គ្រួសារ​ជន​រងគ្រោះ​ដោយសារ​ការ​បង្ក្រាប​បទល្មើស​នេសាទ​គ្រោង​ដាក់​ពាក្យ​ប្ដឹង​រក​យុត្តិធម៌

0:00 / 0:00

គ្រួសារ​ជន​រង​គ្រោះ​គ្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​ទាមទារ​រក​យុត្តិធម៌​លើ​ករណី​មន្ត្រី​ប៉ូលិស​និង​មន្ត្រី​សហគមន៍​នេសាទ​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដែល​បាន​យក​កាំភ្លើង​បាញ់​ឲ្យ​កូន​គាត់​ម្នាក់​អាយុ ១៦​ឆ្នាំ​ របួស​បាក់​ជើង​ទាំង​ពីរ។ ហេតុ​ការណ៍​កើត​មាន​ឡើង​នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ឆក់​ត្រី។ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ទាមទារ​មន្ត្រី​ប៉ូលិស និង​មន្ត្រី​សហគមន៍​នេសាទ​នៅ​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយមានជ័យ​ ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​លើ​ករណី​ប្រើ​អាវុធ​បាញ់​ប្រហារ​ទៅ​អ្នក​ភូមិ​ម្នាក់​ បណ្ដាល​ឲ្យ​របួស​បាក់​ជើង​ទាំង​សង​ខាង​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប។

អំពើ​ហិង្សា​ប្រដាប់​អាវុធ​នេះ​ កើត​មាន​ឡើង​នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​​បទល្មើស​នេសាទ​ឆក់​ត្រី​មួយ​នៅ​ចំណុច​បឹង​ក្រឡកតូច ឋិត​ក្នុង​ភូមិ​សាស្ត្រ ភូមិ​អូរម៉ាល់លិច ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក លោក ស៊ុំ ចន្ទគា ថ្លែង​ថា ការ​ចុះ​ស៊ើប​អង្កេត​រក​ឃើញ​ថា ករណី​នេះ​ជា​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ហើយ​ទាមទារ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់៖ «ប៉ូលិស​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​ហ្នឹង ព្រះរាជអាជ្ញា​សូម​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​ដែល​ប្រព្រឹត្តិ​ហ្នឹង យើង​ឃើញ​ថា ករណី​នេះ ករណី​ជន​ដែល​បញ្ជា​និង​ជន​ជា​អ្នក​បាញ់​មាន​ចារី សហចារី ជន​ផ្សំគំនិត​បាញ់ គឺ​ជា​បទ​ល្មើស​មួយ។ ដូច្នេះ​បទ​ល្មើស​ឆក់​ត្រី និង​បទល្មើស​ការ​បាញ់ សាក្សី​ចង្អុល​បង្ហាញ​នៅ​កន្លែង​កើត​ហេតុ​នៅ​បញ្ជាក់​ថា អត់​មាន​ប្រជាពលរដ្ឋ​ណា​ច្រើន​ទេ គឺ​មាន​តែ​ពីរ​នាក់​ឪពុក​និង​កូន​តែប៉ុណ្ណោះ ដែល​ខាង​សហគមន៍​បី​នាក់ និង​ប៉ូលិស​ម្នាក់​ដែល​មាន​កាំភ្លើង»

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ជុំវិញ​ បញ្ហា​នេះ​បាន​ទេ។ ចំណែក​មន្ត្រី​ប៉ូលិស​និង​មន្ត្រី​សហគមន៍​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ដូច​គ្នា។ ប៉ុន្តែ​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ប្រាសាទ លោក ប៉្រក់ ឡែ បាន​បដិសេធ​ថា នៅ​ពេល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ សមត្ថកិច្ច​ប៉ូលិស​បាន​ប្រគល់​អាវុធ​ឲ្យ​មន្ត្រី​សហគមន៍​ជា​អ្នក​ស្ពាយ។ នៅ​ពេល​នោះ សមត្ថកិច្ច​ប៉ូលិស​ចាប់​បាន​ជន​ប្រព្រឹត្ត​បទល្មើស​ម្នាក់ ស្រាប់​តែ​មាន​ជន​ល្មើស​ម្នាក់​ចូល​ទៅ​ប្រតាយប្រតប់​ដើម្បី​ជួយ​ជន​ម្នាក់​ទៀត​ដែល​ប៉ូលិស​បាន​ចាប់។

