យុវជននៃសភាយុវជនត្រាប់ ធ្វើសន្និសីទយុវជនស្ដីពីអនុសាសន៍របស់យុវជន ក្នុងការជំរុញឲ្យអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី “ការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង” នៅថ្ងៃទី២៩ វិច្ឆិកា ក្រុងភ្នំពេញ ដើម្បីជំរុញឲ្យរដ្ឋាភិបាលពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់នេះឲ្យបានឆាប់ ក្នុងគោលដៅដើម្បីអាចគ្រប់គ្រងការលក់ស្រា និងអាចកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីគ្រឿងស្រវឹង។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះស្ថិតនៅលេខរៀងក្រោយគេ ព្រោះបច្ចុប្បន្នមានសេចក្ដីព្រាងច្បាប់ច្រើនទៀតដែលរដ្ឋាភិបាលត្រូវពិនិត្យ ម្ល៉ោះហើយជាហេតុបណ្ដាលឲ្យមានការយឺតយ៉ាវក្នុងការប្រជុំត្រួតពិនិត្យ និងបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័ត។
ក្រុមយុវជននៃសភាយុវជនត្រាប់ គ្រោងនឹងធ្វើញត្តិដាក់ទៅកាន់រដ្ឋសភានៅដើមឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីជំរុញឲ្យរដ្ឋសភា ពន្លឿនការប្រជុំត្រួតពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់យុវជនក្នុងសន្និសីទនោះ គឺជំរុញឲ្យអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី “ការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង” ដោយយុវជនទាំងនោះទទូចស្នើសុំជាថ្មីទៅកាន់រដ្ឋាភិបាល ឲ្យបង្កើតផែនការជាក់លាក់ក្នុងការកំណត់ពេលវេលានៃការអនុម័តសេចក្តីព្រាងច្បាប់នេះ ក្នុងន័យការពារសុខភាពសាធារណៈ សណ្ដាប់ធ្នាប់សង្គម កាត់បន្ថយបញ្ហាអសន្តិសុខ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីគ្រឿងស្រវឹង និងអាចគ្រប់គ្រងការលក់ស្រាដែលអាជីវករដាក់លក់ និងផ្សព្វផ្សាយលក់បែបអនាធិបតេយ្យនាពេលបច្ចុប្បន្ននេះ។
អនុប្រធានទី២ នៃសភាយុវជនត្រាប់ កញ្ញា រស់ ស្រីពៅ និយាយថា ស្រាគឺជាប្រភពនៃបញ្ហាធំមួយក្នុងសង្គមកម្ពុជា បច្ចុប្បន្ន។ យុវជនមួយចំនួនសេពសុរា លះបង់ការសិក្សា មិនស្តាប់មាតាបិតា បង្កជាបញ្ហាផ្សេងៗ ធ្វើឲ្យសង្គមមានភាពល្អក់កករ និងបណ្ដាលឲ្យខ្លួនឯងផ្ទាល់ត្រូវបាត់បង់ឱកាសដើម្បីក្លាយជាកោសិកាសំខាន់សម្រាប់សង្គម។
កញ្ញាបន្តថា បរិបទនៃគំនិតចាស់គំរឹលមួយចំនួន បានបណ្ដាលឲ្យស្ត្រីទទួលទានស្រាដោយមិនដឹងពីផលប៉ះពាល់ចំពោះសុខភាព មានជារួម ស្ត្រីដែលទើបសម្រាលកូនខ្ចី ត្រូវបានចាស់ៗខ្លះតម្រូវឲ្យផឹកស្រាដើម្បីសុខភាពស្បូនល្អ ប៉ុន្តែតាមពិត គឺការផឹកស្រាក្រោយពេលសម្រាលកូន គឺមិនមានផលល្អឡើយសម្រាប់ស្ត្រីជាម្តាយ៖ «ជាស្ត្រីទោះបីគាត់ម្តាយក៏ដោយ ជាប្រពន្ធក៏ដោយ នៅពេលដែលប្ដីគាត់ស្រវឹង គឺមករកប្រពន្ធ អ៊ីចឹងគាត់ជាអ្នករងគ្រោះ»។
ទន្ទឹមគ្នានេះ វិទ្យុអាស៊ីសេរី ទទួលបានលិខិតរបស់ក្រុមហ៊ុនរកស៊ីគ្រឿងស្រវឹងធំមួយប្រចាំកម្ពុជា ដោយក្នុងលិខិតនោះសរសេរស្នើសុំជួបមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដើម្បីពិភាក្សាកែប្រែមាត្រាមួយចំនួន ដែលមានលក្ខណៈរឹតត្បិតខ្លាំងលើឈ្មួញអ្នករកស៊ីគ្រឿងស្រវឹង និងអរគុណចំពោះមន្ត្រីជាន់ខ្ពស់នោះដែលបានផ្តល់ឱកាសបានជួបពិភាក្សាគ្នា។
