ការបោះពុម្ពសៀវភៅនេះ ដោយសារគេសិក្សាឃើញថា ពលរដ្ឋខ្វះការយល់ដឹងពីវិធីការពារខ្លួនឯងដោយផ្ទាល់ពីបាតុភូតរន្ទះ ហើយបណ្ដាលឲ្យមានមនុស្សស្លាប់ ១៦៥នាក់ របួស ១៣៩នាក់ ងាប់សត្វពាហនៈ ៦០ក្បាល និងខូចខាតផ្ទះ ៤ខ្នង កាលពីឆ្នាំ២០១១។
អនុប្រធានផ្នែករូបវិទ្យា និងថាមពលនៃរាជបណ្ឌិតសភាកម្ពុជា លោក យិន គិតស៊ីវ ថ្លែងថា លោកបានសរសេរបញ្ចប់រួចរាល់ហើយ អំពីវិធីច្រើនយ៉ាងដែលអាចការពាររន្ទះ។
លោកបន្តថា រដូវវស្សាកំពុងតែខិតមកដល់ ក្ដីបារម្ភពីបាតុភូតធម្មជាតិនៃរន្ទះ កំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ និងសម្ភារៈ។ លោកថារន្ទះដែលគេស្គាល់ច្បាស់មានបីប្រភេទ គឺមានរន្ទះទឹក រន្ទះភ្លើង និងរន្ទះខ្យល់។ បាតុភូតធម្មជាតិទាំង ៣នេះ សុទ្ធតែបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
លោក យិន គិតស៊ីវ៖ «ក្នុងនោះរន្ទះដែលវាកើតឡើងគ្រោះថ្នាក់បំផុតនោះ គឺរន្ទះដែលវាកើតឡើង ការផ្ទេរបន្ទុកអគ្គិសនីពីពពកមកផែនដី។ ទី២ ការផ្ទេរពីពពកមួយទៅពពកមួយ ទី៣ គឺក្នុងពពកតែមួយ។ ក្នុងនោះរន្ទះមានការបាញ់ផ្ទាល់ និងការបាញ់មិនផ្ទាល់។ ទាំង ២នេះគ្រោះថ្នាក់ដូចគ្នាទាំងអស់»។
លោកបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋរស់នៅជនបទដែលនៅឆ្ងាយពីតំបន់ការពាររន្ទះបាន សុំប្រុងប្រយ័ត្នក្នុងពេលភ្លៀង កុំចុះទៅបង្កបង្កើនផលនៅកណ្ដាលវាលស្រែ ដែលរន្ទះអាចបង្កឲ្យមានគ្រោះថ្នាក់។ លោកបន្ថែមថា រន្ទះភាគច្រើនបាញ់នៅពេលរសៀល។
លោកថា រន្ទះឆ្លងកាត់ខ្លួនមនុស្ស នៅពេលដែលមនុស្សស្ថិតនៅក្នុងពេលភ្លៀង ឬមេឃអួអាប់ខ្លាំងមនុស្សនោះ មានអារម្មណ៍ស្រៀវត្រជាក់ក្នុងខ្លួន និងដៃជើង។ លោកពន្យល់ថា ពេលនោះហើយ រន្ទះកំពុងចម្លងបន្ទុកអគ្គិសនីកាត់តាមខ្លួន ហើយអ្នកនោះឯងស្ថិតនៅក្នុងរង្វង់ដែនរន្ទះនឹងបាញ់។
