មន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យដឹងថា ស្មុំកូន ឬការសុំកូនចិញ្ចឹមអន្តរប្រទេស ឬដោយជនបរទេស នឹងត្រូវផ្អាកបន្តរហូតដល់ឆ្នាំ២០១៤។ ក៏ប៉ុន្តែ មិនទាន់មានកាលកំណត់ជាក់លាក់នៅនៅឡើយ។
ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺលោក នឹម ថូត នៅឯកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិមួយ ពាក់ព័ន្ធនឹងច្បាប់ស្ដីពីកិច្ចការពារកុមារ និងកិច្ចសហប្រតិបត្តិការស្មុំកូនអន្តរប្រទេស នៅថ្ងៃទី៤ ធ្នូ។ លោកថា រដ្ឋាភិបាលបានសម្រេចបង្កើតឱ្យមានអាជ្ញាធរ និងគណៈកម្មការស្មុំកូនអន្តរប្រទេសតាមច្បាប់ ស្ដីពីស្មុំកូនអន្តរប្រទេសរួចហើយ ដោយនៅរង់ចាំការអនុវត្ត។
លោក នឹម ថូត៖ «ការអនុវត្តន៍ច្បាប់ យើងបានសម្រេចថា អនុវត្តថ្ងៃ១ ខែ១ ឆ្នាំ២០១៣។ ប៉ុន្តែដោយសារការរៀបចំនីតិវិធីមួយចំនួនអត់ទាន់ចប់។ ពិតមែនតែភាគីកម្ពុជា ម្ចាស់ការរៀបចំចប់ហើយ ប៉ុន្តែយើងក៏ត្រូវការសាកសួរយោបល់ពីឡាអេ ដែលគេហៅថាការិយាល័យអចិន្ត្រៃយ៍របស់ឡាអេ នោះ ឱ្យគេមានយោបល់ ហើយត្រូវការយោបល់ពីស្ថានទូត ឬក៏ពីភ្នាក់ងារសុំកូនមួយចំនួន ឱ្យគេរួមយោបល់ ថាតើអាហ្នឹងអនុវត្តរួមគ្នាបានដែរឬអត់? ដូច្នេះ យើងប្ដេជ្ញាថា ឆ្នាំ២០១៤ យើងអនុវត្តហើយ»។
ច្បាប់ស្ដីពីស្មុំកូនអន្តរប្រទេសរបស់កម្ពុជា ត្រូវបានរដ្ឋសភាអនុម័តកាលពីខែធ្នូ ឆ្នាំ២០០៩។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ ច្បាប់ស្ដីពីស្មុំកូនអន្តរប្រទេសនៅមិនទាន់បានអនុវត្តនៅឡើយទេ ដោយ លោក នឹម ថូត ថ្លែងថា បណ្ដាលមកពីរដ្ឋាភិបាលនៅមិនទាន់បានធ្វើសេចក្ដីប្រកាសណែនាំ និងបណ្ដុះបណ្ដាលមន្ត្រីនានាដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់នេះ។
កិច្ចពិគ្រោះយោបល់ដែលក្រសួងយុត្តិធម៌ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្នុងការអនុវត្តអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៩៣ ស្ដីពីកិច្ចការពារកុមារ និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការស្មុំកូនអន្តរប្រទេស សម្របសម្រួលដោយការិយាល័យអចិន្ត្រៃយ៍នៃសន្និសីទក្រុងឡាអេ ទទួលបន្ទុកនីតិឯកជនអន្តរជាតិ (HCCH) និងការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អ្នកស្រី ចាន់ សុទ្ធាវី មានប្រសាសន៍ថា សិក្ខាសាលាពិគ្រោះយោបល់រយៈពេល ២ថ្ងៃ ដែលចាប់ផ្ដើមនៅថ្ងៃទី៤ ធ្នូ គឺជាការផ្សព្វផ្សាយអំពីច្បាប់ទាក់ទងនឹងស្មុំកូននៅកម្ពុជា៖ «ដើម្បីធានានូវការអនុវត្តន៍ច្បាប់ ទើបយើងសហការរវាងក្រសួងសង្គមកិច្ច និងក្រសួងយុត្តិធម៌ ដោយមានការគាំទ្រឧបត្ថម្ភថវិកាពីអង្គការ យូនីសែហ្វ នោះ ខិតខំធ្វើយ៉ាងណារៀបចំនូវវគ្គបណ្ដុះបណ្ដាលនេះ ហើយយើងនឹងខិតខំវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ទៀត។ ខ្ញុំសុំបញ្ជាក់ថា រាល់បញ្ញត្តិច្បាប់ដែលពាក់ព័ន្ធទៅនឹងស្មុំកូនក្នុងស្រុកក្ដី ឬស្មុំកូនអន្តរប្រទេសក្ដី គឺសុទ្ធតែជាបទបញ្ញត្តិមួយ ដែលយើងខិតខំសម្រិតសម្រាំងរៀបចំយ៉ាងណា ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយនៅគ្រប់ស្ថានភាព ដើម្បីធានាឱ្យបានពេញលេញនៅក្នុងការការពារសិទ្ធិសេរីភាពកុមារ ក៏ដូចជា ឧត្ដមប្រយោជន៍របស់កុមារ ដែលមានចែងនៅក្នុងមាត្រាទី៣ នៃអនុសញ្ញាស្ដីពីសិទ្ធិកុមារផងដែរ»។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានអ្នកចូលរួមជាមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងចៅក្រមនៃតុលាការខេត្តក្រុងទាំង២៣ និងរាជធានីភ្នំពេញ ចំនួន ៦០រូប។ សិក្ខាសាលានេះពិនិត្យឡើងវិញលើទំនាក់ទំនងរវាងស្មុំកូនក្នុងប្រទេស និងស្មុំកូនអន្តរប្រទេស និងការចែករំលែកការអនុវត្តន៍ល្អនៅថ្នាក់តំបន់ និងអន្តរជាតិ។
តំណាងការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសន្និសីទទីក្រុងឡាអេ លោក អានសែលម៉ូ រីយ៉េស (Anselmo Reyes) មានប្រសាសន៍ថា ចាំបាច់ត្រូវតែមានកិច្ចការពារសំខាន់ៗ ដើម្បីធានាឱ្យមានការគ្រប់គ្រងករណីស្មុំកូនឱ្យបានត្រឹមត្រូវសិន មុននឹងបើកឱ្យមានស្មុំកូនជាថ្មី។
ប្រធានស្ដីទីនៃអង្គការ យូនីសែហ្វ (UNICEF) អ្នកស្រី ស៊ូណា គីម (Sunah Kim) ថ្លែងថា រដ្ឋទទួលកូនចិញ្ចឹមត្រូវបានជំរុញឱ្យសហការ និងគាំទ្រប្រទេសកម្ពុជា ក្នុងការងារសំខាន់នេះ តាមរយៈការចាត់វិធានការ ដើម្បីធានាថា ចំនួនពាក្យស្មុំកូន និងការស្នើសុំការអនុញ្ញាតពីបរទេស មានការបញ្ជាក់ត្រឹមត្រូវ និងអាចគ្រប់គ្រងដោយអាជ្ញាធរកម្ពុជា។
លោក នឹម ថូត ថ្លែងថា ចាប់តាំងពីឆ្នាំ១៩៨៧ រហូតមកដល់ឆ្នាំ២០០៩ ប្រទេសកម្ពុជា បានកូនចិញ្ចឹមទៅបរទេសចំនួនជាង ៣ពាន់ ៨រយនាក់ (៣.៨០០នាក់) ហើយ ហើយប្រទេសដែលសុំកូនខ្មែរភាគច្រើន គឺអ៊ីតាលី អាមេរិក បារាំង និងអង់គ្លេស។ លោកថា មកទល់ពេលនេះ លោកមិនទាន់ឮថាកូនចិញ្ចឹមមានបញ្ហាណាមួយនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
