មន្ត្រីអង្គការសិទ្ធិមនុស្ស និងគ្រួសារជនរងគ្រោះក្នុងសំណុំរឿងមនុស្សឃាតដោយអចេតនា នៅថ្ងៃទី៣ ខែកក្កដា រិះគន់ចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ ថាបានជម្រះរឿងក្ដីដោយអយុត្តិធម៌។
ពួកគេស្នើឲ្យឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលឡើងវិញអំពីភាពមិនប្រក្រតីរបស់ចៅក្រម ក្នុងការជំនុំជម្រះរឿងក្ដីនេះ ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះដែលបានស្លាប់ និងកុំឲ្យមាននិទ្ទណ្ឌភាព ឬភាពរួចទោសនៅកម្ពុជា បន្តទៀត។
ក្រុមគ្រួសារ និងភរិយាជនរងគ្រោះឈ្មោះ សាន្ដ ផាន់ណា ដែលត្រូវគ្រាប់កាំភ្លើងស្លាប់ កាលពីដើមខែមិថុនា ឆ្នាំ២០១៣ កំពុងស្វែងរកការប្រឹក្សាផ្លូវច្បាប់ជាមួយមន្ត្រីសិទ្ធិមនុស្ស និងដាក់ពាក្យប្ដឹងទាស់សាលក្រមសម្រេចលើរឿងក្ដីនេះទៅសាលាឧទ្ធរណ៍។
ការប្ដឹងបន្តនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចដោះលែងជនសង្ស័យ និងច្រានចោលកោសល្យវិច័យរបស់សមត្ថកិច្ចដែលរកឃើញថា ករណីស្លាប់របស់ប្ដីអ្នកស្រី គឺមិនមែនជាការរាលកៃកាំភ្លើងផ្ទុះត្រូវខ្លួនឯងស្លាប់នោះទេ។
កំណត់ហេតុរបស់ទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ១៤១ ដែលវិទ្យុអាស៊ីសេរី ទទួលបានបង្ហាញថា នៅម៉ោងប្រហែល ៥ និង ១៥នាទី ល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ ជនរងគ្រោះឈ្មោះ សាន្ដ ផាន់ណា មានឋានៈជាអនុសេនីយ៍ទោប្រចាំការនៅកងពលតូចអន្តរាគមន៍លេខ១៤ បានជិះម៉ូតូម៉ាក ស្មាស រ៉េវវ៉ូ (Revo) ទៅបបួលជនសង្ស័យឈ្មោះ វ៉ាយ វៃ នៅវរលេខ១៤១ ដែលមានចម្ងាយពីគ្នាប្រហែល ២គីឡូម៉ែត្រ ក្នុងគោលបំណងបបួលទៅផឹកស៊ីជាមួយគ្នា ប៉ុន្តែត្រូវជនសង្ស័យបដិសេធ ដោយប្រាប់ថាពុំមានអ្នកយាមកន្លែង។ ភ្លាមនោះ ជនរងគ្រោះក៏ដើរទៅយកកាំភ្លើងខ្លីពីក្នុងកែបម៉ូតូ រួចក៏អាម៉េបញ្ចូលគ្រាប់ ដើរមកសួរជនសង្ស័យម្ដងទៀតថា អ្ហែងទៅផឹក ឬអត់? ជនសង្ស័យក៏នៅស្ងៀមអត់មាត់ ប៉ុន្តែជនរងគ្រោះបានគ្រវីកាំភ្លើងខ្លីដែលបញ្ចូលគ្រាប់រួចជាស្រេចនោះចុះឡើង ទើបបណ្ដាលឲ្យផ្ទុះត្រូវខ្លួនឯងស្លាប់តែម្ដង។
