មេធាវីមកពីអង្គការលីកាដូ (Licadho) ការពារក្ដីឲ្យអ្នកស្រី យ៉ោម បុប្ផា គឺលោក ហម ស៊ុនរិទ្ធ ឲ្យដឹងថា ការផ្លាស់ប្ដូរនោះ លោកមិនបានដឹងពីមូលហេតុពិតទេ។ ប៉ុន្តែ បើតាមមន្ត្រីពន្ធនាគារព្រៃស ប្រាប់ថា ការបញ្ជូននេះ គឺបានការបញ្ជាពីមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ក្រៅពីអ្នកស្រី យ៉ោម បុប្ផា ក៏នៅមានអ្នកជាប់ពន្ធនាគារជាង ២០នាក់ទៀត ក៏ត្រូវបានផ្លាស់ប្ដូរឲ្យទៅរស់នៅពន្ធនាគារ ប៉េស៊ី ដូចគ្នា៖ «គេយកគាត់ទៅដាក់នៅពន្ធនាគារ ប៉េស៊ី និយាយទៅខ្ញុំតេខាងគុក ខាងពន្ធនាគារព្រៃស គេថាបញ្ជូនមកហើយ។ មូលហេតុអត់ដឹង ពួកហ្នឹងអត់ប្រាប់ ប៉ុន្តែប្រហែលមានបញ្ជាពីមហាផ្ទៃ មកហើយ ឮថាមានមនុស្សប្រមាណ ២០នាក់ជាងដែរ»។
ប្រភពពីមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ការផ្លាស់ប្តូរនោះមកពីនៅពន្ធនាគារព្រៃស មានសភាពចង្អៀតខ្លាំងពេក។
អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅតំបន់បឹងកក់ ត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ កាលពីខែធ្នូ ឆ្នាំ២០១២ ក្រោមការចោទប្រកាន់ប្រើហិង្សាដោយចេតនា ដែលមានស្ថានទម្ងន់ទោសចំពោះការវាយទៅលើអ្នករត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស។ សព្វថ្ងៃ បណ្ដឹងទាស់របស់អ្នកស្រីស្ថិតក្នុងដៃសាលាឧទ្ធរណ៍នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