លោក ប៉្រក់ ឡែ៖ «ប៉ូលិស​ខ្ញុំ​ម្នាក់​ឯង​វ៉ៃ​ចង់​ស្លាប់​ចង់​រស់​ម្នាក់​ឯង គេ​ពីរ​នាក់។ ស្រែក​រក​ជំនួយ​អោយ​គេ​ជួយ​ ហើយ​ខាង​កងកម្លាំង​សហគមន៍ ក៏​ស្រែក​ឲ្យ​ឈប់ តែ​នៅ​តែ​វ៉ៃ​អ៊ីចឹង​ក៏​បាញ់​គំរាម​មួយ​គ្រាប់​ទៅ»

លោក​មេ​ប៉ុស្តិ៍​បន្ត​​ថា មន្ត្រី​សហគមន៍​បាន​បាញ់​កាំភ្លើង​គ្រាប់​ដើម្បី​គំរាម ​ហើយ​ឈ្មោះ ​អៀង សុខ បាន​រត់​ចូល​ព្រៃ។ ចំណែក​រឿង​ត្រូវ​របួស​នោះ លោក​បដិសេធ​ថា មិន​មែន​ត្រូវ​ដោយ​គ្រាប់​កាំភ្លើង​នោះ​ឡើយ។ លោក​ថា​ករណី​នេះ​កំពុង​ស្រាវជ្រាវ​នៅ​ឡើយ។

ជន​រង​គ្រោះ​ឈ្មោះ ​អៀង​ សុខ ​ហៅ​ អៀង ចក់ ​អាយុ ១៦​ឆ្នាំ​ របួស​ជើង និង​ប្រអប់​ជើង កំពុង​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប។ លោក ​ហាត ​អៀង អាយុ ៥៤​ឆ្នាំ រស់​នៅ​ភូមិ​អូរម៉ាល់ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប បញ្ជាក់​ថា រូប​គាត់​និង​កូន​ឈ្មោះ អៀង សុខ​ អាយុ ១៦​ឆ្នាំ កាល​ពី​ព្រឹក​ថ្ងៃ​១១ ខែ​កុម្ភៈ បាន​នាំ​ទៅ​នេសាទ​ត្រី (ឆក់​ត្រី) នៅ​បឹង​កំពីងបី។ មុន​ពេល​ចុះ​នេសាទ​ រូប​គាត់​បាន​យក​ម៉ូតូ​ទៅ​ទុក​​នៅ​ចំណុច​បឹង​ក្រឡកតូច ឋិត​នៅ​ភូមិ​អូរម៉ាល់លិច ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។

សាក្សី​ក្នុង​ភូមិ​ ឈ្មោះ ​ឥត សម្បត្តិ បញ្ជាក់​ថា ​ឪពុក​និង​កូន លុះ​ឆក់​បាន​ត្រី​នៅ​វេលា​ម៉ោង ២ និង ៣០​នាទី ក៏​នាំ​គ្នា​ត្រឡប់​មក​វិញ។ មក​ដល់​កន្លែង​ដាក់​ម៉ូតូ​ ក៏​ជួប​នឹង​ប៉ូលិស​ម្នាក់​និង​មន្ត្រី​សហគមន៍​ដង្កៀបក្ដាម​បី​នាក់។ នៅ​គ្រា​នោះ ​មាន​ប៉ូលិស​ម្នាក់​បាន​ចូល​ទៅ​ចាប់​កៀក​ក ឈ្មោះ អៀង សុខ អាយុ ១៦​ឆ្នាំ ពី​ក្រោយ៖ «រយៈពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ គាត់​មក​ដល់​បឹង​ក្រឡក​នោះ​ស្រាប់ តែ​ប៉ូលិស​ហ្នឹង​ចាប់​ កូន​គាត់​សង្កត់​ក្នុង​ដី​ទៅ​ឪពុក​ទៅ​ជួយ បន្ទាប់​កូន​ប្រាស​រត់​ទៅ​ផុត​ប្រហែល ១០​ម៉ែត្រ​មាន​ប៉ូលិស​ថា បាញ់។ បាញ់​ត្រូវ​ជើង​ ជើង​ខាង​ស្ដាំ ត្រូវ​ពី​លើ​ធ្លាយ​មក​ចុង​កែង​ជើង​ខាង​ឆ្វេង​បែក​អស់​កូន​ជើង»

របាយការណ៍​របស់​សមាគម​អាដហុក បញ្ជាក់​បន្ថែម​ថា មន្ត្រី​ប៉ូលិស​ឈ្មោះ អ៊ុយ ពេជ្រ ប្រាប់​ឲ្យ​ឈ្មោះ សឺ ម៉ុំ ឲ្យ​ជា​អ្នក​បាញ់។ ឈ្មោះ សឺ ម៉ុំ ជា​មន្ត្រី​សហគមន៍ មាន​កាំភ្លើង​នៅ​នឹង​ដៃ ក៏​បាញ់​ បណ្ដាល​ឲ្យ​ត្រូវ​ជើង​ដួល ហើយ​ជន​រងគ្រោះ​ខំ​ប្រឹង​​ងើប​រត់​គេច​ខ្លួន។ ចំណែក​ឯ​លោក ហាត អៀង ត្រូវ​បាន​គេ​នាំ​គាត់​ដល់​ពាក់​កណ្ដាល​ផ្លូវ​ក៏​ដោះលែង​​វិញ។ សមត្ថកិច្ច​ប៉ូលិស​ និង​មន្ត្រី​សហគមន៍​ក្រោយ​មក​រឹប​អូស​ឧបករណ៍​ឆក់​ត្រី​ចំនួន​ពី​គ្រឿង​ អាគុយ ១ និង​ម៉ូតូ​សេ​១០០ ចាស់ មួយ​គ្រឿង យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​ប្រាសាទ។

ជន​រង​គ្រោះ​​ ឈ្មោះ អៀង សុខ ​បាន​រត់​ទៅ​ជួប​អ្នក​ភូមិ ហើយ​ត្រូវ​គេ​យក​ម៉ូតូ​ឌុប​យក​ទៅ​ផ្ទះ។ ដោយ​មាន​របួស​ហូរ​ឈាម​ខ្លាំង​ពេក​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុក​ក្រឡាញ់។ នៅ​ពេល​នោះ មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់ មិន​អាច​ជួយ​បាន​​ដោយសារ​ត្រូវ​គ្រាប់​កាំ​ភ្លើង​ចំ​ប្រអប់​ជើង​ខាង​ស្ដាំ​ធ្លុះ​ទៅ​ក្រោម​ និង កំភួន​ជើង​ឆ្វេង​មាន​របួស​រហែក​ចេញ​ដល់​ឆ្អឹង​ធ្ងន់ធ្ងរ​ពេក​ ក៏​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។

បង​ថ្លៃ​ជន​រង​គ្រោះ​ឈ្មោះ ផៃ ជា អាយុ ២៥​ឆ្នាំ​ថ្លែង​ថា ប្អូន​ប្រុស​គាត់​រង​របួស​ធ្ងន់​កំពុង​ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ៖ «ត្រូវ​សង​ខាង​ប្រអប់​ជើង​ទាំង​សង​ខាង ជើង​ខាង​ស្តាំ​ធ្លុះ ជើង​ខាង​ឆ្វេង​រយះ​ពី​ជង្គង់​មក​មុខ​ដល់​កំភួន​ជើង​ត្រូវ​គ្រាប់​ទាំង​ពីរ ពេល​មក​វិញ​គេ​ទាញ​ទម្លាក់​ពី​លើ​ម៉ូតូ​ច្របាច់​ក​ទាំង​ឪ​និង​កូន។ កូន​រើ​រួច​រត់​ទៅ​គេ​បាញ់ ឪពុក​គេ​អត់​បាញ់​ទេ គាត់​ចាស់ អត់​មាន​កម្លាំង​ដល់​ក្មេង វា​ភ័យ វា​រើ​រត់»

