លោក វន់ ពៅ ប្រឈម​បញ្ហា​សុខភាព

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ច្រាន​ចោល​ការ​ស្នើ​សុំ​របស់​មេធាវី​ដែល​ស្នើ​សុំ​ឲ្យ​លោក វន់ ពៅ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ដើម្បី​មាន​ឱកាស​ព្យាបាល​ជំងឺ​ដែល​កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។

0:00 / 0:00

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ត្រូវ​កងទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១ ចាប់​ខ្លួន នៅ​ពេល​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កាល​ពី​ថ្ងៃ​ទី​២ មករា។ ការ​ស្នើ​នៅ​ក្រៅ​ឃុំ​របស់​លោក វន់ ពៅ ដោយ​សំអាង​លើ​ស្ថានភាព​ជំងឺ​របស់​លោក​ដែល​ត្រូវ​ណាត់​ជួប​គ្រូពេទ្យ​នៅ​ក្រៅ​ប្រទេស​ដើម្បី​ពិនិត្យ​ព្យាបាល​បន្ទាន់។ តើ​លោក វន់ ពៅ នឹង​ប្រឈម​ទៅ​បញ្ហា​ផ្លូវ​ច្បាប់ និង​បញ្ហា​សុខភាព​យ៉ាង​ណា​ខ្លះ?

មន្ត្រី​ធ្វើការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ការ​សម្រេច​មិន​ឲ្យ​លោក វន់ ពៅ រស់នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ដើម្បី​ចេញ​ទៅ​ព្យាបាល​ជំងឺ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ប្រធាន​អង្គការ​លីកាដូ លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ មករា ថា តុលាការ​គួរ​គិតគូរ​អំពី​មនុស្ស​ធម៌​ដើម្បី​ឲ្យ​លោក វន់ ពៅ ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ។

លោកស្រី​បន្ត​ថា លោក វន់ ពៅ កំពុង​បាត់បង់​សិទ្ធិ​ថ្វីត្បិត​តែ​លោក​ស្ថិត​នៅ​ជា​ជន​សង្ស័យ​ក៏​ដោយ​ចុះ៖ «ពន្ធនាគារ​ទទួល​ការ​ខុស​ត្រូវ​មួយ​ចំណែក​ហើយ ប៉ុន្តែ​អ្នក​ដែល​សម្រេច​ថា ពៅ ហ្នឹង​ត្រូវ​នៅ​ពន្ធនាគារ ឬ​ក៏​ចេញ​មក​ក្រៅ​គឺ​តុលាការ។ យើង​ដឹង​ហើយ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ដោយសារ​ប្រទេស​យើង​ជា​ប្រទេស​ក្រីក្រ អ៊ីចឹង​នៅ​ក្នុង​ពន្ធនាគារ​មាន​គ្រូ​ពេទ្យ​ដែរ​តែ​ខ្វះខាត​ថ្នាំ​សង្កូវ ខ្វះខាត​ឧបករណ៍​គ្រប់​មុខ នេះ​ត្រូវ​តែ​ទៅ​ពេទ្យ​ដែល​គេ​មាន​ឧបករណ៍​និង​បច្ចេកទេស​ដើម្បី​មើល​ជំងឺ​នេះ មិន​មែន​ជា​ការ​ធម្មតា​ទេ។ មហារីក​ក្រលៀន​គឺ​ធ្ងន់ធ្ងរ​ណាស់ ហើយ​មន្ទីរពេទ្យ​នោះ​បាន​ផ្ដាំ​ថា ត្រូវ​តែ​ត្រឡប់​ទៅ​វិញ។ ដូច្នេះ​បើ​មាន​ការ​គ្រោះថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ​របស់​លោក ពៅ គឺ​អ្នក​ទទួល​ខុស​ត្រូវ​គឺ​តុលាការ»

យ៉ាង​ណា​ក៏​ដោយ ក្រុម​មេធាវី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​១៤ មករា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ជំទាស់​ទៅ​នឹង​ដីកា​សម្រេច​របស់​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​បដិសេធ​មិន​ឲ្យ​លោក វន់ ពៅ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នោះ។

មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ការពារ​លោក វន់ ពៅ គឺ​លោកស្រី សាម សុគន្ធា ថ្លែង​ថា ក្រុម​មេធាវី​កំពុង​យល់​បញ្ច្រាស​គ្នា ពី​ចៅក្រម​សាលា​ដំបូង​ចំពោះ​ហេតុផល​នៃ​ការ​មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ។ មេធាវី​ដដែល​អះអាង​ថា ចៅក្រម​យល់​ឃើញ​ថា សំណុំ​រឿង​នេះ​នៅ​ថ្មី​ពេក តុលាការ​ត្រូវ​ការ​រយៈពេល​ស៊ើប​អង្កេត និង​ត្រូវ​ធានា​ជន​សង្ស័យ​នៅ​ក្នុង​ឃុំ ដើម្បី​ធានា​ដល់​នីតិវិធី​តុលាការ ហើយ​ធានា​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ ប៉ុន្តែ​មេធាវី​យល់​ថា លោក វន់ ពៅ មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​នៅ​ក្រៅ​ឃុំ។

លោក វន់ ពៅ ជា​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម ២៣​នាក់ ដែល​កងកម្លាំង​ចម្រុះ​ចាប់​ខ្លួន​ក្នុង​អំឡុង​ពួកគេ​ចេញ​បង្ក្រាប​កម្មករ តវ៉ា​ដំឡើង​ប្រាក់ឈ្នួល ១៦០​ដុល្លារ នៅ​ខាង​មុខ​រោងចក្រ យ៉ាក ជីន ក្បែរ​បញ្ជា​ការដ្ឋាន​កងទ័ព​ឆ័ត្រ​យោង ៩១១ ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ កាល​ពី​ថ្ងៃ​ទី​២ មករា។ លោក វន់ ពៅ ជាប់​ចោទ​ពី​បទ​ប្រើប្រាស់​ហិង្សា​ដោយ​ចេតនា និង​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា ហើយ​ពេល​នេះ​លោក​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម។

ទាក់ទង​ទៅ​នឹង​រឿង​នេះ ភរិយា​របស់​លោក វន់ ពៅ គឺ​អ្នកស្រី ប្រាក់ សុវណ្ណារី បាន​ចាត់​ទុក​ការ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ស្វាមី​របស់​អ្នកស្រី​នៅ​ក្រៅ​ឃុំ​នោះ គឺ​ជា​ការ​ខុស​ឆ្គង​មួយ។ អ្នកស្រី​ដែល​ទើប​មក​ពី​សួរ​សុខ​ទុក្ខ​ស្វាមី​នៅ​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃ​ទី​១៥ មករា បាន​បញ្ជាក់​ថា ស្ថានភាព​សុខភាព​របស់​លោក វន់ ពៅ កំពុង​មាន​ភាព​យ៉ាប់​យឺន​ខ្លាំង​ដោយសារ​គាត់​មាន​អាការៈ​ឈឺ​ក្បាល ក្អក​ខ្លាំង​នាំ​ឲ្យ​ចុក​ចាប់​ពេញ​រាងកាយ និង​មុខ​របួស​វះកាត់​ជំងឺ​មហារីក​ដុំ​សាច់​នៅ​ក្នុង​ក្រលៀន ហើយ​ថ្នាំ​ដែល​ផ្ដល់​ឲ្យ​ដោយ​ពេទ្យ​ពន្ធនាគារ​នោះ​មិន​បាន​ជួយ​ឲ្យ​គាត់​បាន​ធូរ​ស្បើយ​នោះ​ទេ។

