ក្រុមគ្រួសារអ្នកស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់អធិការស្រុកស្វាយអន្ទរ ក្នុងព្រឹត្តិការណ៍ចុះបង្ក្រាបល្បែងជល់មាន់ កំពុងដង្ហោយរកយុត្តិធម៌ ខណៈស្ថានភាពគ្រួសារកាន់តែដុនដាប។ ទាក់ទិនបញ្ហានេះ តុលាការខេត្តព្រៃវែង សន្យាថា នឹងពន្លឿននីតិវិធី។
សំណុំរឿងអធិការស្រុកស្វាយអន្ទរ បានបាញ់ពលរដ្ឋម្នាក់ស្លាប់ចោលប្រពន្ធ និងកូន ៤នាក់ ខណៈចុះបង្ក្រាបសង្វៀនជល់មាន់នោះ មានរយៈពេលជិត ១ខែហើយ ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះអះអាងថា នៅមិនទាន់ទទួលបានយុត្តិធម៌តាមរយៈការផ្ដល់សំណងនោះទេ។
កំពុងឈរបីកូន ភរិយាជនរងគ្រោះ គឺអ្នកស្រី ជឹម ម៉េន ខំប្រឹងរៀបរាប់ទាំងទឹកភ្នែកថា គ្រួសារអ្នកស្រីកំពុងជួបបញ្ហាប្រឈមជាច្រើនក្រោយបាត់បង់ប្ដី ដូចជាបញ្ហាវិបត្តិសេដ្ឋកិច្ច និងវិបត្តិផ្លូវចិត្ត ហើយកូនស្រីច្បង ក៏បង្ខំចិត្តបោះបង់ការសិក្សា៖ «គាត់តែងតែសន្យាថា មិនអោយខ្ញុំពិបាកទេ រស់នៅយ៉ាងស្រួលចិញ្ចឹមប្រពន្ធកូន ហើយឥឡូវគាត់ស្លាប់ទៅ ពិបាកណាស់ កូននៅតូចៗទាំងអស់»។
អ្នកស្រីទទូចឲ្យតុលាការខេត្តព្រៃវែង ពន្លឿននីតិវិធីផ្ដល់សំណងជំងឺចិត្តចំនួន ១៤.៥០០ដុល្លារ ដើម្បីចាត់ចែងសងធនាគារវិញដែលបានខ្ចីធ្វើបុណ្យឲ្យប្ដី និងទុកចិញ្ចឹមម្ដាយចាស់មានជំងឺប្រចាំកាយ និងកូន ៤នាក់ ដែលមានអាយុចាប់ពី ៦ខែ ដល់ ១៤ឆ្នាំ៖ «សូមអោយតុលាការកោះហៅរឿងសំណងជំងឺចិត្ត ហើយរឿងជនល្មើសស្រេចលើច្បាប់ចាត់វិធានការយ៉ាងណាខ្ញុំមិនដឹងទេ។ តែខ្ញុំចង់បានតែសំណងទេដើម្បីចិញ្ចឹមកូន»។
កាលពីថ្ងៃទី១៣ ខែមករា គ្រាប់កាំភ្លើងរបស់អធិការនគរបាលស្រុកស្វាយអន្ទរ លោក ពុំ កាន់ បានទម្លុះក្បាលបុរសវ័យ ៣៧ឆ្នាំឈ្មោះ កិ អ៊ីម បណ្ដាលឲ្យស្លាប់ភ្លាមៗនៅភូមិតងឡងទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ក្នុងហេតុការណ៍សមត្ថកិច្ចចុះបង្ក្រាបល្បែងបញ្ជល់មាន់។
អ្នកស្រី ជឹម ម៉េន រំឭកឡើងវិញថា លោកអធិការ ពុំ កាន់ មានចេតនាបាញ់សម្លាប់ប្តីលោកស្រីតែម្ដង ដោយគាត់បានទាញកាំភ្លើងបាញ់តម្រង់រកប្ដីលោកស្រីប្រហែលជា ២ម៉ែត្រពីគ្នា ខណៈប្ដីអ្នកស្រីកំពុងឈរបីកូននៅមុខផ្ទះរបស់ខ្លួន ក្បែរកន្លែងជល់មាន់នោះ៖ «ប្ដីខ្ញុំមិនទៅមើលគេបញ្ជល់មាន់ហ្នុងទេ នៅក្នុងដីខ្ញុំ។ គេបញ្ជល់មាន់នៅខាងជើងផ្ទះខ្ញុំ។ អធិការហ្នឹងមកដល់ស្លៀកពាក់ស៊ីវិល។ អ្នកបញ្ជល់ក្រឡេកមើលលើថា លោកអធិការ ក៏នាំគ្នារត់ព្រូចេញទៅ។ ចំណែកប្ដីខ្ញុំមានដឹងណា គាត់នៅលួងកូននៅដីខ្ញុំឯណេះ។ (អធិការ) យកកាំភ្លើងមកបាញ់សំដៅប្ដីខ្ញុំតែម្ដង។ អត់មានបាញ់បង្ហើរ ២ ៣ គ្រាប់ទេ មកដល់បាញ់ប្ដីខ្ញុំមួយគ្រាប់ហ្នឹង បាញ់សម្លាប់តែម្ដង។ ពេលគាត់ដួលទៅ កូនខ្ញុំធ្លាក់ពីដៃទៅឡើងក្រឡិតក្រឡាញមុខ វាត្រូវនឹងឫស្សីនៅមុខផ្ទះ»។
កាលពីថ្ងៃទី១៦ ខែមករា លោក ពុំ កាន់ ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាតតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនចូលពន្ធនាគារ។