ភរិយាជនរងគ្រោះ អ្នកស្រី ធី ចិន្ដា មានប្រសាសន៍ថា សព្វថ្ងៃអ្នកស្រីមានការលំបាកខ្លាំងក្នុងការចិញ្ចឹមកូនប្រុសចំនួន ៤នាក់ ម្យ៉ាងព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីប្ដីស្លាប់ទៅ។ អ្នកស្រីយល់ថា តុលាការបានកាត់ក្ដីយ៉ាងអយុត្តិធម៌បំផុតសម្រាប់គ្រួសារអ្នកស្រី ដោយសំអាងថា ខាងជនរងគ្រោះពុំមានសាក្សី ប៉ុន្តែយោងតាមកោសល្យវិច័យរបស់នគរបាលយុត្តិធម៌ គឺអាចដាក់បន្ទុកទៅលើជនសង្ស័យបាន៖ «សួរខ្ញុំវាពិបាកថាដែរ ខ្ញុំមិនដឹងជានិយាយថាយ៉ាងម៉េច គ្រាន់តែដឹងថា វ៉ាយ វៃ នៅកៀកប្ដីខ្ញុំបំផុត ខ្ញុំចង់ឲ្យទទួលខុសត្រូវ ពាក្យថាប្ដីខ្ញុំរាលកៃ តើវាចេញមកពីខាងណាវិញ គ្រាប់កាំភ្លើងហ្នឹង ហើយវាគ្រាប់ឡងហ្នឹងវាបាញ់ទៅខាងបានឡងមកប្ដីខ្ញុំឲ្យស្លាប់នេះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ញាណ សុវណ្ណ ដែលជាចៅក្រមជំនុំជម្រះក្នុងសំណុំរឿងនេះ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៣ ខែកក្កដា។
យ៉ាងណា ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ លោក ថោង អុល ថ្លែងបញ្ជាក់ថា គ្រប់សំណុំរឿងនៅក្នុងដៃចៅក្រមណា គឺចៅក្រមនោះជាអ្នកទទួលខុសត្រូវ។ ប៉ុន្តែលោករំលឹកថា ករណីទូទៅ កោសល្យវិច័យ គឺគ្រាន់តែជារឿងមួយ ប៉ុន្តែវាមិនអាចចងចិត្តចៅក្រម ឬតម្រូវឲ្យចៅក្រមត្រូវតែសម្រេចសេចក្ដីទៅតាមកោសល្យវិច័យនោះបានទេ៖ «ខ្ញុំអត់ដឹងរឿងទេ គ្រាន់តែឮថាខ្លះ ដំបូងថាឃុំពីបទសក្ខីកម្មក្លែងក្លាយ ក្រោយមកមនុស្សឃាតដោយអចេតនាអីណា គ្រាន់តែថាខ្ញុំឃើញគេកាត់ឃើញខាងអង្គភាពកងពលហ្នឹង គេមកច្រើនណាស់គេថារាលកៃ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា ថ្លែងថា ភាពខុសឆ្គងរបស់ចៅក្រមក្នុងសំណុំរឿងនេះ គឺចៅក្រមមិនបានស៊ើបអង្កេតបន្ថែមឲ្យស៊ីជម្រៅ និងច្រានចោលរាល់កោសល្យវិច័យរបស់នគរបាលយុត្តិធម៌ និងការរកឃើញរបស់តំណាងអយ្យការ៖ «រឿងនេះ គឺយើងសំណូមពរទៅឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យមើលសំណុំរឿងនេះឡើងវិញ ពីព្រោះអីរឿងនេះ គឺមិនផ្ដល់ភាពយុត្តិធម៌ដល់ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌ ហើយនិងជនរងគ្រោះ»។
លោកបញ្ជាក់ថា ដំណើរការនៃនីតិវិធីក្នុងសំណុំរឿងនេះ លោកសង្កេតឃើញថា មានភាពរលូនច្រើន ប៉ុន្តែការជំនុំជម្រះរបស់ចៅក្រម មិនបានផ្ដល់ភាពយុត្តិធម៌ជូនជនរងគ្រោះឡើយ។ ចំពោះការច្រានចោលរាល់កោសល្យវិច័យដែលរកឃើញដោយមន្ត្រីនគរបាលយុត្តិធម៌ គឺជារឿងមួយដែលមិនផ្ដល់គុណតម្លៃដល់មន្ត្រីនគរបាលយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