អ្នកស្រី ប្រាក់ សុវណ្ណារី៖ «ចាប់​អ្នក​ដែល​ត្រឹមត្រូវ​យក​មក​ដាក់​ពន្ធនាគារ​ធ្វើ​បាប​គ្នា ហើយ​មិន​ឲ្យ​មាន​ការ​ព្យាបាល​ទៀត នេះ​ជា​ការ​ឃោរឃៅ​យង់ឃ្នង សាហាវ​បំផុត។ ពេល​ដែល​ខ្ញុំ​ធ្លាប់​បាន​ទៅ​ជាមួយ​ស្វាមី ខ្ញុំ​នៅ​ពេល​ដែល​គាត់​ទៅ​ពិនិត្យ​ហ្នឹង គឺ​គេ​ថត​គាត់​ម្ដង​ទៀត ហើយ​គេ​ថត​ស្នាម​របួស បើ​សិន​ជា​មិន​អី​ទេ គេ​ឲ្យ​ថ្នាំ​ហើយ​ពេទ្យ​គេ​ឲ្យ​តម ព្រោះ​ដោយសារ​វះ​ហ្នឹង​ធ្ងន់ធ្ងរ​មែន​ទែន ហើយ​រយៈពេល ៣​ខែ​ទៅ​ពិនិត្យ​ម្ដង។ ថ្នាំ​របស់​គេ​ហ្នឹង​មាន​តែ​ប្រទេស​គេ​ទេ​ដែល​មាន​ញ៉ាំ។ ក្នុង​នាម​ខ្ញុំ​ជា​ភរិយា​របស់​គាត់ បើ​សិន​ជា​ដល់​ថ្ងៃ​ហើយ​ការ​ណាត់​ជួប​ពេទ្យ​នៅ​តែ​គ្មាន​ការ​ធានា​នៅ​ក្រៅ​ឃុំ​ទេ បើ​សិន​ជា​មាន​ការ​ប៉ះពាល់​ដល់​សុខភាព​គាត់​ធ្ងន់ធ្ងរ​មែន​ទែន ខ្ញុំ​នឹង​ប្ដឹង​សមត្ថកិច្ច​វិញ ដោយសារ​តែ​នេះ​ជា​សុខភាព​ស្វាមី​ខ្ញុំ និង​អនាគត​របស់​គាត់»

ភរិយា​របស់ លោក វន់ ពៅ បាន​ចោទ​ជា​ចម្ងល់​ថា អ្នកស្រី​ឆ្ងល់​ជា​ពន់ពេក​ចំពោះ​ការ​ប្រើ​ហិង្សា​ពី​សំណាក់​កងកម្លាំង​អាជ្ញាធរ​មក​លើ​ស្វាមី​គាត់​ថា ហាក់​មាន​ចេតនា​ណាស់ ព្រោះ​ការ​វាយ​ដំ​នោះ​គឺ​ចំៗ​ទៅ​លើ​មុខ​របួស​របស់​គាត់​តែ​ម្ដង។

ពាក់ព័ន្ធ​បញ្ហា​នេះ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​មតិ​ថា ការ​ធានា​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ លោក វន់ ពៅ មាន​សិទ្ធិ​គ្រប់គ្រាន់​ស្រប​ទៅ​តាម​ច្បាប់។ ប៉ុន្តែ​លោក​អាច​នៅ​ក្រៅ​ឃុំ​បាន​ប្រសិន​ជា​ពុំ​មាន​សម្ពាធ​របស់​អ្នក​នយោបាយ និង​អ្នក​មាន​អំណាច។ លោក​ថា មាន​ហេតុផល​ជា​ច្រើន​ចំណុច​ដែល​អាច​ធានា​ឲ្យ​លោក វន់ ពៅ នៅ​ក្រៅ​ឃុំ គឺ​ដោយ​គាត់​ទើប​តែ​វះកាត់​ក្រលៀន​នៅ​មន្ទីរពេទ្យ​បំរុងរ៉ាត់ ប្រទេស​ថៃ ហើយ​គ្រូពេទ្យ​ត្រូវ​តាមដាន​ការ​វិវត្តន៍​ជំងឺ។ លោក វន់ ពៅ រង​អំពើ​ហិង្សា​ដែល​ប៉ះ​ចំ​ស្នាម​របួស​វះកាត់ និង​មាន​របួស​ថ្មី។ លោក​មាន​ការងារ​និង​មុខ​របរ​ត្រឹមត្រូវ ហើយ​មាន​មេធាវី​ធានា​ច្បាស់លាស់ ដូច្នេះ​គ្មាន​ហេតុផល​ណា​មួយ​ដែល​លោក វន់ ពៅ ត្រូវ​គេច​ចេញ​ពី​នីតិវិធី​តុលាការ​នោះ​ទេ។

