ក្រុមប្រជាពលរដ្ឋច្រើននាក់មកពីសហគមន៍មួយចំនួនក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង បានបន្តប្រមូលផ្តុំគ្នាលើកបដាតវ៉ានៅពីមុខបរិវេណសាលាដំបូងខេត្តកោះកុង ចូលមកដល់ថ្ងៃទី៣ ហើយ ដើម្បីទាមទារឲ្យដោះលែងសមាជិកអង្គការចលនាមាតាធម្មជាតិចំនួន ៣នាក់ ដែលត្រូវតុលាការខេត្តនេះចាប់ដាក់ពន្ធនាគារ។
ទន្ទឹមគ្នានេះ អាជ្ញាធរក្រុងខេមរភូមិន្ទ ក៏បានចេញបម្រាមមិនឲ្យប្រជាពលរដ្ឋប្រមូលផ្តុំគ្នានៅតាមចិញ្ចើមផ្លូវសាធារណៈទល់មុខបរិវេណតុលាការខេត្តកោះកុង និងបានដាក់របាំងមិនឲ្យមនុស្សដើរឆ្លងកាត់ទេ។ ប៉ុន្តែក្រុមប្រជាពលរដ្ឋមិនអនុវត្តតាមទៅតាមបម្រាមរបស់អាជ្ញាធរនោះឡើយ។
មន្ត្រីសម្រួលអង្គការលីកាដូ ខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា រហូតមកដល់ល្ងាចថ្ងៃសុក្រ ទី២១ ខែសីហា ប្រជាពលរដ្ឋប្រមាណ ៥០នាក់ មិនទាន់រំសាយការតវ៉ាទាមទារឲ្យតុលាការដោះលែងសមាជិកអង្គការចលនាមាតាធម្មជាតិទាំង ៣នាក់នោះទេ ទោះបីអាជ្ញាធរក្រុងខេមរភូមិន្ទ បានដាក់បម្រាម និងគំរាមឲ្យចាកចេញពីមុខតុលាការខេត្តនេះបែបណាក្តី។
លោកបន្តថា ក្រោយអាជ្ញាធរក្រុងខេមរភូមិន្ទ បានធ្វើទុក្ខបុកម្នេញ និងដាក់របាំង មិនឲ្យប្រជាពលរដ្ឋដើរឆ្លងកាត់ពីមុខតុលាការ ពួកគាត់ក៏បានថយមកសម្រាកក្នុងរោងវេទិកាបាល់ទាត់នៅក្បែរបរិវេណរបស់តុលាការខេត្តកោះកុង ប៉ុន្តែនៅបន្តការប្រមូលផ្តុំលើកបដាតវ៉ានៅមុខសាលាខេត្តដដែល។
លោក អ៊ិន គង់ជិត បញ្ជាក់ថា ក្រុមប្រជាពលរដ្ឋនឹងបន្តស្នាក់នៅក្នុងវេទិកាបាល់ទាត់នៅមុខតុលាការខេត្តកោះកុង ជាបន្តទៀត ទោះបីអាជ្ញាធរ នៅល្ងាចថ្ងៃសុក្រ ទី២១ សីហា គំរាមមិនឲ្យនាំយកទឹក និងម្ហូបអាហារចេញចូលទៅកាន់ទីតាំងប្រមូលផ្តុំបែបណាក្តី៖ «នៅថ្ងៃនេះ អាជ្ញាធរបានចាត់វិធានការគ្រប់បែបយ៉ាងមានដូចជា បិទច្រកចេញចូលទៅកាន់មុខទីធ្លាបរិវេណរបស់តុលាការសាលាដំបូងខេត្តកោះកុង ជាទីកន្លែងដែលប្រជាពលរដ្ឋប្រមូលផ្តុំ និងមិនឲ្យយកទឹក ឬអាហារហូបចុកទៅកាន់ទីតាំងនោះទេ។ ជាងនេះអាជ្ញាធរក៏បានហាមប្រជាពលរដ្ឋមានលំនៅឋាននៅជិតខាងនោះ មិនឲ្យប្រើប្រាស់បង្គន់អនាម័យជាដើម»។
បន្ថែមលើនេះ ក្រុមប្រជាពលរដ្ឋដែលកំពុងប្រមូលផ្តុំគ្នាលើកបដាស្រែកតវ៉ានៅពីមុខតុលាការខេត្តកោះកុង បានអះអាងថា នឹងមិនរំសាយការប្រមូលផ្តុំទេ បើតុលាការមិនដោះលែងសកម្មជនការពារបរិស្ថាន ៣នាក់ ឲ្យមានសេរីភាព និងមិនទម្លាក់ចោលការចោទប្រកាន់ទេ៖ «ខ្ញុំមកតវ៉ាឲ្យតុលាការដោះលែងយុវជនការពារបរិស្ថានទាំង ៣នាក់ចេញពីពន្ធនាគារឲ្យមានសេរីភាពវិញ ព្រោះយុវជនទាំង ៣នាក់គ្មានកំហុសទេ»។

