យុវជន​ចាត់​ទុក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម​ថា​បិទ​សិទ្ធិ​យុវជន​ចូលរួម​កិច្ចការ​សង្គម

ដោយ សិរីមុនី
2015.07.01
យុវជន​បារម្ភ​ពី​ច្បាប់​អង្គការ ៦២០ សន្និសីទ​សារព័ត៌មាន​ស្ដីពី​កង្វល់​របស់​យុវជន​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នា​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Sireymuny

យុវជន​កម្ពុជា ថា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ជា​ច្បាប់​បិទ​សិទ្ធិ​សេរីភាព​យុវជន​ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម ហើយ​សេចក្តី​ព្រាង​ច្បាប់​នេះ មិន​ទាន់​ចាំបាច់​សម្រាប់​កម្ពុជា បច្ចុប្បន្ន​ទេ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​បក្ស​កាន់​អំណាច​លើក​ឡើង​ថា យុវជន​ទាំង​នោះ​មិន​ទាន់​ចេះ​អាន​អក្សរ​ទៅ​វិញ ព្រោះ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​មែន​ជា​ច្បាប់​បិទ​សិទ្ធិ​សេរីភាព​នោះ​ឡើយ បើ​សិន​ជា​យុវជន​អាន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​បាន​ល្អិតល្អន់។ ទន្ទឹម​នឹង​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល​និយាយ​ថា យុវជន គឺ​ជា​សំឡេង​ឆ្នោត​ដែល​គ្រប់​គណបក្ស​នយោបាយ មិន​អាច​មើល​រំលង​បាន​ឡើយ។

យុវជន​កម្ពុជា ជាច្រើន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​កង្វល់​របស់​យុវជន​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​៣០ មិថុនា នា​ទីក្រុង​ភ្នំពេញ លើក​ឡើង​ថា កម្ពុជា ត្រូវ​ការ​យុវជន​ជា​ស្នូល​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម ម៉្លោះ​ហើយ​ការ​បង្កើត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នឹង​ក្លាយ​ជា​ឧបសគ្គ​ធំ​ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម​របស់​យុវជន​កម្ពុជា នា​ពេល​អនាគត។

ការ​លើក​ឡើង​របស់​ក្រុម​យុវជន​នេះ នៅ​ខណៈ​ដែល​ក្រុម​យុវជន​ជាច្រើន​បាន​ចូលរួម​កិច្ចការ​សង្គម​យ៉ាង​សស្រាក់សស្រាំ ដូចជា​ពួក​គេ​បាន​ចូលរួម​ទប់ស្កាត់​ការ​កាប់​ព្រៃ​ឈើ ការ​ចូលរួម​ធ្វើ​សកម្មភាព​តវ៉ា​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​កិច្ច​ការពារ​បរិស្ថាន ជាដើម។

និស្សិត​បញ្ចប់​ផ្នែក​ទស្សនវិជ្ជា​នៃ​សាកលវិទ្យាល័យ​រដ្ឋ​មួយ និង​ជា​សមាជិក​សភា​យុវជន​ត្រាប់ កញ្ញា កុប ច័ន្ទណាំ និយាយ​ថា កម្ពុជា ត្រូវ​ការ​ច្បាប់​ជាច្រើន​ដើម្បី​ភាព​រីក​ចម្រើន​នៃ​ជីវភាព និង​សេដ្ឋកិច្ច​សង្គម​ជាតិ​ទាំង​មូល ដូចជា ច្បាប់​ស្ដីពី​ការ​គាំពារ​មនុស្ស​ចាស់​ជរា​គ្មាន​ទីពឹង និង​ច្បាប់ ប៉ុន្តែ​មិន​មែន​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ​ទេ។ កញ្ញា​បន្ថែម​ថា រដ្ឋាភិបាល​ចូល​ចិត្ត​ធ្វើ​អ្វី​ខុស​ពី​លទ្ធិ​សង្គម​ប្រជាធិបតេយ្យ ដោយ​គិត​ថា​ប្រជាពលរដ្ឋ​ល្ងង់​មិន​ចេះ​ស្នើ​នឹង​ខ្លួន៖ «តែ​ខ្ញុំ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង គ្មាន​ចំណុច​ណា​មួយ​ដែល​ធ្វើ​ឲ្យ​សង្គម​មាន​ការ​រីក​ចម្រើន​នោះ​ទេ។ មើល​ឃើញ​ថា ច្បាប់​ហ្នឹង​មិន​ទាន់​មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន​នោះ​ឡើយ»

