ប្រជាសហគមន៍ប្រមាណ ១៥០នាក់ បានលើកគ្នាទៅធ្វើពិធីបួងសួងសុំឲ្យបារមីលោកតាឃ្លាំងមឿង ជួយបន្ទន់ចិត្តតុលាការខេត្តពោធិ៍សាត់ ព្រមដោះលែងសកម្មជនដីធ្លីដែលពួកគាត់គោរព និងស្រឡាញ់៖ «(សំឡេងបន់ស្រន់របស់អ្នកភូមិ) យើងខ្ញុំទាំងអស់គ្នាសូមឲ្យលោកតាឃ្លាំងមឿង ជួយរកយុត្តិធម៌ឲ្យ។ សូមឲ្យលោកតាផ្ដន្ទាទោសចំពោះមន្ត្រីតុលាការ និងដើមបណ្ដឹង...»។
តំណាងសហគមន៍ឃុំក្បាលត្រាច អ្នកស្រី ឡោន ស៊ីវី បានឲ្យដឹងនៅថ្ងៃទី២៤ ឧសភា ថា ប្រជាសហគមន៍បានសម្រេចចិត្តបញ្ឈប់ការតវ៉ានៅមុខតុលាការ ហើយនាំគ្នាទៅធ្វើពិធីបួងសួង និងដាក់ទំនាយចំពោះមន្ត្រីតុលាការដែលបានចាប់លោក គុជ វេង ដាក់ពន្ធនាគារដោយអយុត្តិធម៌ តាមបណ្ដឹងចោទប្រកាន់ដែលគ្មានភ័ស្ដុតាងរបស់អ្នកស្រី អ៊ុំ ធារី ដោយមិនបានធ្វើការស៊ើបអង្កេត៖ «អាហ្នឹងដូចយើងដាក់បណ្ដាសាអ៊ីចឹង បើយើងអត់យករបស់គេទេ យើងនឹងបានសុខ។ ហើយអ្នកដែលចោទយើងដោយបំពាន នឹងត្រូវទទួលទុក្ខវេទនាទៅតាមផលកម្មដែលអ្នកឯងបានកសាងមកលើគេ។ នេះដោយសារយើងខ្ញុំអស់ជម្រើសហើយ គឺមានតែការបន់ស្រន់ និងដាក់ទំនាយនេះជាជម្រើសចុងក្រោយរបស់យើងខ្ញុំ»។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក តន់ សីហតេជៈ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា ការតវ៉ារបស់អ្នកភូមិមិនត្រូវចំគោលដៅនោះទេ។ ព្រះរាជអាជ្ញារូបនេះ បញ្ជាក់ថា ការចាប់ខ្លួនលោក គុជ វេង មិនមែនដោយសារបញ្ហាដីធ្លីនោះទេ តែគឺចាប់ពីបទឆបោក។ ដូច្នេះ ប្រសិនបើអ្នកភូមិមានភ័ស្ដុតាង ដែលអាចជួយដោះបន្ទុកឲ្យលោក គុជ វេង បាននោះ គឺគេគួរផ្ដល់មកតុលាការ នោះប្រសើរជាងការនាំគ្នាមកធ្វើការតវ៉ានៅមុខតុលាការដូច្នេះ៖ «ការតវ៉ានេះវាខុសសាច់រឿង មិនមែនរឿងដីធ្លីដូចគេតវ៉ានោះទេ គឺរឿងឆបោក តាមបណ្ដឹងចោទរបស់អ្នកស្រី អ៊ុំ ធារី។ តែពួកគាត់នៅតែមកដាក់បន្ទុកលើតុលាការ មកស្រែកថា តុលាការអ៊ីចេះ តុលាការអ៊ីចុះ ដូចជាមកចោទប្រកាន់តុលាការដោយឥតមានហេតុផល»។
យ៉ាងនេះក្ដី អ្នកភូមិនៅតែអះអាងថា លោក គុជ វេង មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ប្រជាសហគមន៍ទាំងអស់ធ្លាប់បានដឹងពីអត្តចរិត និងការរស់នៅរបស់លោក គុជ វេង ដោយពួកគេអះអាងថា លោក គុជ វេង ជាមនុស្សល្អពុំមែនជាប្រភេទមនុស្សឆបោកគេនោះឡើយ។
ប្រភពពីអ្នកភូមិ បានឲ្យដឹងថា ថ្មីៗនេះលោក គុជ វេង បានជួយអ្នកភូមិ ១១គ្រួសារ ក្នុងការតវ៉ាពីបញ្ហាដីដែលមានប័ណ្ណសម្គាល់អចលនទ្រព្យ ឬហៅថាប័ណ្ណកម្មសិទ្ធិដែលវាស់វែងដោយក្រុមនិស្សិតស្ម័គ្រចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងទៅនោះ ហើយត្រូវបានក្រុមហ៊ុនភាពីម៉ិច រំលោភយក ក៏ស្រាប់តែលោកបានត្រូវចាប់ខ្លួនដោយចោទពីបទឆបោក។ តែសង្គមស៊ីវិល និងអ្នកភូមិយល់ស្របគ្នាថា ជារឿងមានភាពមិនប្រក្រតី។ ទន្ទឹមគ្នានេះ ក៏មានកាសែតបរទេសខ្លះបានផ្សាយថា ការចាប់ខ្លួននេះទំនងជាពាក់ព័ន្ធទៅនឹងការតស៊ូមតិរបស់លោក ដើម្បីជួយអ្នកភូមិក្នុងបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនភាពីម៉ិច នាពេលកន្លងទៅ៖ «(សំឡេងអ្នកភូមិទាមទារឲ្យតុលាការដោះលែងលោក គុជ វេង) សូមឲ្យតុលាការដោះលែងលោក គុជ វេង ជាបន្ទាន់។ លោក គុជ វេង គ្មានកំហុសដូចគេចោទប្រកានោះទេ...»។
ទោះបីជាការតវ៉ារបស់តំណាងសហគមន៍មកពីឃុំនានាក្នុងស្រុកក្រគរ នៅមុខតុលាការបានបញ្ចប់ តែតំណាងសហគមន៍ទាំងអស់បានប្ដេជ្ញាថានឹងមកជួយធ្វើជាសាក្សី និងផ្ដល់ភ័ស្ដុតាងពេលតុលាការបើកសវនាការនាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
