បច្ចុប្បន្នជនជាប់សង្ស័យក្នុងករណីបាញ់ប្រហារនោះ កំពុងគេចខ្លួនពីការទទួលខុសត្រូវក្នុងការប្រើអំពើហិង្សាប្រដាប់អាវុធនេះ។ ចំណែកគ្រួសារជនរងគ្រោះក៏កំពុងភ័យខ្លាចការគំរាមកំហែងពីជនសង្ស័យនោះដែរ។
ជនរងគ្រោះឈ្មោះ ផាន់ កញ្ញា អាយុជាង ៣០ឆ្នាំ រស់នៅភូមិព្រៃប្រសិដ្ឋ ឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ បានសម្រេចចិត្តដើរចេញពីមន្ទីរពេទ្យរុស្ស៊ី នារាជធានីភ្នំពេញ ទាំងស្ថានភាពជំងឺនៅដុនដាបដើម្បីស្វែងរកយុត្តិធម៌។
កាលពីថ្ងៃទី៦ ខែមករា កន្លងទៅ ឈ្មោះ ផាន់ កញ្ញា ហៅ ញ៉ាញ់ បានទៅគាស់គល់ឈើងាប់ដែលគេកាប់យកដើមបាត់ទៅជាយូរមកហើយ ដើម្បីលក់យកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ របរនោះគេបានប្រើឧបករណ៍ផ្សេងៗ ដោយមានទាំងរណារយន្តផង ជាមួយប្អូន ២នាក់ផ្សេងទៀត។ កន្លែងប្រកបរបនោះស្ថិតនៅជិតជម្រាលជើងភ្នំមួយក្នុងតំបន់អូរបាក់រទេះ ស្រុកកំពង់សីលា។
ជនរងគ្រោះបានរៀបរាប់ថា ពេលគេកំពុងគាស់គល់ក្នុងព្រៃរបោះនោះ បុរសជាជនបរទេសម្នាក់ ដែលអ្នកស្រុកស្គាល់ឈ្មោះថា ភីធើ (Pitter) ហើយទាំងអាជ្ញាធរ និងពលរដ្ឋនិយមហៅថា «មេ» ជាជនជាតិជប៉ុន ចេះនិយាយភាសាខ្មែររស់នៅតំបន់ក្បែរនោះដែរ។
ផាន់ កញ្ញា បន្តថា ក្រោយពីបានឮស្នូររណារយន្តពីចម្ងាយ ភីធើ ក៏បានប្រើអាវុធកាំភ្លើងអាកាបាញ់បណ្តើរ ដើរចូលមករកកន្លែងរូបគេដែលកំពុងគាស់គល់ឈើនោះអស់ជាច្រើនគ្រាប់ ហើយគ្រាប់ចុងក្រោយត្រូវចំភ្លៅក្បែរក្រលៀន៖ «ពេលហ្នឹងខ្ញុំចូលទៅព្រៃ កំពុងគាស់គល់នាងនួន ខ្ញុំឮស្នូរកាំភ្លើងបាញ់ប្រហើរលើក្បាល ២០ជាងគ្រាប់។ នៅពេលស្ងាត់គ្រាប់កាំភ្លើង ខ្ញុំក៏បានចេញមកឃើញ ភីធើ ហ្នឹងខ្ញុំថា មេខ្ញុំទេ មិនបាច់បាញ់ខ្ញុំទេ! ដល់ពេលអ៊ីចឹងគាត់ឲ្យខ្ញុំលើកដៃឡើង គាត់បាញ់ខ្ញុំមួយគ្រាប់ចំប្រឡោះត្រចៀក បន្ទាប់មកទៀតគាត់បាញ់ ២គ្រាប់ចុងក្រោយ មួយគ្រាប់ចំជើង ហើយខុសមួយគ្រាប់»។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែលកំពុងអង្កេតរឿងនេះបានឲ្យដឹង ជនសង្ស័យជាជនបរទេសនោះពិបាកនឹងស្គាល់អត្តសញ្ញាណច្បាស់លាស់ណាស់។
តាមការសិក្សាស្រាវជ្រាវបានដឹងខ្លះៗពីសមត្ថកិច្ចអាជ្ញាធរនោះ បង្ហាញថា ជនសង្ស័យមានឈ្មោះ ភីធើ ហ្សិតលី (Pitter Z ly) ជាជនជាតិអាមេរិកាំង កាត់ជប៉ុន ហើយមានសញ្ជាតិអាមេរិកាំង។ បុរសរូបនោះមានវ័យប្រមាណជាង ៣០ឆ្នាំ ជាប្រធានមណ្ឌលសុខភាពមនុស្សធម៌មួយនៅទីនោះ ឈ្មោះក្រាហ្វី ប៉ុន្តែពេលខ្លះ ភីធើ បានស្លៀកពាក់ឯកសណ្ឋានជាទាហាន ដោយមានប្រើប្រាស់អាវុធវែងផង ខ្លីផង ព្រមទាំងមានសម្ភារៈសឹកមួយចំនួនទៀតជាប់នឹងខ្លួន។
អ្នកស្រីបន្តថា អ្នកស្រុកតំបន់នោះបានឲ្យដឹងគ្រប់គ្នាថា លោក ភីធើ មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «យើងអត់ដឹងថា គាត់ហ្នឹងយ៉ាងម៉េចទេ ប៉ុន្តែអ្នកស្រុកនិយាយថា គាត់ជាទាហាន ហើយជាពួកម៉ាកជាមួយ ហ៊ុន ម៉ាណែត ព្រោះអីធ្លាប់ឃើញយោធា «ង៧០» មកពីរបីឡាន មកហាត់មកអី ហើយធ្លាប់ឃើញ ហ៊ុន ម៉ាណែត ចេញចូលនៅហ្នឹង។ ក្រោយមកទៀត ដល់ពេលមានរឿងអ៊ីចឹង ខាងប្រជាពលរដ្ឋគាត់និយាយថា ឥឡូវគាត់នៅហ្នឹង នៅក្នុងទីបញ្ជាការ «ង៧០» ហ្នឹងគាត់អត់ទាន់មានចេញទៅណាទេ»។