វិធីការពាររន្ទះដោយខ្លួនឯង គឺនៅពេលមានផ្លេកបន្ទោរចាំងមកលើកន្លែងយើងកំពុងនៅក្នុងនោះ ត្រូវរួសរាន់ប្រញាប់អង្គុយលុតជង្គង់ចុះភ្លាម ដាក់ដងខ្លួនបែបចំអើតបន្តិច។ ពេលអង្គុយនោះ ត្រូវយកចុងម្រាមជើងចុចដី ហើយយកកែងជើងទាំង ២ទល់គ្នា ឯដៃខ្ទប់ត្រចៀក។ ការអង្គុយចុះបែបនេះ គឺបញ្ចៀសបន្ទុកអគ្គិសនីរបស់រន្ទះនោះ មិនឲ្យឆ្លងកាត់បេះដូងមនុស្សបានឡើយ។
លោក យិន គិតស៊ីវ៖ «កាលណាគាត់យកកែងជើងទល់គ្នាផលប្រយោជន៍ទី១ គឺចរន្តវាអត់ឡើងមកលើទេ គឺវាចូលមកត្រឹមកែងជើងយើង វារត់ចេញតាមកែងជើងយើងមួយ ចេញពីចុងបាតជើងយើងមួយ ចូលមកកែងជើងយើងមួយ ប៉ះនឹងកែងជើងមួយនេះ វាចេញទៅតាមចុងបាតជើងម្ខាងទៀត»។
លោកបន្ថែមថា ប្រសិនបើត្រូវរន្ទះបាញ់ ឬបន្ទុកអគ្គិសនីរន្ទះបានឆ្លងកាត់បេះដូងហើយ គឺអាចមានគ្រោះថ្នាក់ដល់ជីវិតដោយគាំងបេះដូង។ ប៉ុន្តែគេអាចជួយសង្គ្រោះអ្នកដែលត្រូវរន្ទះបាញ់បាន ដោយវិធីធ្វើចលនាបេះដូង ឬប្រញាប់ផ្ដល់កម្ដៅដល់បុគ្គលនោះ ដូចជាយកក្រណាត់គ្របលើឲ្យមានកម្ដៅខ្លួនឡើងវិញ ឬអាចឆ្អើរភ្លើងជាដើម ពិសេសទៅទៀតគឺរហ័សបញ្ជូនជននោះទៅកាន់មន្ទីរពេទ្យ។
លោក យិន គិតស៊ីវ៖ «ប្រភេទរន្ទះទឹក និងរន្ទះខ្យល់ភាគច្រើនខ្លួនគាត់ អត់មានឃើញស្នាមខ្លោចអ្វីទេ។ អ៊ីចឹងចរន្តរត់កាត់ខ្លួនគាត់ទាំងមូលអត់មានខ្លោចអីទេ ប៉ុន្តែខ្លួនគាត់ទន់ទាំងអស់។ ពេលខ្លះរហូតដល់ឆ្អឹងជំនីគាត់អាចមានបាក់ទៅទៀត។ ឯរន្ទះភ្លើងជារន្ទះប្រភេទមួយ ដែលធ្វើឲ្យខ្លួនគាត់ខ្លោចឡើងមួយចំហៀងខ្លួនខ្មៅជាំ»។
លោក យិន គិតស៊ីវ បន្ថែមថា វិធីការពារផ្ទះវិញ គឺត្រូវមានឧបករណ៍ការពាររន្ទះ ដែលមានក្រុមហ៊ុនមួយចំនួនកំពុងលក់ ប៉ុន្តែមានតម្លៃខ្ពស់ដែលមិនអាចឲ្យពលរដ្ឋនៅជនបទអាចមានលទ្ធភាពទិញ ប្រើបានទេ។ ប៉ុន្តែវិធីការពារបែបបុរាណដាក់ពីលើដំបូលផ្ទះ ដោយបង្គោលលោហៈភ្ជាប់ខ្សែចម្លងជាលោហៈដែរ ពីបង្គោលនោះ ទាញចុះមកក្រោមកប់ក្នុងដី។ វិធីបែបនេះសម្រាប់ការពារផ្ទះផ្នែកខាងក្រៅ។