ស្ត្រីអ្នកជិតខាងម្នាក់សម្ដែងការសោកស្ដាយដែលអធិការស្រុករូបនោះប្រើកាំភ្លើងបាញ់សម្លាប់លោក កិ អ៊ីម ជាមនុស្សស្លូតត្រង់ មិនមែនជាអ្នកលេងល្បែង ហើយបណ្ដាលគ្រួសារមួយនេះ ជួបការលំបាក បាត់អ្នកទីពឹងតទៅទៀត៖ «កាលពីប្ដីវានៅ មិនអោយពិបាកទេ គ្រួសារនេះរស់នៅសុខស្រួលណាស់។ អត់ពីប្ដីពិបាកនិយាយលែងចេញហើយ ព្រោះមនុស្សស្រីជើងខ្លី មិនអាចទៅណាឆ្ងាយរកលុយអីទេ ណាមួយកូនតូចៗ»។
មានវ័យ ១៤ឆ្នាំ កូនស្រីជនរងគ្រោះ បានសម្រេចចិត្តបោះបង់ការសិក្សា ដើម្បីជួយធ្វើការជំនួសដៃជើងម្ដាយ និងជីដូនចាស់ ក្រោយពេលឪពុកស្លាប់ទៅ៖ «នៅជួយមើលប្អូន និងម្ដាយ ហើយម្យ៉ាងទៀត ពេលអត់ពីពុកទៅ រៀនក៏មិនចូលដែរ ពិបាកណាស់»។
មេភូមិតងឡងទី៣ លោក សួង សុត មានប្រសាសន៍ថា ល្បែងជល់មាន់នោះ មិនមែនលេងរាល់ថ្ងៃ និងធំដុំនោះទេ ដូច្នេះអធិការរូបនោះ មិនគួរប្រើប្រាស់កាំភ្លើងចុះបង្ក្រាបឡើយ។ លោកមេភូមិជំរុញឲ្យតុលាការខេត្តពន្លឿននីតិវិធី ដើម្បីជួយផ្ដល់សំណងដល់គ្រួសារជនរងគ្រោះឲ្យបានឆាប់ ដើម្បីសម្រួលដល់ការរស់នៅរបស់គ្រួសារជនរងគ្រោះដែលកំពុងមានជីវភាពខ្វះខាត៖ «សូមអោយអង្គការ និងតុលាការ ចាត់ការតាមនីតិវិធី ជួយគ្រួសារនេះផង ព្រោះគ្នាលំបាកគ្មានទីពឹងទេ»។
ទាក់ទិនបញ្ហានេះ ប្រធានសាលាដំបូងខេត្តព្រៃវែង លោក សុខ កល្យាណ មានប្រសាសន៍ថា សំណុំរឿងក្តីនេះ កំពុងស្ថិតក្នុងនីតិវិធីស៊ើបអង្កេត មិនទាន់អាចបើកសវនាការជំនុំជម្រះបាននៅឡើយទេ។ យ៉ាងណាក៏ដោយចុះ តុលាការនឹងពន្លឿននីតិវិធី៖ «តុលាការត្រូវតែពន្លឿននីតិវិធី ដោយឈរលើគោលការណ៍ឆាប់រហ័ស និងយុត្តិធម៌ ប៉ុន្តែវាមិនអាចលឿនដូចដែលយើងចង់បានដែរ ពីព្រោះនីតិវិធីនៃការស៊ើបអង្កេត គឺ ៣ ទៅ ៤ខែដែរ យ៉ាងលឿនបំផុតហើយ»។
លោក សុខ កល្យាណ បញ្ជាក់ដែរថា តុលាការអាចសម្រុះសម្រួលសំណងនេះបានលឿន លុះត្រាតែបើភាគទាំងពីរព្រមព្រៀងគ្នាលើសំណងក្នុងចំនួនណាមួយជាថ្នូរនឹងការដកពាក្យបណ្ដឹងរដ្ឋប្បវេណី។
កន្លងមកភាគីគ្រួសាររបស់អធិការស្រុកស្វាយអន្ទរ ក៏ធ្លាប់ហៅឲ្យភរិយាជនរងគ្រោះទៅយកសំណងចំនួន ១៤.៥០០ដុល្លារដែរ ប៉ុន្តែក្រោយមកក៏បដិសេធវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសាកសួរគ្រួសារជនជាប់ចោទបានទេ នៅថ្ងៃទី២៨ ខែមករា។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រៃវែង អ្នកស្រី អ៊ាង គឹមលី ស្វាគមន៍ជំហរម៉ឺងម៉ាត់របស់តុលាការ ប៉ុន្តែនៅតែជំរុញឲ្យតុលាការបន្ថែមល្បឿនសវនាការ ដោយសារករណីនេះអាជ្ញាធរសមត្ថកិច្ចបានប្រើអំណាចហួសហេតុ និងរំលោភសិទ្ធិមនុស្ស៖ «ការប្រើអាវុធនោះ គឺមានច្បាប់ស្ដីពីការគ្រប់គ្រងអាវុធដែរ អ៊ីចឹងក្នុងនាមគាត់ជាអធិការ គាត់យល់ច្បាស់។ នៅពេលដែលគាត់យកមកប្រព្រឹត្តលើប្រជាពលរដ្ឋសាមញ្ញ គឺជាគំរូអាក្រក់ដល់មន្ត្រីរាជការផ្សេងៗទៀត»។
មន្ត្រីសមាគមអាដហុក ក៏ចង់ឲ្យតុលាការចោទប្រកាន់អធិការនោះតាមមាត្រា ២០៤ នៃក្រមព្រហ្មទណ្ឌថ្មីដែរ ដែលចែងថា បទឃាតកម្មប្រព្រឹត្តដោយអ្នករាជការសាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ ទៅ ៣០ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
