តំណាងអ្នកភូមិឡពាង នៅខេត្តកំពង់ឆ្នាំង សម្រេចប្ដឹងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ពីបទរើសអើងមិនរកយុត្តិធម៌ជូនពលរដ្ឋក្រីក្រ។ នៅក្នុងពាក្យបណ្ដឹងចំនួន ៣ច្បាប់ ដាក់ជូនស្ថាប័នបី គឺរដ្ឋសភាជាតិ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងក្រសួងយុត្តិធម៌ បានរៀបរាប់ពីការរើសអើង និងភាពមិនប្រក្រតីជាច្រើនរបស់មន្ត្រីតុលាការកម្ពុជា។
តំណាងអ្នកភូមិឡពាង លោក រាជ សីម៉ា បានលើកយកបណ្ដឹងរបស់ខ្លួនដែលប្ដឹងតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា អ្នកស្រី ឡោក ខេង ទាក់ទងនឹងការចេញមូលប្បទានប័ត្រទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារមិនអាចបើកលុយបាន មកបញ្ជាក់អំពីការរើសអើងរបស់មន្ត្រីតុលាការ ជូនស្ថាប័នទាំងបី។
តុលាការរាជធានីភ្នំពេញ សម្រេចតម្កល់សំណុំរឿងនេះទុកអត់ចាត់ការនៅដើមខែវិច្ឆិកា ឆ្នាំ២០១៤ ហើយសាលាឧទ្ធរណ៍ ក៏រក្សាការសម្រេចរបស់សាលាដំបូងនេះទុកជាបានការនៅដើមខែកុម្ភៈ ឆ្នាំ២០១៥ ខណៈបណ្ដឹងជាង ៦០បណ្ដឹងរបស់ពលរដ្ឋភូមិឡពាង មិនត្រូវស្ថាប័នតុលាការរកយុត្តិធម៌ឲ្យដែរ។
ការប្ដឹងផ្ដល់ជាច្រើនករណី បានកើតមានបន្ទាប់ពីអ្នកភូមិមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ អ្នកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ចាប់តាំងពីឆ្នាំ២០០៧ មក។ ក្រុមអ្នកភូមិ បានតតាំងនឹងក្រុមហ៊ុនទាំងផ្លូវច្បាប់ និងសកម្មភាពរារាំងនានាមិនឲ្យក្រុមហ៊ុនអភិវឌ្ឍនៅលើដីមានទំនាស់ ដោយពួកគាត់អះអាងថា ក្រុមហ៊ុនរំលោភយកដីពលរដ្ឋ។
លោក រាជ សីម៉ា ថ្លែងថា ផ្ទុយស្រឡះពីការពន្យារមិនចាត់ការលើបណ្ដឹងរបស់ពលរដ្ឋក្រីក្រ តុលាការបែរជាចាត់ការភ្លាមៗតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនដែលជាអ្នកមានលុយ និងមានអំណាច ដោយមានពាក្យបណ្ដឹងខ្លះ សំណុំរឿងមិនទាន់មកដល់ដៃផង តុលាការក៏បានបញ្ជាឲ្យប៉ូលិសចាប់បញ្ជូនអ្នកភូមិមកតុលាការ ទើបចុះសំណុំរឿងតាមក្រោយ។ លោកថា ទាំងតុលាការរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង បានស្ដែងចេញច្បាស់ពីការរើសអើងរវាងអ្នកមាន និងអ្នកក្រ៖ «យើងឃើញថា បណ្ដឹងរបស់ប្រជាពលរដ្ឋខ្ញុំក្រ មិនដែលឃើញព្រះរាជអាជ្ញាយកទៅចាត់ការទេ សូម្បីបណ្ដឹង ១៤គ្រួសាររបស់ពួកខ្ញុំ ហើយបណ្ដឹងរបស់ លោក ស សុង (តំណាងពលរដ្ឋធ្លាប់ជាប់ពន្ធនាគារ) ប្ដឹងពីបទក្លែងឯកសារក៏អត់ដែលតុលាការយកមកចាត់ការ។ បើខាងក្រុមហ៊ុនប្ដឹងរត់ជែងជើងគ្នាអត់ចង់រួច ប្ដឹងមកគ្រឹបៗចាប់ដាក់គុករហូត ហើយបើខ្ញុំប្ដឹងវិញ អត់មានចាប់អ្នកមានទាំងអស់ហ្នឹងដាក់គុកទេ»។
