សមាជិកគ្រួសាររបស់ជនរងគ្រោះដែលត្រូវបាននគរបាលស្រុកស្អាង ខេត្តកណ្ដាល ព្រួតគ្នាវាយរហូតបណ្ដាលឲ្យស្លាប់ កាលពីខែតុលា នោះ សម្រេចចិត្តបញ្ចប់រឿងក្ដីប្ដឹងផ្ដល់ ដោយការទទួលយកប្រាក់សំណងពីគ្រួសារជនដៃដល់។ រីឯជនដៃដល់ មិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកមកទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌនៅឡើយទេ។
ភរិយារបស់សពជនរងគ្រោះដែលនគរបាលស្រុកស្អាង វាយស្លាប់កាលពីខែតុលា គឺលោកស្រី ឃួន ស្រីមុំ បញ្ជាក់នៅថ្ងៃទី១៤ ធ្នូ ថា លោកស្រីព្រមទទួលយកទឹកប្រាក់ ២ម៉ឺនដុល្លារសហរដ្ឋអាមេរិកជាសំណងនោះហើយ៖ « នៅឡើងតុលាការម្ដងទៀត » ។
លោកស្រី ឃួន ស្រីមុំ បន្តទៀតថា ចំនួនទឹកប្រាក់នេះមិនគ្រប់តាមការទាមទារដំបូងចំនួន ៦ម៉ឺន ៥ពាន់ដុល្លារទេ ប៉ុន្តែដោយសារតែលោកស្រីមិនចង់បន្តរឿងក្ដីនេះវែងឆ្ងាយតទៅទៀត។
នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ហៅកាត់ថា ស៊ី.ឌី.ស៊ី (CDC) គឺលោកមេធាវី ហុង គឹមសួន ពន្យល់អំពីផ្លូវច្បាប់ថា ករណីស្លាប់ដូចនេះ មិនអាចបញ្ចប់ដោយសំណងបានទេ៖ « ពីព្រោះថាសំណងរដ្ឋប្បវេណី ទោះបីនៅក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ កាលណាដំណើរការព្រហ្មទណ្ឌដើរទៅហើយ គឺជនរងគ្រោះ ឬដើមបណ្ដឹងរដ្ឋប្បវេណីមានសិទ្ធិតាមទាមទារសំណងរដ្ឋប្បវេណីតាមដូចជា ការព្យាបាល ជាការធ្វើបុណ្យ ឬក៏ជាចំណាយផ្សេងៗទៅលើសពដែលបានស្លាប់ទៅ មិនមែនជាការសងថ្លៃជីវិតទេ។ នេះ គឺជាសំណងរដ្ឋប្បវេណីរាប់ទាំងសំណងជំងឺចិត្តផងដែរ។ អ៊ីចឹងបានន័យថា ទោះបីថាបញ្ចប់រឿងដោយទទួលយកលុយយ៉ាងណាក៏ដោយ ប៉ុន្តែរឿងព្រហ្មទណ្ឌអត់បញ្ចប់ទេ។ អានេះបញ្ចប់បានតែរឿងស៊ីវិលទេ គឺរឿងសំណងរដ្ឋប្បវេណី។ ដំណើរការរឿងព្រហ្មទណ្ឌអំពើឃាតកម្មសម្លាប់គេហ្នឹង គឺព្រះរាជអាជ្ញាដែលជាដើមបណ្ដឹង នៅតែបន្តការចោទប្រកាន់បញ្ជូនទៅតុលាការធ្វើការស៊ើបអង្កេត និងជំនុំជម្រះរកការពិត ឬរកខុសត្រូវឲ្យជនរងគ្រោះដែលបានស្លាប់នោះ » ។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល លោក សំរឹទ្ធ វាសនា មានប្រសាសន៍ថា ទោះជាមានការសងសំណងនេះក៏ដោយ ក៏ខាងលោកនៅតែបន្តដំណើរការនីតិវិធីរបស់តុលាការដដែល៖ « ខ្ញុំនៅតែបន្តនីតិវិធីរបស់ខ្ញុំតទៅទៀត។ ចង់រឿងថា ការពិតវាយ៉ាងម៉េច? ព្រោះស្អែក ឬខានស្អែកហ្នឹង គេចូលមកបំភ្លឺហើយខាងដើមបណ្ដឹង។ យើងអង្កេតមើលថា តើរឿងហេតុការពិតហ្នឹងវាយ៉ាងម៉េច ? បើមានបទល្មើស អាហ្នឹងបើមានបទល្មើស យើងសម្រេចតាមមានបទល្មើស បើអត់បទល្មើស យើងសម្រេចតាមអត់បទល្មើស » ។
ជនរងគ្រោះឈ្មោះ ចំរើន សីហា អាយុ ២៦ឆ្នាំ រស់នៅភូមិតានង់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យក្នុងក្រុងតាខ្មៅ បន្ទាប់ពីនគរបាលស្រុកស្អាង ខេត្តកណ្ដាល ៣នាក់ ព្រួតគ្នាវាយកាលពីល្ងាចថ្ងៃទី២១ ខែតុលា។ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ទិត្យ លាភ អាយុ ២២ឆ្នាំ ត្រូវជាប្អូនថ្លៃអ្នកស្លាប់បានរបួសធ្ងន់។ បញ្ហានេះ កើតចេញពីជម្លោះជិះម៉ូតូជែងគ្នា ហើយមន្ត្រីនគរបាលចោទបុរសទាំងពីរនាក់នោះថាជាចោរប្លន់។
នគរបាលដែលជាប់ចោទក្នុងករណីសម្លាប់នេះ មានឈ្មោះ ឆៃ ស៊ីណា ជានាយការិយាល័យនគរបាលអន្តោប្រវេសន៍ស្រុក ឈ្មោះ ភក្ដី វិទូ ជាអធិការរងនគរបាលស្រុក និង ឃាង សុថេង ជានាយរងនគរបាលបច្ចេកទេសស្រុក។
ទាក់ទងបញ្ហានេះ ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន ថ្លែងបញ្ជាក់បន្ថែមថា ខាងលោកនៅតែតាមរកចាប់នគរបាលទាំងនោះ ដោយអនុវត្តតាមដីកាសម្រេចរបស់ព្រះរាជអាជ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