និស្សិត​មួយ​រូប​ទៀត​សិក្សា​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​រដ្ឋ​មួយ​នា​ទីក្រុង​ភ្នំពេញ លោក ហេង គឹមហុង បញ្ចេញ​មតិ​ថា យុវជន​នឹង​នាំ​គ្នា​តវ៉ា​ដល់​នាទី​ចុង​ក្រោយ មិន​បណ្តោយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដឹក​នាំ​ដោយ លោក ហ៊ុន សែន ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នឹក​ឃើញ​នោះ​ទេ។ លោក​បន្ត​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ អ្នក​ដឹក​នាំ​ប្រទេស​ចាប់​យក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​ក្នុង​ការ​អភិវឌ្ឍ និង​យក​ប្រជាជន​ជា​ម្ចាស់ ព្រោះ​ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេច​ចិត្ត​ដ៏​ធំ​នៅ​ពេល​បោះ​ឆ្នោត មិន​មែន​មិន​ឲ្យ​តម្លៃ​ចំពោះ​ពលរដ្ឋ​អ៊ីចឹង​ទេ៖ «ធ្វើ​បែប​ណា​មួយ​ដែល​សមស្រប ដូច​ធ្វើ​ការ​ថ្កោលទោស​ចំពោះ​គណបក្ស​នយោបាយ ការ​មិន​គាំទ្រ​តាម​រយៈ​សន្លឹក​ឆ្នោត មិន​ទទួល​ស្គាល់​នូវ​ច្បាប់​ហ្នឹង មាន​ន័យ​ថា ច្បាប់​ហ្នឹង​មាន​ប្រយោជន៍​សម្រាប់​តែ​រដ្ឋាភិបាល ប៉ុន្តែ​មិន​បម្រើ​ប្រយោជន៍​ប្រជាជន​នោះ​ទេ»

ក្រុម​យុវជន​ទាំង​នេះ​មិន​ខុស​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ ពួក​គេ​បាន​ព្រមាន​ថា បើ​សិន​ជា​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ណា​មួយ​លើក​ដៃ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ ពួក​គេ​នឹង​មិន​បោះ​ឆ្នោត​ជូន​នោះ​ឡើយ​នៅ​ពេល​ខាង​មុខ។

ព្រះសង្ឃ និង​យុវជន ចូលរួម​សន្និសីទ​សារព័ត៌មាន​ស្ដីពី​កង្វល់​របស់​យុវជន​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នា​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥។
ព្រះសង្ឃ និង​យុវជន ចូលរួម​សន្និសីទ​សារព័ត៌មាន​ស្ដីពី​កង្វល់​របស់​យុវជន​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នា​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Sireymuny

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ និយាយ​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ មិន​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នោះ​ទេ។ មិន​មាន​ការ​រឹតត្បិត​សិទ្ធី​សេរីភាព ព្រោះ​ច្បាប់​នេះ​បង្កើត​ឡើង​ក្នុង​គោលដៅ​ការពារ​ប្រយោជន៍​របស់​ប្រជាជន និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ។ លោក​បន្ត​ថា ការ​សម្រេច​ចិត្ត​ក្នុង​ការ​បោះ​ឆ្នោត គឺ​ជា​សិទ្ធិ​របស់​បុគ្គល ម៉្លោះ​ហើយ យុវជន​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​គ្មាន​ពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ​បន្តិច​សោះ​ឡើយ៖ «យុវជន​ជា​អ្នក​និយាយ​ហ្នឹង​ប្រហែល​មិន​ទាន់​ចេះ​អក្សរ​ខ្មែរ​អស់ គួរ​តែ​យក​អា​មាត្រា​៥ ហ្នឹង អាន​ឲ្យ​បាន ១០​ដង ហើយ​មួយ​ដង​មួយ​ម៉ាត់​មួយ​ម៉ាត់»

