ប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ជាង ៧០នាក់ រួមទាំងប្រធានភូមិ បានមកប្រមូលផ្តុំគ្នានៅមុខតុលាការខេត្តរតនគិរី ទាមទារឲ្យដោះលែងប្រជាពលរដ្ឋម្នាក់ដែលអ្នកភូមិអះអាងថា ចៅក្រមតុលាការចាប់ឃុំខ្លួនដោយអយុត្តិធម៌។
បដាសរសេរនៅលើផ្ទាំងក្រដាសពណ៌សជាច្រើនផ្ទាំង មានន័យថា ឈ្មោះ សៃ រ៉េត គ្មានកំហុស និងសុំឲ្យដោះលែង សៃ រ៉េត វិញ ត្រូវបានអ្នកភូមិលើកបង្ហាញនៅមុខស្ថាប័នតុលាការខេត្តរតនគិរី នៅរសៀលថ្ងៃទី២១ ខែកក្កដា។
ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីអ្នកភូមិឈ្មោះ សៃ រ៉េត ត្រូវតុលាការចាប់ឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃទី២០ ខែកក្កដា បន្ទាប់ពីសមត្ថកិច្ចប៉ូលិសបានកោះហៅជនជាប់ចោទមកប៉ុស្តិ៍ប៉ូលិស បន្ទាប់មកក៏បញ្ជូនជនជាប់ចោទទៅស្ថាប័នតុលាការ។
អ្នកភូមិឈ្មោះ ជីម អឿន ចាត់ទុកការចាប់ខ្លួនជនជាប់ចោទ ថាជាអំពើអយុត្តិធម៌ ពីព្រោះជនជាប់ចោទ មិនបានបង្ករបួសស្នាមដូចការចោទប្រកាន់នោះឡើយ។ លោកថា អ្នកភូមិរាប់សិបនាក់ យល់ព្រមធ្វើសាក្សីបំភ្លឺជូនតុលាការ ជុំវិញអង្គហេតុចោទប្រកាន់ឈ្មោះ សៃ រ៉េត នេះ៖ «ខ្ញុំឃើញ សៃ រ៉េត ឈរជិតអត់មានវាយទេ មួយរយជាងម៉ែត្រ»។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុក (adhoc) កាលពីឆ្នាំ២០១២ ប្រជាពលរដ្ឋរស់នៅភូមិថ្មី បានផ្ទុះចេញអំពើហិង្សាវាយតប់គ្នាក្នុងពិធីរៀបការមួយ។ ក្នុងហេតុការណ៍នោះ អ្នកភូមិជាម្ចាស់ពិធីឈ្មោះ លែង គក រងរបួសធ្ងន់។
ទាក់ទិនរឿងក្តីនេះ ចៅក្រមស៊ើបសួរ លោក អេង ចំណាប់ មានប្រសាសន៍បញ្ជាក់ថា មន្ត្រីអយ្យការបានចោទប្រកាន់អ្នកភូមិ ៥នាក់ពីបទប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស ហើយបានបញ្ជូនសំណុំរឿងមកលោក ដើម្បីស៊ើបសួរ។លោកថា បានបញ្ចប់ការស៊ើបសួរជនជាប់ចោទទាំង ៥នាក់កាលពីខែឧសភា ឆ្នាំ២០១២ និងបានចេញដីកានាំខ្លួនជនជាប់ចោទកាលពីឆ្នាំ២០១៣ ប៉ុន្តែរហូតមកទល់នឹងថ្ងៃទី២០ ខែកក្កដា ទើបប៉ូលិសនាំខ្លួនឈ្មោះ សៃ រ៉េត នេះបាន ខណៈសំណុំរឿងត្រូវបានដាក់ឲ្យចៅក្រមបើកសវនាការសម្រេចរឿងក្តីនេះ៖ «ខ្ញុំបានបិទរឿងនេះបញ្ជូនទៅជម្រះយូរហើយហ្នឹង។ ចេញដីកានាំខ្លួនពីរបីនាក់ ប៉ុន្តែប៉ូលិសទើបឃើញគាត់មើលទៅ ហើយរឿងនេះបានបញ្ជូនទៅជម្រះហើយ ប៉ុន្តែគាត់អត់ទាន់បានជម្រះ គាត់សម្រេចមុនអង្គសេចក្តីគេនាំមកអ៊ីចឹងណា»។