សេចក្តីថ្លែងការណ៍រួមក្នុងសន្និសីទរបស់យុវជននៃសភាយុវជនត្រាប់ ដាក់ការសង្ស័យថា ប្រហែលឈ្មួញរកស៊ីគ្រឿងស្រវឹងដែលយកស្រាទៅលក់ពង្វក់ស្មារតីប្រជាជន មានលុយក្នុងដៃ ហើយយកលុយនោះសូកមន្ត្រីជាន់ខ្ពស់ដែលមានអំណាច ដើម្បីខ្ទប់សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ឲ្យស្ថិតនៅក្រោមគំនាបដបស្រា និងប្រាក់ដុល្លារ ប៉ុន្តែអត់ខ្វល់ពីសុខភាពប្រជារាស្ត្រជាធំ។
តំណាងគណៈកម្មការច្បាប់នៃសភាយុវជនត្រាប់ លោក ជា ចំរុង លើកឡើងថា ស្រាគឺជាបញ្ហាក្នុងសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ បងតូចបងធំ ចោរលួច ចោរឆក់ អំពើហិង្សាក្នុងគ្រួសារនៅតាមសហគមន៍។ ស្រាអាចបណ្ដាលឲ្យយុវជនដែលមានការអប់រំតិចតួច និងខ្វះមូលដ្ឋាននៃការត្រិះរិះពិចារណាបែបស៊ីជម្រៅ ធ្វើសកម្មភាពដែលខុសនឹងច្បាប់ដែលសង្គមកំពុងលុបបំបាត់នោះ មានជាអាទិ៍ ការរំលោភសេពសន្ថវៈ ការបង្កហិង្សាពេលមានពិធីបុណ្យទានផ្សេងៗតាមសហគមន៍៖ «យើងឃើញជាក់ស្តែងគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាហ្នឹងផ្សេងៗហ្នឹង គឺសុទ្ធសឹងកើតចេញពីការសេពគ្រឿងស្រវឹង»។
លោកបន្ថែមថា ប្រការនេះអាចជាដើមហេតុធ្វើឲ្យប្រជាជនកម្ពុជា ក្រកាន់តែក្រ សុខភាពមិនល្អឈឺ បណ្ដាលឲ្យពិការ និងស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីការផឹកស្រា ហើយមិនអាចគ្រប់គ្រងស្មារតីខ្លួនឯងបានល្អប្រសើរក្នុងពេលបើកបរ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះធ្លាប់មានគម្រោងប្រជុំដើម្បីត្រួតពិនិត្យម្តងហើយ ប៉ុន្តែដោយសារប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ជាប់រវល់ ជាហេតុបណ្ដាលឲ្យការប្រជុំមិនអាចដំណើរការបាន។ លោកបន្តថា សេចក្តីព្រាងច្បាប់នេះ បច្ចុប្បន្នស្ថិតនៅលេខរៀងក្រោយគេ ម្ល៉ោះហើយមិនដឹងថាថ្ងៃណាទីស្ដីការគណៈរដ្ឋមន្ត្រីប្រជុំត្រួតពិនិត្យសេចក្តីព្រាងច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងបញ្ជូនទៅកាន់រដ្ឋសភានោះទេ។
សេចក្តីព្រាងស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង មាន ១១ជំពូក និង ៣៩មាត្រា មានគោលបំណងការពារសុខភាពសាធារណៈ បរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច និងសង្គម ចាត់វិធានការក្នុងការគ្រប់គ្រង និងត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជនអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង និងហាមមិនឲ្យស្ត្រីមានផ្ទៃពោះ និងយុវជនអាយុក្រោម ២១ឆ្នាំ ទិញស្រាផឹកនោះឡើយ។
របាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៤ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ដោយសារគ្រឿងស្រវឹងមានជាង ៦០០ករណី (៦១៨ករណី) ដែលចំនួននេះឈរនៅលេខរៀងទី២ បន្ទាប់ពីការបើកបរលើសល្បឿនដែលកំណត់ដោយច្បាប់។
យុវជនទាំងនោះលើកឡើងថា ប្រមុខរដ្ឋាភិបាលកម្ពុជា គួរត្រិះរិះពិចារណាដោយយកសុខភាពប្រជាជន និងសុខភាពសាធារណៈជាធំ ដោយជំរុញឲ្យប្រជុំត្រួតពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងមិនគួរឲ្យសេចក្តីព្រាងច្បាប់នេះ ស្ថិតនៅក្រោមគំនាបកំប៉ុងស្រាបៀ និងប្រាក់ដុល្លារនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
