សាក្សី ៣នាក់ដែលស្ថិតក្នុងហេតុការណ៍ផ្ទាល់នៅក្នុងវិវាទរវាងប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងនាយរងប៉ូលិសអន្តោប្រវេសន្តម្នាក់នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចូលបំភ្លឺតាមការកោះហៅរបស់ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ជាបន្តបន្ទាប់គ្នា តាំងពីព្រឹករហូតដល់រសៀលថ្ងៃទី១០ ខែមករា។
សាក្សីដែលបានចូលបំភ្លឺនៅសាលាដំបូងខេត្តបន្ទាយមានជ័យ អះអាងថា ពួកគាត់មានឱកាសបានបកស្រាយការពិតទាំងអស់នៅចំពោះមុខតុលាការដូចការគ្រោងទុក។
សាក្សីម្នាក់ លោក អ៊ុន ជីវ័ន ឲ្យដឹងក្រោយចេញពីធ្វើសក្ខីកម្មនៅសាលាដំបូងខេត្តក្នុងសំណុំរឿងលោក ឌិន ពុទ្ធី ដែលអាជ្ញាធរចោទប្រកាន់ថា បើកឡានបុកនាយរងប៉ុស្តិ៍ប៉ូលិសអន្តោប្រវេសន្តច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១០ ខែមករា ថា ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសាកសួររូបលោកប្រមាណ ៣ម៉ោង ដោយពុំមានការបង្ខិតបង្ខំឡើយ។ លោកអះអាងថា សំណួរខ្លះតុលាការបានសួរបញ្ជាក់ម្ដងហើយម្ដងទៀត ដូចជាតើលោកបានឃើញឡានបុកលោក ឈាន ពិសិដ្ឋ ឬប៉ូលិសរូបនេះដួលដោយខ្លួនឯងជាដើម? លោកឆ្លើយថា ឡានរបស់លោក ឌិន ពុទ្ធី មិនបានបើកបុកលោក ឈាន ពិសិដ្ឋ នោះទេ។
លោក អ៊ុន ជីវ័ន មានជំនឿថា ចម្លើយរបស់លោកនឹងអាចដោះបន្ទុកឲ្យជនត្រូវចោទបាន៖ «ខ្ញុំនិយាយនោះសុទ្ធតែជាការពិតជាក់ស្ដែងទាំងអស់ដែលខ្ញុំបានឃើញផ្ទាល់ភ្នែក។ ខ្ញុំសូមអំពាវនាវដល់ប្រមុខរដ្ឋាភិបាល និងប្រធានតុលាការខេត្តបន្ទាយមានជ័យ មេត្តាជួយលើកលែងទោសលោក ឌិន ពុទ្ធី ព្រោះគាត់ជាមនុស្សតែងជួយដល់ប្រជាពលរដ្ឋមានបញ្ហាជាច្រើននាក់នៅក្នុងប៉ោយប៉ែត»។
សាក្សីដែលបានចូលបំភ្លឺតុលាការទាំង ៣នាក់ រួមមានលោក អ៊ុន ជីវ័ន ចូលបំភ្លឺនៅពេលព្រឹក លោក ហ៊ិន សេង អឿន និងលោក ញ៉ែត នាង ចូលបំភ្លឺពេលរសៀល។
ទោះជាយ៉ាងនេះក្ដីមន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho)ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន មានប្រសាសន៍ថា បន្ទាប់ពីសាក្សីបានចូលបំភ្លឺតុលាការហើយ បញ្ហានេះអាចនឹងជួយដោះបន្ទុកឲ្យលោក ឌិន ពុទ្ធី ឲ្យមានសេរីភាពឡើងវិញបាន ប្រសិនបើដើមបណ្ដឹងពុំមានភស្តុតាងបន្ថែម ដើម្បីបង្ហាញទៅតុលាការនោះ។
យ៉ាងណាក៏ដោយ លោក ភុន ឈិន សង្កត់ធ្ងន់ថា ប្រសិនបើតុលាការរកឃើញថា លោក ឌិន ពុទ្ធី គ្មានកំហុសទេ គឺច្បាប់មានសម្រាប់ផ្ដន្ទាទោសភាគីម្ខាងទៀតដូចគ្នា ពីបទប្ដឹងធ្វើឡើងដោយគ្មានការពិតដែលរំខានដល់អ្នកដទៃក្នុងគោលបំណងដើម្បីទម្លាក់កំហុសធ្វើឲ្យអ្នកដទៃមានបញ្ហា៖ «ហើយធ្វើណាព្យាយាមរកសាក្សីផ្សេងទៀតដែលអាចផ្ដល់តុល្យភាពដល់លើសំណុំរឿងនេះ ធ្វើយ៉ាងណាផ្ដល់យុត្តិធម៌ឲ្យបានស្មើភាពគ្នា ព្រោះពលរដ្ឋត្រូវស្ថិតនៅក្រោមច្បាប់ដូចគ្នា។ អ៊ីចឹងចៅក្រមត្រូវរកឲ្យឃើញក្នុងនាមអ្នកដែលផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ដើម្បីឲ្យមានតុល្យភាពទាំងអស់គ្នា»។
កន្លងទៅឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់អះអាងថា ការសន្និដ្ឋានបឋមរបស់តុលាការខេត្តបន្ទាយមានជ័យ រកឃើញថា នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន្តច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ដែលប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បើករថយន្តបុកឱ្យរងរបួសដួលសន្លប់ កាលពីថ្ងៃទី២២ ខែធ្នូ គឺជាការពិត។ ប៉ុន្តែសាក្សីដែលស្ថិតនៅក្នុងហេតុផ្ទាល់ជាច្រើននាក់ អះអាងថា ឡានលោក ឌិន ពុទ្ធី មិនបានបុកប៉ូលិសដូចការចោទប្រកាន់នោះទេ។ លោក ឌិន ពុទ្ធី ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ។
កាលពីថ្ងៃ២៩ ខែធ្នូ សាច់ញាតិ និងអ្នកគាំទ្រមន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ បានតវ៉ាបិទផ្លូវនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីទាមទារឲ្យតុលាការផ្ដល់យុត្តិធម៌ជូន លោក ឌិន ពុទ្ធី។ ស្របគ្នានេះដែរ កាសែតក្នុងស្រុកជាច្រើនចុះផ្សាយនៅព្រឹកថ្ងៃទី១០ ខែធ្នូ ថា អាជ្ញាធរខេត្តបន្ទាយមានជ័យ គ្រោងស្នើសុំទៅថ្នាក់លើផ្លាស់លោក ឈាន ពិសិដ្ឋ ចេញពីច្រកប៉ោយប៉ែត នៅពេលខាងមុខ។ ប៉ុន្តែអភិបាលរងខេត្តបន្ទាយមានជ័យ និងជាអ្នកនាំពាក្យសាលាខេត្ត លោក អ៊ុំ រាត្រី អះអាងប្រាប់អាស៊ីសេរី នៅរសៀលថ្ងៃទី១០ ខែមករា ថា អាជ្ញាធរខេត្តពុំមានអំណាចស្នើសុំទៅថ្នាក់លើដកនាយរងប៉ូលិសរូបនោះ ដូចការចុះផ្សាយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