ទាក់ទងរឿងក្តីនេះដែរ ប្រធានភូមិថ្មី លោក ណា ប៊ុនវ៉ៃ រៀបរាប់ថា ឈ្មោះ សៃ រ៉េត បានចូលខ្លួនទៅបំភ្លឺនៅតុលាការដោយគ្មានការគេចវេសតាំងពីឆ្នាំ២០១២ រហូតមក។ ចំណែកអាជ្ញាធរភូមិ ក៏មិនបានដឹងពីដីកានាំខ្លួនឈ្មោះ សៃ រ៉េត នេះដែរ។ លោកសង្ស័យទៅលើភាពមិនប្រក្រតីនៃការចាប់ខ្លួនឈ្មោះ សៃ រ៉េត ដែលអាចបង្កើតឲ្យមានអំពើអយុត្តិធម៌ចំពោះពលរដ្ឋក្នុងមូលដ្ឋាន៖ «ខ្ញុំជាអាជ្ញាធរស្វែងរកអ្នកដែលស្មោះត្រង់យុត្តិធម៌។ ឥឡូវខ្ញុំខំបំពេញការងារបម្រើជាតិ ស្វែងរកយុត្តិធម៌។ មកនេះ គឺដើម្បីស្វែងរកយុត្តិធម៌ឲ្យ សៃ រ៉េត ដែលគេចោទប្រកាន់គ្មានការជាក់លាក់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងចៅក្រមជម្រះក្តី អ្នកស្រី ជ័យ មាលា សុំបញ្ជាក់ករណីនេះបានទេនៅថ្ងៃទី២១ ខែកក្កដា។
ចំណែកមន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី បញ្ជាក់ថា ចៅក្រមជំនុំជម្រះអះអាងថា ពីរសប្ដាហ៍ទៀតនឹងបើកសវនាការរឿងក្តីនេះហើយ ហេតុនេះតុលាការស្នើឲ្យអ្នកភូមិដែលស្ម័គ្រចិត្តធ្វើជាសាក្សីការពារជនជាប់ចោទ ត្រូវបំពេញលិខិតស្នើសុំធ្វើសាក្សី និងត្រៀមឯកសារភស្តុតាងបង្ហាញអង្គសវនាការ៖ «ចៅក្រមគាត់បានបញ្ជាក់ថា ការដែលចាប់ឃុំខ្លួននេះ គឺធ្វើតាមដីកាចាស់របស់ចៅក្រមស៊ើបសួរ ហើយប៉ូលិសមិនបានអនុវត្ត។ ពេលនេះគាត់សម្រេចឃុំខ្លួនតាមដីកាចាស់ ដើម្បីរង់ចាំជំនុំជម្រះពីរសប្ដាហ៍ក្រោយនេះ»។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នាក្រោមភ្លៀងរលឹម និងធ្វើការតវ៉ាដោយស្ងៀមស្ងាត់ បង្ហាញឆន្ទៈមិនគាំទ្រការចាប់ខ្លួនអ្នកភូមិម្នាក់ ដែលតុលាការចោទប្រកាន់ក្នុងបទប្រើអំពើហិង្សាបង្ករបួសស្នាមនោះទេ។ អ្នកភូមិបានសម្រេចចិត្តវិលត្រឡប់ទៅលំនៅឋានវិញ បន្ទាប់ពីមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ណែនាំឲ្យអ្នកភូមិត្រៀមខ្លួនធ្វើជាសាក្សី បង្ហាញអង្គហេតុការពារជនជាប់ចោទនៅថ្ងៃសវនាការខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
