តុលាការខេត្តសៀមរាប បានសម្រេចដោះលែងយុវជនម្នាក់ ដែលគំរាមសម្លាប់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យចេញពីពន្ធនាគារវិញហើយ កាលពីថ្ងៃសុក្រ ទី៣០ ខែតុលា កន្លងទៅ។
មេធាវីការពារក្ដីឱ្យយុវជនជាប់ចោទ គឺអ្នកស្រី កុយ កិត្យា។ អ្នកស្រីមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី៣១ ខែតុលា ថា ចៅក្រមនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចដោះលែងយុវជនឈ្មោះ តៅ សាវឿន ដែលជាកូនក្ដីរបស់អ្នកស្រីចេញពីពន្ធនាគារវិញហើយ បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនយុវជនរូបនេះយកទៅឃុំឃាំងក្នុងពន្ធនាគាររយៈពេល ១ខែមក។
មេធាវីដដែលបញ្ជាក់ថា តុលាការខេត្តសៀមរាប បានបើកការជំនុំជម្រះទៅលើយុវជនឈ្មោះ តៅ សាវឿន រួចហើយ តាំងពីថ្ងៃទី២២ ខែតុលា ដោយសម្រេចដាក់ទោសគាត់រយៈពេល ១៥ខែ ក៏ប៉ុន្តែក្នុងនោះគឺអនុវត្តទោសជាប់ពន្ធនាគារតែ ១ខែទេ៖ «តាមពិតគេចាប់ខ្លួនគាត់ថ្ងៃទី២៨ តែដីកាឃុំខ្លួនថ្ងៃទី៣០ អ៊ីចឹងដោះម្សិលមិញ គឺថ្ងៃទី៣០ គេគិតពីថ្ងៃឃុំខ្លួន»។
យុវជន តៅ សាវឿន អាយុ ២៦ឆ្នាំ ជាអតីតនិស្សិតនៅសកលវិទ្យាល័យ សៅស៍ អ៊ីសថ៍ អេយសៀ (University of South-East Asia) និងជាអ្នកគ្រប់គ្រងនៅសណ្ឋាគារឯកជនមួយក្នុងទីរួមខេត្តសៀមរាប។
យុវជន តៅ សាវឿន ត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ បន្ទាប់ពីគាត់ខឹងនឹងលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង ដែលបង្ហាញកាលបរិច្ឆេទនៃដំណើរមកចែកសញ្ញាប័ត្រដល់និស្សិតនៅខេត្តសៀមរាប មិនច្បាស់លាស់ ហើយយុវជនរូបនោះបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) គំរាមដាក់គ្រាប់បែកសម្លាប់មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