លោក យិន គិតស៊ីវ៖ «បង្គោលដាក់លើនោះ គឺយើងរកបង្គោលលោហៈដែលមានស្រោបជាតិទង់ដែង។ ចំពោះអេឡិចត្រូតម៉ាស់ ដែលយើងកប់ទៅក្នុងដី ក៏ប្រភេទទង់ដែងដែរ ហើយពពួកអស់នេះក្រោយពីយើងដាក់ហើយយើងត្រូវឧស្សាហ៍មើលថែទាំវា ពេលដល់រដូវជិតផ្គររន្ទះម្តងៗ យើងត្រូវមើលកញ្ចប់ដែលយើងចាប់ភ្ជាប់ពីបង្គោល ដងបង្គោលការពាររន្ទះខាងលើ និងអេឡិចត្រូតអាបង្គោលចុងខាងដី ព្រោះអីពេលចាប់ យើងត្រូវការប្រដាប់ខ្នាបចាប់វា។ កាលណាខ្នាបនោះ វាកើតស្នឹម ខ្នាបនោះវាកើតអំបិល វាលែងជាប់ ពេលនោះក៏វាមិនអាចចម្លងចរន្តនោះទៅលើបានដែរ»។
អនុប្រធានព័ត៌មាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានឲ្យដឹងថា បាតុភូតរន្ទះបាញ់ ក្នុងពេលភ្លៀងកក់ខែនា ៣ខែដើមឆ្នាំ២០១២ នេះមានមនុស្សស្លាប់ ៥នាក់ របួស ៣នាក់ ងាប់ក្របីមួយក្បាល នៅខេត្តបន្ទាយមានជ័យ បាត់ដំបង ព្រៃវែង និងខេត្តកំពត។ លោកថាកាលពីឆ្នាំ២០១២ អ្នកស្លាប់ដោយសាររន្ទះបាញ់មានស្លាប់ ១៦៥នាក់ របួស ១៣៩នាក់ ងាប់សត្វគោក្របី ៦០ក្បាល ខូចខាតផ្ទះ ៤ខ្នង។
លោក យិន គិតស៊ីវ មន្ត្រីរាជបណ្ឌិតសភា ប្រាប់ពីវិធីការពារមនុស្សសត្វសាមញ្ញបំផុត គឺនៅពេលភ្លៀងផ្គរ ហាមចេញទៅទីវាល និងឈរនៅកន្លែងដែលខ្ពស់។ បើមានភ្លៀងគួរប្រញាប់រកកន្លែងជ្រក តែមិនត្រូវជ្រកក្រោមដើមឈើខ្ពស់នោះទេ។ បើដៃកាន់របស់មានជាតិលោហៈ ឬជាតិដែក ដូចជា កាំបិត ពូថៅ ញញួរ ចបជីក ចបកាប់ កណ្ដៀវ ផ្តិល ធុងដែក ទរត្រងទឹក កន្ត្រៃ ដៃកង់ ទ្វារដែក បង្អួចដែក ចង្កូតឡានគ្មានកៅស៊ូស្រោបពីលើជាដើម ត្រូវទុកវាឲ្យនៅឆ្ងាយពីខ្លួន ចម្ងាយប្រមាណ ៦ម៉ែត្រ។ សូម្បីតែបើកបរគោយន្ត ក៏មិនគួរដែរ នៅពេលមេឃភ្លៀង គឺត្រូវនៅឲ្យឆ្ងាយពីរបស់ទាំងនោះ ៦ម៉ែត្រដែរ។ នៅពេលមានរន្ទះ មនុស្សមិនគួរនៅផ្ដុំគ្នាទេគួរអង្គុយចុះគម្លាតពីគ្នា ៥ទៅ ៦ម៉ែត្រ។
លោកបន្ថែមថា បើនៅក្នុងផ្ទះវិញ មិនគួរបើកទូរទស្សន៍ ប្រើទូរស័ព្ទដៃ បើកម៉ាញ៉េជាដើម នៅពេលមេឃភ្លៀងនោះទេ។ លោកថា វិធីការពារខ្លួនពីរន្ទះ លោកនឹងបោះពុម្ពចែកផ្សព្វផ្សាយ នៅក្នុងខែមេសា ខាងមុខតាមរយៈម្ចាស់ជំនួយច្រើនអង្គការ ដែលបានសន្យាជួយនោះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