លោកបញ្ជាក់ថា រូបលោក និងអ្នកភូមិចំនួនពីរនាក់ទៀត នឹងកាន់ពាក្យបណ្ដឹងទាំងបីច្បាប់ដាក់ចូលក្រសួងយុត្តិធម៌ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងមន្ទីររដ្ឋសភាដោយផ្ទាល់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥។ លោកសង្ឃឹមថា ក្រោយពីទទួលពាក្យបណ្ដឹងនេះ ស្ថាប័នទាំងបីនឹងកោះហៅព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញាសួរនាំរឿងនេះ ហើយជំរុញឲ្យតុលាការចាត់ការបណ្ដឹងអ្នកក្រដូចបណ្ដឹងអ្នកមានដែរ។
បើទោះបីជានៅក្នុងពាក្យបណ្ដឹងរបស់តំណាងពលរដ្ឋភូមិឡពាង មិនបង្ហាញចំឈ្មោះ ប៉ុន្តែគេដឹងថា អគ្គព្រះរាជអាជ្ញា លោក អ៊ុក សាវុធ និងអតីតព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ប៊ុន្នីញ ប៊ុណ្ណារី ដែលបច្ចុប្បន្នអ្នកស្រីត្រូវបានតែងតាំងជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បានតម្កល់សំណុំរឿងព្រហ្មទណ្ឌទុកអត់ចាត់ការលើបណ្ដឹងរបស់តំណាងពលរដ្ឋដែលប្ដឹង អ្នកស្រី ឡោក ខេង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក អ៊ុក សាវុធ និងអ្នកស្រី ប៊ុន្នីញ ប៊ុណ្ណារី តាមទូរស័ព្ទ ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៦ ខែមីនា។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បដិសេធមិនធ្វើអត្ថាធិប្បាយភ្លាមៗដោយលោកប្រាប់ថា កំពុងប្រជុំ ហើយឲ្យវិទ្យុអាស៊ីសេរី ទាក់ទងក្រោយម៉ោង ៥ល្ងាច។ វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទង តែលោកមិនលើកទូរស័ព្ទ។
អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា អ្នកភូមិឡពាង បានតវ៉ា និងប្ដឹងក្រុមហ៊ុន ខេ.ឌី.ស៊ី ដែលមានម្ចាស់ជាអ្នកមានលុយ និងមានអំណាច មានបណ្ដឹងសរុបជាង ១០០បណ្ដឹង បានដាក់ជូនអាជ្ញាធរពាក់ព័ន្ធ និងតុលាការ ប៉ុន្តែពួកគាត់មិនដែលទទួលបានយុត្តិធម៌ សូម្បីតែមួយបណ្ដឹង។ លោកយល់ថា ការប្ដឹងរបស់តំណាងពលរដ្ឋនាពេលនេះ គឺជាជម្រើសល្អ៖ «បើប្រជាពលរដ្ឋប្ដឹង ហើយមិនចាត់ការ វាបញ្ជាក់ឲ្យឃើញថា ប្រទេសនេះជាប្រទេសនេះដឹកនាំដោយមនុស្សមួយក្រុម ឬមនុស្សម្នាក់ដែលមានអំណាចកំពូល ដែលស្ថាប័ននានាមិនអាចដោះស្រាយបាន»។
ក្រុមពលរដ្ឋរងគ្រោះក្នុងរឿងដីធ្លី និងមន្ត្រីសិទ្ធិមនុស្សខ្លះ ធ្លាប់រិះគន់ប្រព័ន្ធតុលាការថា ប្រទេសកម្ពុជា បានអនុវត្តស្តង់ដារច្បាប់ពីរ គឺច្បាប់អ្នកមាន និងអ្នកក្រ។ ដូចជាករណីបាញ់គ្នាដោយចម្ពាមកៅស៊ូប្រើគ្រាប់ដែក និងដុំថ្មរវាងក្រុមកម្មករស៊ីឈ្នួលធ្វើរបងឲ្យក្រុមហ៊ុន ខេ.ឌី.ស៊ី ជាមួយអ្នកភូមិឡពាង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ បណ្ដាលឲ្យរបួសទាំងសងខាងសរុបជាង ២០នាក់។ ក្រោយមក តុលាការបានចេញដីកាតាមចាប់តំណាងពលរដ្ឋជាច្រើននាក់ ពីបទបង្ករបួសស្នាម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ តែភាគីកម្មករមិនត្រូវបានតុលាការចោទប្រកាន់ ឬចេញដីកាចាប់ខ្លួននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
