មេឃុំដារ លោក ជីម ចុន មានប្រសាសន៍ថា ជនរងគ្រោះឈ្មោះ សាំង ធី អាយុ២៩ឆ្នាំ មានភរិយានិងកូនតូចៗចំនួន៣នាក់ក្នុងបន្ទុក ត្រូវខ្មាន់កាំភ្លើងដែលជាអ្នកយាមការពារឡូត៍នេសាទលេខ១០ចំនួន២នាក់ រួមនឹងកូនប្រុសម្ចាស់ឡូត៍ឈ្មោះ ស្រ៊ី រួមដំណើរផង បានជិះទូកល្បាត ហើយប្រទះឃើញជនរងគ្រោះបង់សំណាញ់ក្នុងឡូត៍នេសាទរបស់ខ្លួនក៏បាញ់ប្រហារតែម្តង។
លោក ជីម ចុន បានបញ្ជាក់ថា ៖ «...ទៅទូក៣ ទៅចំកន្លែងឡូត៍គេហ្នឹង មិនដឹងម៉េចស្រាប់តែបាញ់បណ្ដោយទៅ! កម្មករគេហ្នឹង គ្នា៣នាក់ កូនម្ចាស់ឡូត៍ម្នាក់ហើយកម្មករ២នាក់។ របួសចំកំភួនជើងហើយនិងភ្លៅ។ វាបាញ់ពីម៉ោង៨កន្លះ រហូតដល់ម៉ោង១២បានស្លាប់ យកទៅស្លាប់ឯពេទ្យខេត្តឯណោះ»។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ជិម ប៊ុនធឿន មានប្រសាសន៍ថា ជនល្មើសត្រូវបានចាប់បញ្ជូនទៅតុលាការខេត្តរួចហើយ។
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ពេញ វិបុល មានប្រសាសន៍ថា ជនល្មើសត្រូវបានបញ្ជូនមកដល់នៅព្រឹកថ្ងៃ៧ វិច្ឆិកា។ ការស្រាវជ្រាវចំពោះជនពាក់ព័ន្ធកំពុងដំណើរការ៕
