ប្រជាពលរដ្ឋមកពីតាមសហគមន៍នានា ក្នុងស្រុក ៥ នាខេត្តកោះកុង បន្តតវ៉ា ដោយលើកបដាដើរហែក្បួនតាមផ្លូវនានា តាមទីប្រជុំជន ក្នុងមូលដ្ឋានខេត្តកោះកុង ដើម្បីទាមទារឲ្យតុលាការខេត្តនេះ ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនការពារធនធានធម្មជាតិ និងបរិស្ថាន ៣រូប ដែលត្រូវតុលាការចាប់ដាក់គុកតាមបណ្ដឹងរបស់ក្រុមហ៊ុន និងអាជ្ញាធរកាលពីថ្ងៃទី១៧ ខែសីហា។
មន្ត្រីសង្គមស៊ីវិលប្រចាំខេត្តជាប់មាត់សមុទ្រមួយនេះ បានចាត់ទុកការចាប់ខ្លួនយុវជនការពារបរិស្ថានទាំង ៣នាក់ ថាជាការបំភិតបំភ័យ និងគំរាមកំហែងមិនឲ្យបន្តធ្វើសកម្មភាពតវ៉ារបស់ខ្លួនជាបន្តទៀតនាថ្ងៃខាងមុខ។
ការប្រមូលផ្ដុំតវ៉ារបស់ក្រុមអ្នកភូមិមកពីសហគមន៍ចំនួន ៥ស្រុក នាខេត្តកោះកុង បានធ្វើឡើងក្រោមដំណក់ទឹកភ្លៀងជាប់មិនដាច់ នាព្រឹកថ្ងៃអង្គា ទី២៥ ខែសីហា ប៉ុន្តែពលរដ្ឋអះអាងថា មិនមែនជាឧបសគ្គរាំងស្ទះដល់សកម្មភាពប្រមូលផ្តុំគ្នាតវ៉ា និងលើកបដាដើរហែក្បួនរបស់ពួកគេឡើយ។
ការប្រមូលផ្តុំគ្នាមានទាំងកុមារ និងមនុស្សវ័យចាស់ប្រមាណ ៥០នាក់ ដោយមានពាក់អាវការពារទឹកភ្លៀងពីក្រៅ បានលើកបដាហែក្បួន មានរូបថតយុវជនការពារបរិស្ថានទាំង ៣នាក់ ដើរឆ្លងកាត់តាមផ្លូវ និងទីប្រជុំជនមួយចំនួននាខេត្តកោះកុង ដោយមានមីក្រូសម្រាប់បំពងសំឡេងផង។ ក្រុមអ្នកភូមិទាំងនោះបានអះអាងថា នឹងមិនលះបង់ការតវ៉ាទេ ដរាបណាតុលាការខេត្តកោះកុង មិនដោះលែងយុវជនការពារបរិស្ថានទាំង ៣នាក់ពីពន្ធនាគារឲ្យមានសេរីភាពវិញទេ៖ «ខ្ញុំមកគាំទ្រពួកគាត់ដើម្បីទាមទារឲ្យតុលាការខេត្តកោះកុង ដោះលែងវីរជនការពារធនធានធម្មជាតិទាំង ៣នាក់ ពីពន្ធនាគារដោយគ្មានលក្ខខណ្ឌ។ ព្រោះយុវជនទាំង ៣នាក់ បានធ្វើសកម្មភាពជួយការពារបរិស្ថាន និងធនធានសមុទ្រមិនឲ្យបាត់បង់»។
សកម្មជនការពារបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ ចំនួន ៣នាក់ ដែលតុលាការខេត្តកោះកុង ចាប់ដាក់ពន្ធនាគារ មានឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ឹម សំណាង។ យុវជនទាំង ៣នាក់ ត្រូវសមត្ថកិច្ចខេត្តកោះកុង ចាប់ខ្លួននិងបញ្ជូនទៅកាន់តុលាការ ខណៈពួកគេចុះបំពេញការងារនៅតាមសហគមន៍ប្រជាពលរដ្ឋ នាស្រុកបុទុមសាគរ កាលពីថ្ងៃទី១៧ ខែសីហា ដើម្បីប្រឆាំងសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន ដែលធ្វើសកម្មភាពអនាធិបតេយ្យនាមូលដ្ឋាននេះ។ យុវជនទាំង ៣នាក់ ត្រូវតុលាការខេត្តកោះកុង ចោទពីបទគំរាមកំហែង និងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា ៤២៤ នៃក្រមព្រហ្មទណ្ឌ។

មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក អ៊ិន គង់ជិត ដែលតាមឃ្លាំមើសកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋ បានប្រាប់វិទ្យុអាស៊ីសេរីថា ទោះបីមានភ្លៀងធ្លាក់ជោកជាំបែបណាក្តី ក៏ប្រជាពលរដ្ឋមិនលះបង់ការប្រមូលផ្តុំតវ៉ាដើម្បីឲ្យសកម្មជនទាំង ៣នាក់មានសេរីភាពនោះទេ។ លោកចាត់ទុកការចាប់ខ្លួន និងឃុំខ្លួនសមាជិកនៃអង្គការចលនាមាតាធម្មជាតិទាំង ៣រូប ថាជាការបំពាក់ស្មារតីមិនឲ្យសមាជិកអង្គការនេះបន្តសកម្មភាពនៅថ្ងៃអនាគត៖ «ការមានវិធានការតាមផ្លូវច្បាប់របស់អាជ្ញាធរ និងតុលាការខេត្តកោះកុង ដូចជាការចាប់ខ្លួនការចោទប្រកាន់ និងការឃុំខ្លួនទៅលើយុវជនការពារបរិស្ថានទាំង ៣នាក់នេះ គឺជាសកម្មភាពបំបាក់ស្មារតីក្រុមយុវជន ដែលមានសកម្មភាពផុលផុសការពារធនធានធម្មជាតិ និងបរិស្ថាន។ បញ្ហានេះ ក្រុមហ៊ុននិងអាជ្ញាធរបានប្រើប្រាស់តុលាការដើម្បីបំបាក់ស្មារតី និងបញ្ឈប់ពួកគាត់មិនឲ្យបន្តយុទ្ធនាការរបស់ខ្លួនតទៅទៀត»។
ទាក់ទងបញ្ហានេះ កាលពីថ្ងៃទី២០ ខែសីហា អាជ្ញាធរក្រុងខេមរភូមិន្ទ បានចេញបម្រាបមិនឲ្យប្រជាពលរដ្ឋប្រមូលផ្តុំគ្នានៅតាមចិញ្ចើមផ្លូវសាធារណៈទល់មុខបរិវេណតុលាការខេត្តកោះកុង និងបានដាក់របាំងដែកមិនឲ្យមនុស្សដើរឆ្លងកាត់ទេ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
សេចក្ដីជូនដំណឹងមានចុះហត្ថលេខា លោក ប៉ែន ប៊ុនឈួយ អភិបាលរងក្រុងខេមរភូមិន្ទ បានដាក់លក្ខខណ្ឌចំនួន ៥ចំណុច ឲ្យប្រជាពលរដ្ឋអនុវត្ត។ ខ្លឹមសារ ៥ចំណុច ក្នុងលិខិតនោះ បានតម្រូវឲ្យពលរដ្ឋធ្វើសកម្មភាពឲ្យស្របតាមច្បាប់។ រាល់ការដើរហែក្បួន ឬប្រមូលផ្តុំណាមួយត្រូវធ្វើលិខិតសុំការអនុញ្ញាតច្បាប់ពីអាជ្ញាធរជាមុនយ៉ាងតិច ២ថ្ងៃ។ ហាមការចងតង់ដាំបាយ ឬធ្វើម្ហូបអាហារផ្សេងៗនៅទីកន្លែងស្នាក់នៅ។ ត្រូវប្រមូលផ្តុំគ្នានៅក្នុងវេទិកាបាល់ទាត់ខេត្តនេះទៅតាមការកំណត់របស់អាជ្ញាធរ និងត្រូវរំសាយការប្រមូលផ្ដុំចាប់ពីថ្ងៃជូនដំណឹងនេះ។
យ៉ាងនេះក្តី មកដល់ថ្ងៃអង្គារ ទី២៥ ខែសីហា តំណាងអ្នកភូមិចំនួន ៥ស្រុក នាខេត្តកោះកុង មានស្រុកបុទុមសាគរ ស្រុកគីរីសាគរ ស្រុកកោះកុង ស្រុកថ្មបាំង និងស្រុកស្រែអំបិល បានបន្តប្រមូលផ្ដុំ និងដើរហែក្បួនលើកបដាតវ៉ាទាមទារឲ្យតុលាការដោះលែងយុវជនការពារបរិស្ថានទាំង ៣នាក់ដដែល។
បញ្ហានេះ លោក ប៊ុន លឺត អភិបាលខេត្តកោះកុង បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការចាប់ឃុំខ្លួនយុវជនការពារបរិស្ថាន ៣នាក់នេះទេ ដោយចាត់ទុកជារឿងរបស់តុលាការត្រូវដោះស្រាយ។
យ៉ាងណាក៏ដោយ លោក អ៊ិន គង់ជិត មន្ត្រីសម្រួលអង្គការលីកាដូ ខេត្តកោះកុង បានឲ្យដឹងថា មកដល់ថ្ងៃអង្គារ ទី២៥ ខែសីហា តំណាងអ្នកភូមិប្រមាណ ៥០នាក់ នឹងមិនទាន់រំសាយការតវ៉ាទាមទារឲ្យតុលាការដោះលែងសមាជិកអង្គការចលនាមាតាធម្មជាតិទាំង ៣នាក់ទេ ហើយបានបន្តប្រមូលផ្ដុំទាំងយប់ថ្ងៃនាវេទិកាបាល់ទាត់ មានទីតាំងទល់មុខតុលាការខេត្តកោះកុង ដើម្បីរង់ចាំដំណោះស្រាយពីតុលាការ ទើបរំសាយការតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