អ្នកស្រីបន្តថា លោក ភីធើ ហ្សិតលី កន្លងមកធ្លាប់ប្រើអាវុធបាញ់បោះគំរាមប្រជាពលរដ្ឋនៅតំបន់នោះជាញឹកញាប់។
ជនរងគ្រោះឈ្មោះ ផាន់ កញ្ញា បានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពជំងឺគាត់មិនទាន់ប្រសើរទេ ប៉ុន្តែដោយគ្រូពេទ្យហាក់អស់សមត្ថភាពក្នុងការព្យាបាលដោយសារគ្រាប់នោះកប់ជ្រៅក្នុងសាច់ ពេទ្យក៏មិនហ៊ានធ្វើការវះកាត់ ព្រោះខ្លាចគ្រោះថ្នាក់ខ្លាំងថែមទៀត ហើយគាត់ក៏មិនមានលុយសម្រាប់សម្រាកព្យាបាលបន្តទៀតដែរ៖ «ឈឺចាប់ណាស់បង! ឈឺម្តងៗ ពេលយើងដើរបានធ្វើទុក្ខដល់កំភួនជើង ជួនណាធ្វើទុក្ខដល់ក្ដៅអន្ទះអន្ទែង ធ្វើឲ្យដង្ហក់ចង់ផុតម្តងៗ»។
បញ្ហាទាំងអស់នេះហើយបានជា ផាន់ កញ្ញា បង្ខំចិត្តដើរចេញពីមន្ទីរពេទ្យ ហើយស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័ននានា ជាពិសេសរដ្ឋាភិបាល ឲ្យជួយរកយុត្តិធម៌ និងមធ្យោបាយព្យាបាលជំងឺរបស់ខ្លួន៖ «ឲ្យរដ្ឋាភិបាលដោះស្រាយរឿងខ្ញុំឲ្យបានតាមផ្លូវច្បាប់ និងសូមឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ឲ្យខ្ញុំ ជួយមើលជំងឺខ្ញុំ ជួយឲ្យអ្នកមានទោសទទួលតាមផ្លូវច្បាប់»។
ព្រះរាជអាជ្ញាតុលាការខេត្តព្រះសីហនុ លោក ប៊ូ ប៊ុនហេង មានប្រសាសន៍ថា សំណុំរឿងនេះពុំទាន់បានមកដល់ដៃតុលាការនៅឡើយ ហើយថា ខាងសមត្ថកិច្ចប៉ូលិសកំពុងធ្វើការស៊ើបអង្កេតរឿងនេះ៖ «អូនសួរទៅខាងប៉ូលិសទៅ ព្រោះប៉ូលិសគេកំពុងចាត់ការ...»។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងអាជ្ញាធរខេត្តព្រះសីហនុ និងលោក ភីធើ ហ្សិតលី ដែលជាជនជាប់ចោទដើម្បីសុំបំភ្លឺរឿងនេះបាននៅឡើយ នៅថ្ងៃអាទិត្យ ទី២៦ មករា។
ចំណែកមន្ត្រីសិទ្ធិមនុស្ស អ្នកស្រី ជៀប សុធារី បានឲ្យដឹងថា អង្គការអាដហុក បានទទួលពាក្យបណ្ដឹង និងសុំឲ្យជួយអន្តរាគមន៍ពីជនរងគ្រោះហើយ និងកំពុងឃ្លាំមើលការងារស៊ើបអង្កេតរបស់សមត្ថកិច្ច និងតុលាការមួយរយៈសិន៖ «ក្នុងករណីហ្នឹងឲ្យតែសុំរឿងហ្នឹងចេះតែពន្យារពេល យូរៗទៅយើងនឹងអន្តរាគមន៍ឡើងទៅទៀត អោយតែដឹងថា បច្ចុប្បន្ននេះភាគីនោះស្នាក់នៅទីបញ្ជាការយោធា «ង៧០» យើងនឹងដាក់លិខិតទៅទីបញ្ជាការហ្នឹង ដើម្បីសុំឲ្យបញ្ជូនជនប្រព្រឹត្តបទល្មើសមកតុលាការ»។
ស្របពេលគ្នានេះដែរ ពលរដ្ឋនៅតំបន់អូរបាក់រទេះនោះ បាននាំគ្នាផ្ដិតមេដៃសុំឲ្យអាជ្ញាធរបណ្ដេញបុរសជនបរទេស ឈ្មោះ ភីធើ នោះចេញពីភូមិពួកគាត់ ឬចេញពីប្រទេសកម្ពុជា និងគាំទ្រឲ្យអាជ្ញាធររកយុត្តិធម៌ដល់ ផាន់ កញ្ញា ហៅ ញ៉ាញ់ នោះឲ្យបានឆាប់ ពីព្រោះជនបរទេសនោះ តែងតែគំរាមកំហែង បង្កការភ័យខ្លាច ប៉ះពាល់ដល់ការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋនៅទីនោះជាញឹកញាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