លោក​បន្ត​ថា រី​ឯ​បទ​ល្មើស​នេះ​ទៀត​សោត គឺ​ជា​បទល្មើស​មជ្ឈិម​ដែល​ជា​គោលការណ៍​របស់​ក្រម​ព្រហ្មទណ្ឌ​ត្រូវ​មាន​ការ​ធានា​គោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ ដោយ​យក​ការ​ឃុំ​ខ្លួន​គឺ​ជា​ជម្រើស​ចុង​ក្រោយ៖ «រឿង​នេះ​បើ​សិន​ជា​រឿង​ធម្មតា​ដូច​រឿង​បទ​ល្មើស​ដទៃ​ទៀត លោក វន់ ពៅ មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ។ យើង​មើល​រឿង​នេះ​ជា​ចេតនា​មួយ ហើយ​ការ​ចាប់​ខ្លួន​ហាក់​ដូច​ជា​មាន​ការ​រៀបចំ​ទុក​ជា​មុន។ ការ​ចាប់​ខ្លួន​នេះ​ទៀត​សោត វា​ខុស​ទៅ​ទៀត ព្រោះ​ការ​ចាប់​ខ្លួន​វា​មិន​បាន​ប្រើប្រាស់​ហិង្សា​ណា​មួយ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​កង​កម្លាំង​បាន​វាយ​ដំ​ចាប់​ខ្លួន​គាត់។ នៅ​ពេល​ដែល​មេធាវី​បង្ហាញ​នូវ​ភស្តុតាង​ចប់​សព្វគ្រប់​អ៊ីចឹង​ហើយ ចៅក្រម​បើ​ពិនិត្យ​ទៅ​ថា​មេធាវី​ហ្នឹង​ដាក់​ទៅ​មាន​ភស្តុតាង មាន​សំអាង​ត្រឹមត្រូវ​ហើយ ហើយ​លោក វន់ ពៅ មាន​ជំងឺ​ពិត​ប្រាកដ​ហើយ ចៅក្រម​មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ។ នៅ​ពេល​ដែល​ជំងឺ​នោះ​កាន់​តែ​ធ្ងន់ធ្ងរ​ហើយ​គ្រោះថ្នាក់​ដោយ​ប្រការ​ណា​មួយ​អា​ហ្នឹង​ចៅក្រម​គាត់​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ»

លោក អំ សំអាត បញ្ជាក់​ថា ខាង​ពន្ធនាគារ​មាន​ភារកិច្ច​ធ្វើ​របាយការណ៍​ដាក់​ជូន​ព្រះរាជអាជ្ញា​ពី​ស្ថានភាព​ជំងឺ​របស់​ជន​ជាប់​ចោទ​ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ពិចារណា​ចំពោះ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ។

ប៉ុន្តែ​ប្រធាន​ពន្ធនាគារ​ត្រពាំងផ្លុង លោក គា សុវណ្ណា បាន​ឆ្លើយតប​ថា ពេទ្យ​ខាង​ពន្ធនាគារ​បាន​យក​ចិត្ត​ទុក​ដាក់​អ្នក​ទោស​ស្មើ​គ្នាៗ​ទាំង​អស់ ប៉ុន្តែ​លោក​មិន​ទាន់​ឃើញ​លោក វន់ ពៅ មាន​អ្វី​ប្លែក​ធ្ងន់ធ្ងរ​នោះ​ទេ៖ «ពិនិត្យ​ទូទៅ​ទាំង​អស់​ហ្នឹង​ជា​រៀងរាល់​ថ្ងៃ គេ​រក្សា​សុខភាព​បាន​ណាស់ គេ​មិន​បណ្ដោយ​ឲ្យ​មាន​ការ​ថ្លោះធ្លោយ​ពី​បញ្ហា​អី​ណា​មួយ​ទេ។ បើ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​ហ្នឹង អស់​លទ្ធភាព អាហ្នឹង​គេ​បញ្ជូន​ទៅ​ពេទ្យ​ខេត្ត​បើ​នៅ​ព្យាបាល​នេះ​បាន​គេ​ព្យាបាល»

ក្រៅ​អំពី​លោក វន់ ពៅ ជន​ជាប់​ចោទ​ចំនួន ២២​នាក់​ផ្សេង​ទៀត ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​បង្ក​ហិង្សា​នៅ​រោងចក្រ​យ៉ាក ជីន ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ផ្លូវ​វ៉េងស្រេង ក៏​បាន​ស្នើ​ឲ្យ​មេធាវី​របស់​ខ្លួន​ធានា​ពួកគេ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ដែរ។ អ្នក​ទាំង​នោះ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ក្រោម​បទ​ចោទ​មួយ​ចំនួន ដូចជា​បទ​ប្រើប្រាស់​ហិង្សា​ដោយ​ចេតនា បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា បទ​បិទ​ផ្លូវ​សាធារណៈ​បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ និង​បទ​ប្រមាថ ដែល​បទល្មើស​ទាំង​នេះ​អាច​ជាប់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