លោក ស៊ុំ ចន្ទគា ដែល​បាន​ជួប​សួរ​នាំ​មន្ត្រី​ប៉ូលិស​ថ្លែង​ថា មន្ត្រី​ប៉ូលិស​ឈ្មោះ អ៊ុយ​ ពេជ្រ ​បាន​បដិសេធ​ថា ​ខ្លួន​គ្រាន់តែ​ប្រតាយ​ប្រតប់​ជា​មួយ​​ជន​រង​គ្រោះ​ ប៉ុន្តែ​អ្នក​បាញ់​គឺ​មន្ត្រី​សហគមន៍​ជា​បាញ់។ ការ​បាញ់​នោះ គឺ​​បាញ់​ដោយ​កាំភ្លើង​អាកាបត់​​មួយ​គ្រាប់​ផ្ចុច​ទៅ​លើ​ដី​ដើម្បី​ការពារ​ខ្លួន​ ប៉ុន្តែ​ក្រុម​អ្នក​ភូមិ​ដែល​ឮ​សូរ​កាំភ្លើង​និយាយ​ថា មាន​ការ​​បាញ់​ចំនួន​បី​ក្រាប់៖ «ប៉ូលិស​ទៅ​ចាប់​នោះ​អត់​បាន​ប្រើ​កាំភ្លើង​ទេ ឲ្យ​សហគមន៍​ប្រើ។ បញ្ហា​ហ្នឹង​មិន​ត្រូវ​បញ្ជា​ឲ្យ​គេ​បាញ់​ទៅ​លើ​ជន​រងគ្រោះ​ទេ ព្រោះ​ថា បើ​សិន​កិច្ច​ការពារ​ស្រប​ច្បាប់​ណា​មួយ​លុះ​ត្រា​តែ​ករណី​នោះ​មិន​អាច​វិគ្រោះ​រាល់​បទល្មើស​បាន​ដែល​ធ្វើ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ខ្លួន​ ប៉ុន្តែ​យើង​មើល​ស្ថានភាព​ជន​រង​គ្រោះ ជន​រងគ្រោះ​មាន​អាយុ ១៦​ឆ្នាំ មាន​មាឌ​តូច​ស្គម គឺ​កើត​ជំងឺ​បេះដូង ហើយ​ចាស់​ទៀត​មិន​អាច​តទល់​ជាមួយ​ប៉ូលិស ប៉ូលិស​ម្នាក់​ក៏​អាច​ធ្វើ​បាន​ដែរ»

ក្រុម​អ្នក​ភូមិ​បញ្ជាក់​ថា ​ជា​ធម្មតា​មុន​ពេល​​ពួកគាត់​នាំ​គ្នា​ចុះ​ទៅ​នេសាទ​ត្រី​ ត្រូវ​តែ​​បង់​លុយ​ឲ្យ​ប៉ូលិស​ពី ១០​ម៉ឺន ទៅ ៣០​ម៉ឺន​រៀល ទើប​អាច​ឆក់​ត្រី​បាន។ ប៉ុន្តែ​សម្រាប់​លោក ហាត អៀង នៅ​ថ្ងៃ​នោះ​ពុំ​បាន​បង់​លុយ​ទេ ដោយសារ​គាត់​គិត​ថា ​ជា​អ្នក​ភូមិ​ឆ្ងាយ។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​អះអាង​ថា ពួកគេ​កំពុង​រៀបចំ​ពាក្យ​បណ្ដឹង​លើ​ករណី​បាញ់​ប្រហារ​កូន​ប្រុស​របស់​គាត់​នេះ​ដាក់​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ទាមទារ​រក​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។