​ព្រៃឈើ និង​ការ​ការពារ​ធនធាន​ធម្មជាតិ​របស់​លោក វ៉ែន វ៉ន និង​ក្រុម​សហគមន៍ បាន​ធ្វើ​ឲ្យ​ក្រុម​អាជ្ញាធរ​ខ្លះ​មិន​ពេញ​ចិត្ត។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ សាលា​ឧទ្ធរណ៍ បាន​បដិសេធ​បណ្ដឹង​ជំទាស់​របស់​លោក វ៉ែន វ៉ន ម្ដង​រួច​មក​ហើយ ដោយ​រក្សា​ការ​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កោះកុង ទុក​ជា​បាន​ការ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។