អង្គការ​ធ្វើ​ការ​លើក​ស្ទួយ​ស្ត្រី​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​ខ្លះ​ក្នុង​រដ្ឋធម្មនុញ្ញ

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ស្នើ​គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​ក្នុង​សភា​កែប្រែ​ចំណុច​មួយ​ចំនួន​នៃ​មាត្រា​ខ្លះ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត ដែល​រំពឹង​ថា នឹង​ជួយ​អោយ​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​បាន​កើន​ឡើង ស្រប​តាម​គោលនយោបាយ​រដ្ឋាភិបាល និង​បទដ្ឋាន​អន្តរជាតិ​នានា។

ការ​ស្នើ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី​អនុសាសន៍​របស់​ស្ត្រី​នៃ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើ​ការ​ធានា​អោយ​បាន​សមភាព​យេនឌ័រ ក្នុង​វិស័យ​នយោបាយ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​សីហា។

នាយិកា​អង្គការ​សីលកា និង​ជា​ប្រធាន​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា អនុសាសន៍​ដែល​ក្រុម​អង្គការ​ស្ត្រី​ស្នើ​គឺ​ជា​វិធានការ​ពិសេស​ដែល​អាច​ធានា​ថា ចំនួន​តំណាង​ជា​ស្ត្រី​រាប់​តាំង​ពី​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​រហូត​ដល់​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នឹង​មាន​ការ​កើន​ឡើង។ ចំណុច​សំខាន់​បំផុត​គឺ​ការ​កែប្រែ​ច្បាប់​បោះ​ឆ្នោត​ត្រង់​មាត្រា ៣៨​ថ្មី​នៃ​ច្បាប់​បោះ​ឆ្នោត ដែល​គួរ​បង្កើត​អោយ​មាន​បញ្ជី​ឈ្មោះ​បេក្ខជន​ឆ្លាស់​គ្នា​រវាង​បុរស និង​ស្ត្រី​តាមលំដាប់​អាទិភាព​ពី​ខ្ពស់​មក​ទាប។

អ្នកស្រី ធីតា ឃិះ. «ពីព្រោះ​ជា​ការ​លើក​តម្កើង​គោលការណ៍​សមភាព សមធម៌​ពិត​ប្រាកដ ដែល​នឹង​នាំ​មក​នូវ​លទ្ធផល​ជាក់​ស្ដែង​នៅ​ពេល​ណា​ដែល​នឹង​នាំ​កល​នូវ​លទ្ធផល​ជាក់​ស្ដែង​ក្នុង​ពេល​បោះឆ្នោត​ហើយ​មិន​មែន​គ្រាន់​តែ​ថា មិន​មែន​គ្រាន់​តែ​លើ​បបូរ​មាត់​មិន​មែន​គ្រាន់​តែ​នៅ​លើ​ក្រដាស ក៏​ប៉ុន្តែ​គឺ​ជា​ការងារ​ជាក់​ស្ដែង ពី​ព្រោះ​បើ​យើង​គ្រាន់​តែ​និយាយ​ថា ស្ត្រី​បុរស​មាន​សិទ្ធិ​ស្មើ​គ្នា ប៉ុន្តែ​ស្ត្រី​ចុង​បញ្ចប់​អត់​បាន​ទទួល​សិទ្ធិ ដោយ​គាត់​អត់​បាន​ជា​តំណាង​ដោយសារ​ឧបសគ្គ​ជា​ច្រើន ហើយ​ដោយសារ​ប្រព័ន្ធ ដោយសារ​រចនាសម្ព័ន្ធ​គឺ​បាន​ជា​ការ​រាំងស្ទះ​ដល់​ស្ត្រី»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា នឹង​ដាក់​សំណើ​នេះ​ទៅ​គណបក្ស​នយោបាយ​នៅ​សប្ដាហ៍​ក្រោយ។ ប្រសិន​បើ​ពុំ​មាន​ការ​ឆ្លើយតប​នោះ​ពួក​គេ​អាច​នឹង​រៀបចំ​អោយ​មាន​ការប្រជុំ​រវាង​ម្ចាស់​ឆ្នោត និង​គណបក្ស​នយោបាយ នឹង​ឈាន​ដល់​ការ​ប្រមូល​ផ្ដុំ​ជា​ការ​តវ៉ា​របស់​ម្ចាស់​ឆ្នោត​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។