ទាក់ទិនបញ្ហានេះ លោក ប៉ែន ប៊ុនឈួយ អភិបាលរងក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី២០ ខែសីហា បានចេញសេចក្ដីជូនដំណឹងចំនួន ៥ចំណុច ដល់ប្រជាពលរដ្ឋដែលបានប្រមូលផ្តុំគ្នានៅលើចិញ្ចើមផ្លូវសាធារណៈ មុខសាលាដំបូងខេត្តកោះកុង។ ខ្លឹមសារ ៥ចំណុច ក្នុងលិខិតនោះ បានតម្រូវឲ្យពលរដ្ឋធ្វើសកម្មភាពឲ្យស្របតាមច្បាប់។ រាល់ការដើរហែក្បួន ឬប្រមូលផ្តុំណាមួយត្រូវធ្វើលិខិតសុំការអនុញ្ញាតច្បាប់ពីអាជ្ញាធរជាមុនយ៉ាងតិច ២ថ្ងៃ។ ហាមការចងតង់ដាំបាយ ឬធ្វើម្ហូបអាហារផ្សេងៗ នៅទីកន្លែងស្នាក់នៅ។ ត្រូវប្រមូលផ្តុំគ្នានៅក្នុងវេទិកាបាល់ទាត់ខេត្តទៅតាមការកំណត់របស់អាជ្ញាធរ និងត្រូវរំសាយការប្រមូលផ្តុំចាប់ពីថ្ងៃជូនដំណឹងនេះ។
ទោះជាបែបនេះក្តី គិតមកដល់ម៉ោងជាង ៥ល្ងាច ថ្ងៃស្រុក ទី២១ ខែសីហា ក្រុមប្រជាពលរដ្ឋនៅតាមសហគមន៍ស្រុកគីរីសាគរ និងបុទុមសាគរ ជាដើម នៅតែបន្តលើកបដា និងស្រែកទាមទារឲ្យដោះលែងយុវជនការពារបរិស្ថានទាំង ៣នាក់ដដែល។
លោក ប៊ុន លឺត អភិបាលខេត្តកោះកុង មិនធ្វើអត្ថាធិប្បាយជុំវិញការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋនៅមុខតុលាការខេត្តទេ ដោយចាត់ទុកជារឿងរបស់តុលាការត្រូវដោះស្រាយ៖ «ជារឿងរបស់តុលាការ ខ្ញុំមិនពាក់ព័ន្ធទេរឿងហ្នឹង»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តកោះកុង បានចាត់ទុកការចាប់ខ្លួន និងឃុំខ្លួនសកម្មជនការពារធនធានធម្មជាតិទាំង ៣នាក់ របស់តុលាការខេត្តនេះ ទៅតាមពាក្យបណ្ដឹងរបស់អាជ្ញាធរ និងក្រុមហ៊ុនបូមខ្សាច់ ថាជាការបំបាក់ស្មារតីសកម្មជនបរិស្ថានឲ្យបញ្ឈប់សកម្មភាពតវ៉ា។
សកម្មជនការពារបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ ចំនួន ៣នាក់ ដែលតុលាការខេត្តកោះកុង ចាប់ដាក់ពន្ធនាគារ មានឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ឹម សំណាង។ យុវជនទាំង ៣នាក់ ត្រូវសមត្ថកិច្ចខេត្តកោះកុង ចាប់ខ្លួន ខណៈដែលពួកគេចុះធ្វើការនៅក្នុងសហគមន៍ប្រជាពលរដ្ឋ ក្នុងភូមិធ្នង់ ឃុំកណ្ដោល និងនៅភូមិតាមាឃ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ កាលពីថ្ងៃទី១៧ ខែសីហា ដើម្បីប្រឆាំងសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន។
យុវជនទាំង ៣នាក់ ត្រូវតុលាការខេត្តនេះ ចោទពីបទគំរាមកំហែង និងធ្វើឲ្យខូចខាត ដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
