ចៅក្រមស៊ើបសួររបស់តុលាការខេត្តកំពង់ស្ពឺ លោក ឆឹម ឬទ្ធី កំពុងពិចារណាលើសំណើសុំធានារបស់មេធាវីដែលសុំឲ្យកូនក្តីរបស់ខ្លួនជាថ្នាក់ដឹកនាំសហជីពសេរីកម្មករ ចំនួន ៨នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តចំនួន ៣ថ្ងៃមកហើយ៖ «ខ្ញុំកំពុងតែចំណាត់ការតាមនីតិវិធីច្បាប់។ ប៉ុន្តែ ត្រូវពិចារណាសិន»។
តាមនីតិវិធី ចៅក្រមស៊ើបសួរមានពេល ៥ថ្ងៃ ក្នុងការពិចារណាលើសំណើសុំធានានៅក្រៅឃុំរបស់មេធាវី។
កម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា ជិត ១ពាន់នាក់ បន្តឈរតវ៉ាយ៉ាងស្ងៀមស្ងាត់រយៈពេល ២ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី៦ ខែមិថុនា នៅខាងមុខតុលាការខេត្តកំពង់ស្ពឺ ដើម្បីរង់ចាំការសម្រេចរបស់ចៅក្រម ថានឹងអនុញ្ញាតឲ្យមន្ត្រីសហជីពរបស់ខ្លួនស្ថិតនៅក្រៅឃុំ ឬយ៉ាងណា?
តុលាការខេត្តបានសម្រេចឃុំខ្លួនមន្ត្រីសហជីពសេរីកម្មករ ៨នាក់ ដាក់ក្នុងពន្ធនាគារខេត្ត ក្រោមបទចោទចំនួន២។ ទី១ ផ្ដើមគំនិតឲ្យមានអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងទី២ ផ្ដើមគំនិតឲ្យមានការខូចខាតដោយចេតនា មានស្ថានទម្ងន់ទោសតាមមាត្រា២៨ មាត្រា២១៨ និងមាត្រា៤១១ ក្នុងក្រមព្រហ្មទណ្ឌថ្មី។ ប្រសិនបើតុលាការរកឃើញពិរុទ្ធភាពនៃបទចោទប្រកាន់មែន មន្ត្រីសហជីពទាំងនោះអាចជាប់ពន្ធនាគារខ្ពស់បំផុត ៥ឆ្នាំ។
មេធាវីប្រចាំសហជីពសេរីកម្មករ លោក គុជ រដ្ឋា បញ្ជាក់ថា ចៅក្រមស៊ើបសួរកំពុងពិចារណាលើលិខិតសុំធានាកូនក្តីរបស់លោក។ ប៉ុន្តែ ចំពោះការសម្រេចយ៉ាងណានោះ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម៖ «គាត់គ្រាន់តែថាទទួលខុសត្រូវលើការគ្រប់គ្រងស្ថានការណ៍វាអត់បាន។ កម្មករមានការជ្រៀតជ្រែកទៅ វាមានហិង្សាជាមួយសមត្ថកិច្ចទៅ ហើយខូចខាតទ្រព្យសម្បត្តិខ្លះ។ ខ្ញុំបានលើកឲ្យតុលាការ ហើយថាអត់មានភស្តុតាងជាក់លាក់ថាគាត់ជាអ្នកបំផ្លិចបំផ្លាញទេ តែមិនដឹងនរណា»។
រោងចក្រ សាប្រ៊ីណា បានដាក់ពាក្យប្ដឹងទាមទារចំពោះការខូចខាតទ្រព្យសម្បត្តិ និងទារថ្លៃជំងឺចិត្តចំនួន ១៥ម៉ឺនដុល្លារ ចំពោះមន្ត្រីសហជីពសេរីកម្មករ ដែលក្រុមហ៊ុនអះអាងថា ជាអ្នកផ្ដើមឲ្យមានការផ្ទុះហិង្សាកើតឡើង នៅគ្រាដែលកម្មករជិត ២ពាន់នាក់ បានធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ១៤ដុល្លារបន្ថែម កាលពីថ្ងៃទី៣ ខែមិថុនា។
ការផ្ទុះកូដកម្មនៅរោងចក្រ សាប្រ៊ីណា ដែលចាត់ទុកជារោងចក្រគំរូលំដាប់ផ្កាយ៥ ខាងផ្នែកគោរពលក្ខខណ្ឌការងារ កំពុងធ្វើឲ្យសហជីពពីរប្រចាំរោងចក្រ គឺសហជីពសេរីកម្មករ និងសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា កំពុងចោទប្រកាន់គ្នាទៅវិញទៅមក ចំពោះការបង្កឲ្យមានការផ្ទុះកូដកម្ម ដែលគ្រប់គ្រងលែងកើតរហូតធ្វើឲ្យមានហិង្សាកើតឡើង។
អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក គង់ អាទិត្យ ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី៦ ខែមិថុនា ដោយទទូចឲ្យលោក ជា មុនី ប្រធានសហជីពសេរីកម្មករ បញ្ចប់ការចោទប្រកាន់ទៅលើសហព័ន្ធសហជីពរបស់លោក ដែលថាអ្នកនាំរឿងបង្កឲ្យមានអំពើហិង្សាកើតឡើង។ លោកព្រមានថា ប្រសិនបើលោក ជា មុនី នៅតែបន្តធ្វើការចោទប្រកាន់ទៀតនោះ នឹងរឹតតែបង្កឲ្យករណីនេះកាន់តែធ្ងន់ធ្ងរ ហើយខាងគណៈកម្មការសហជីពលោកនឹងដាក់ពាក្យប្ដឹងលោក ជា មុនី៖ «គឺស៊ីខាវដូ មិនមានការគុំគួនចង់ឈ្នះចង់ចាញ់ជាមួយសហជីពសេរីកម្មករទេ អ្វីជាសេចក្តីថ្លែងការណ៍របស់យើង គឺសូមឲ្យបញ្ចប់អ្វីដែលគាត់បានផ្សព្វផ្សាយតាមសារព័ត៌មាន ហើយសូមឲ្យដោះស្រាយតាមនីតិវិធីច្បាប់ទាំងអស់គ្នា និងស្វែងរកយុទ្ធសាស្ត្រណាដែលអាចធ្វើការងារជាមួយគ្នា»។
ការលើកឡើងនេះ ធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងលោក ជា មុនី ដែលបានចោទថា ការប៉ះទង្គិចគ្នានៅពេលធ្វើកូដកម្មនៅរោងចក្រ សាប្រ៊ីណា ជាការរៀបចំទុកជាមុនរបស់ក្រុមហ៊ុនជាមួយនឹងសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។
ភ្លាមៗនោះ សមាគមកាត់ដេរកម្ពុជា ក៏បានផ្ញើលិខិតមួយទៅរដ្ឋាភិបាល ដើម្បីធានាឲ្យទំនុកចិត្តដល់វិនិយោគិន និងធ្វើឲ្យឧស្សាហកម្មកាត់ដេរអាចបន្តផ្តល់ឱកាសការងារដល់ពលរដ្ឋប្រមាណជាង ៥សែននាក់ ដោយត្រូវផ្ដន្ទាទោសតាមច្បាប់ចំពោះអ្នកបង្កឲ្យមានអំពើហិង្សាកើតឡើង ក្នុងពេលធ្វើកូដកម្មនៅខាងមុខរោងចក្រ សាប្រ៊ីណា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។