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ វិញ លោក យឹម សុវណ្ណ គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​យុវជន​ទាំង​នោះ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជជែក​ពិភាក្សា​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ប្រឆាំង​ដាច់​ខាត​មិន​ឲ្យ​រដ្ឋសភា អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ៖ «សូម​បង​ប្អូន​ប្រជាពលរដ្ឋ​យល់​ឲ្យ​ច្បាស់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​គាំទ្រ​ច្បាប់​នេះ​ទេ ដរាប​ណា​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​តែ​មាន​ចំណុច​ដូច​ក្នុង​រដ្ឋសភា។ យើង​នឹង​ថ្លឹងថ្លែង និង​ពិនិត្យ​ពិចារណា ហើយ​ឥឡូវ​នេះ​មិន​ទាន់​ដល់​ដំណាក់​កាល​នោះ​ទេ។ យើង​មាន​គណៈកម្មាធិការ​ចំនួន​៣ ក្នុង​រដ្ឋសភា ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​ឆាប់ៗ​នេះ។ អនុប្រធាន​នៃ​គណៈកម្មាធិការ និង​សមាជិក​ដែល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិភាក្សា​គ្នា​ជា​មុន​សិន មុន​នឹង​មាន​ជំហរ​ផ្សេង​ទៀត»

ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ដើម្បី​ប្រជាពលរដ្ឋ និង​សន្តិភាព លោក យង់ គិមអេង លើក​ជា​ចម្ងល់​ថា ហេតុ​អ្វី​រដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ លោក ហ៊ុន សែន មិន​សូវ​ខ្វល់​ពី​មតិ​ប្រជាពលរដ្ឋ​ជា​ធំ​អ៊ីចឹង? លោក​ពន្យល់​ថា តម្រូវ​ការ​នៃ​ច្បាប់​ក្នុង​សង្គម​ជាច្រើន​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​ការ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បង្កើត បែរ​ជា​មក​បង្កើត​ច្បាប់​មួយ​ដែល​មាន​លក្ខណៈ​បិទ​សំឡេង​ខាង​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ទៅ​វិញ៖ «នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​គេ​ប្រាប់​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ស្ដីពី​សមាជ​ជាតិ​ដែរ​ហ្នឹង ចុះ​ម៉េច​ក៏​មិន​ព្រម​ធ្វើ​ដែរ​ទៅ​បាទ ព្រោះ​ថា ច្បាប់​ហ្នឹង​វា​សំខាន់ វា​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​អាច​ទំនាក់ទំនង​នឹង​តំណាង​របស់​ខ្លួន ដឹង​ឮ​យល់​គ្នា​ទៅ​វិញ​ទៅ​មក ចុះ​ហេតុ​អ្វី​មិន​បង្កើត? នេះ​ជា​អ្វី​ដែល​យើង​ចង់​សួរ​ដែរ​បាទ»

ជំពូក​ទី​៣ ស្ដីពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មាត្រា​៤២ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​វាក្យខណ្ឌ​ទី​១ និង​ទី​២ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម និង​គណបក្ស​នយោបាយ។ សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​ច្បាប់។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ អាច​ចូលរួម​ក្នុង​អង្គការ​មហា​ជន ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ការពារ​សមិទ្ធផល​ជាតិ និង​សណ្ដាប់ធ្នាប់​សង្គម។ រីឯ​មាត្រា​៣៦ វាក្យខណ្ឌ​ទី​៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បង្កើត​សហជីព និង​ចូលរួម​ជា​សមាជិក​សហជីព​នេះ។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា មាន​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​សហជីព​ប្រមាណ​ជាង ៥​ពាន់​ស្ថាប័ន។

យុវជន​កម្ពុជា និង​មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ទទូច​ឲ្យ​រដ្ឋសភា បញ្ឈប់​គំនិត​ចង់​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ព្រោះ​ច្បាប់​នេះ​គ្មាន​ប្រយោជន៍​អ្វី​ក្រៅ​ពី​បិទ​សិទ្ធិ​យុវជន កុំ​ឲ្យ​ចូលរួម​សកម្មភាព​សង្គម និង​គ្មាន​អ្វី​ក្រៅ​ពី​បិទ​សិទ្ធិ​បញ្ចេញ​មតិ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន នោះ​ទេ។ យុវជន​កម្ពុជា និង​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ច្បាប់​នេះ​បង្កើត​ឡើង​ក្នុង​គោលដៅ​ក្តោប​ក្តាប់​អំណាច​ក្នុង​ដៃ​គណបក្ស​ឈ្នះ​ឆ្នោត​តែ​ប៉ុណ្ណោះ។

ទោះ​បី​ជា​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ក្លាយ​ជា​ថ្នាំ​ពុល​សម្រាប់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ក៏ដោយ តែ​គេ​រង់ចាំ​មើល​ថា តើ​រដ្ឋសភា​នឹង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ ឬ​យ៉ាង​ណា?៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។