ប្រជាពលរដ្ឋប្រមាណ ១០០នាក់មកពីច្រើនភូមិក្នុងសង្កាត់អំពិល ក្រុងសៀមរាប បានលើកគ្នាទៅឈរកាន់បដា និងស្រែកទាមទារឲ្យតុលាការដោះលែងចៅសង្កាត់ ដែលជាសកម្មជននៃគណបក្សសម រង្ស៊ី ជាថ្មីទៀត កាលពីព្រឹកថ្ងៃច័ន្ទ ទី៤ ខែមករា។
ក្រុមអ្នកភូមិដែលមានទាំងយុវជន និងស្ត្រីវ័យចំណាស់ផង បាននាំគ្នាឈរនៅកណ្ដាលថ្ងៃក្តៅ ហើយស្រែកថា លោក ហ៊ាង សារី ដែលជាចៅសង្កាត់អំពិល មិនមានកំហុសអ្វីទេ៖ «សូមតុលាការជួយដោះលែងចៅសង្កាត់អំពិល មកវិញមក! គាត់គ្មានកំហុសអ្វីឡើយ គឺគាត់បម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់»។
ក្រុមអ្នកភូមិដែលលើកគ្នាមកស្រែកនៅមុខតុលាការខេត្តសៀមរាប ទាំងនោះ ក៏បានយកស្នាមមេដៃរបស់ប្រជាពលរដ្ឋចំនួនជាង ១.៥០០នាក់ផ្សេងទៀត ដែលគាំទ្រចៅសង្កាត់អំពិល មកបង្ហាញតុលាការជាសំអាងហេតុ ដើម្បីឲ្យដោះលែងដែរ។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ប្រជាពលរដ្ឋមកពី ៩ភូមិ ធ្លាប់លើកគ្នាទៅទាមទារឲ្យតុលាការខេត្តសៀមរាប ដោះលែងលោកចៅសង្កាត់អំពិល ម្ដងមកហើយ។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ បុរសឈ្មោះ ហ៊ាង សារី អាយុជាង ៦០ឆ្នាំ គឺជាចៅសង្កាត់អំពិល ក្រុងសៀមរាប មកពីគណបក្ស សម រង្ស៊ី ត្រូវបានតុលាការចាប់ខ្លួនបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ដោយសារតែការចុះហត្ថលេខាលើឯកសារដីធ្លីខ្លះ ធ្វើឲ្យអាជ្ញាធរអប្សរាដែលគ្រប់គ្រងតំបន់ភាគច្រើនទីនោះ បានប្ដឹងចោទប្រកាន់ពីបទចេញ និងក្លែងឯកសារខុសពីដែនសមត្ថកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
