អាជ្ញាធរ​ខេត្ត​កោះកុង​ដោះលែង​អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់

អ្នក​យក​ព័ត៌មាន​នៃ​កាសែត​សំឡេង​និស្សិត​បញ្ញវ័ន្ត​ប្រចាំ​ស្រុក​ស្រែ​អំបិល ខែត្រ​កោះកុង ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣០ មេសា​នោះ ឥឡូវ​បាន​ដោះលែង​ឲ្យ​រួច​ខ្លួន កាលពី​ថ្ងៃ​ទី​១៥ ឧសភា​ម្សិលមិញ​នេះ ។

លោក មាស អាស៊ី អ្នក​កាសែត​នៃ​សារព័ត៌មាន​សំឡេង​និស្សិត​បញ្ញវ័ន្ត​ខ្មែរ​ដែល​ត្រូវ​គេ​ចោទប្រកាន់​ថា បាន​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ដោយ​គ្រាន់​តែ​លោក​បាន​ថត​រូបភាព​នៃ​ការ​តវ៉ា​របស់​ពលរដ្ឋ​ពី​សកម្មភាព​ទំនាស់​ដី ។

លោក មាស អាស៊ី ត្រូវ​បាន​ម្ចាស់​ដី​ចោទ​ថា លោក​ជា​មេ​ដឹកនាំ​នៃ​ការ​ប្រឆាំង​តវ៉ា ហើយ​បាន​ប្តឹង​ឲ្យ​ប៉ូលិស​ស្រុក​ចាប់ ហើយ​ថែម​ទាំង​វាយ​ធ្វើបាប​នៅ​ពេល​ដែល​លោក​ជិះ​ឡាន​ជាមួយ​អ្នកស្រុក​​ដែល​ជា​អ្នក​តំណាង​ពលរដ្ឋ​ចំនួន ៧៥​គ្រួសារ​ដើម្បី​មក​តវ៉ា​នៅ​ភ្នំពេញ​មួយ​ថ្ងៃ​ក្រោយ​មក ។

លោក មាស អាស៊ី បាន​ថ្លែង​ក្រោយ​ពេល​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ ៖ «គេ​ដោះ​លែង​តាំង​ពី​ថ្ងៃ​ម្សិល​មក ។ ហើយ​ខ្ញុំ​ចូល​ទៅ​ថត​រូប​ក្នុង​នាម​អ្នក​សារព័ត៌​មាន​អ៊ីចឹង​គេ​ចោទ​ថា​យើង​ចូល​រួម​បំផ្លិច​បំផ្លាញ​តែម្ដង ។ គេ​ចាប់​ខ្ញុំ​ហើយ ចាប់​ភ្លាម​តាម​ច្បាប់​គេ គេទុក​ដាក់ ២៤​ម៉ោង ប៉ុន្តែ​ខ្ញុំ​គេ​ចាប់​បាន​គេ​បញ្ជូន​ទៅ​ភ្លាម​តែម្ដង ពេល​បញ្ជូន​ទៅ​ដល់​ក៏​គេ​យក​ញាត់​គុក​តែម្ដង ។ គេ​ចោទ​យើង​ពី​ករណី​បំផ្លិច​បំផ្លាញ​ទ្រព្យ​របស់​អ្នក​ដទៃ ហើយ​ម្សិល​មិញ​ក៏​ប្រពន្ធ​ខ្ញុំ​យក​ឯកសារ​ទាំងអស់ ដីធ្លី ៧៥​ហ្នឹង​ជូន​ទៅ​ដល់​សម្ដេច សម្ដេច​បញ្ជា​ឲ្យ​ខេត្ត​ដោះ​លែង​ខ្ញុំ​មក​តែម្ដង»

សូម​ជម្រាប​ថា ក្រោយ​ពេល​ចាប់ខ្លួន​និង​ត្រូវ​គេ​វាយ​ឲ្យ​សន្លប់​កាលពី​ថ្ងៃ​ទី​៣០ មេសា លោក មាស អាស៊ី ត្រូវ​គេ​ដាក់​ឃុំ​និង​មិន​អនុញ្ញាត​ឲ្យ​សាច់ញាតិ​ចូល​ជួប​ឡើយ ។

ប្រពន្ធ​លោក មាស អាស៊ី ឈ្មោះ ស្លែស ម៉ាស់ បាន​ទៅ​ប្តឹង​ក្រសួង​ព័ត៌មាន និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សមាគម​កាសែត​នានា ឲ្យ​ជួយ​អន្តរាគមន៍​ព្រោះ​ខ្លាច​គេ​ធ្វើបាប​ដល់​អាយុជីវិត ព្រោះ​អ្នក​ប្តឹង​ជា​ម្ចាស់ដី​អាង​អំណាច ។

ករណី​លោក មាស អាស៊ី នេះ បាន​ត្រូវ​សហព័ន្ធ​អ្នក​កាសែត​​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៏​សុំ​ឲ្យ​មាន​ការ​ដោះលែង​ផង​ដែរ ហើយ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឲ្យ​មាន​ការ​ពិនិត្យ​ឲ្យ​បាន​ដិតដល់​ផងដែរ ៕