ក្រសួង​ការងារ​ព្រមាន​ចាត់​វិធាន​ការ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រមាន​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ការ​ព្រមាន​នោះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​តំណាង​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ប្រមាណ ៤០​ក្រុមហ៊ុន បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​វគ្គ​សិក្ខាសាលា​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ដើម្បី​ស្វែង​យល់​ពី​បទដ្ឋាន​ច្បាប់​នានា ពាក់ព័ន្ធ​ដល់​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ក្រៅ​ប្រទេស។

រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គ្រោង​នឹង​បង្កើត​អោយ​មាន​ក្រុម​អធិការកិច្ច​ការងារ​ដែល​នឹង​ចុះ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​របស់​ក្រុមហ៊ុន​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា ការ​បង្កើត​អធិការកិច្ច​នឹង​ធានា​ទប់ស្កាត់​បញ្ហា​មួយ​ចំនួន ដែល​កើត​ឡើង​ដោយ​សារ​ក្រុមហ៊ុន​ដែល​ខ្វះ​វិជ្ជាជីវៈ​ពិតប្រាកដ។

លោក អ៊ិត សំហេង បន្ត​ថា បញ្ហា​ទាំង​នោះ​រួម​មាន​ការ​បើក​ក្រុមហ៊ុន ដើម្បី​បើក​ផ្លូវ​អោយ​អ្នក​ម៉ៅ​តូចៗ​រត់ការ​បន្ត ដែល​អាច​នឹង​ឈាន​ដល់​ការ​បោក​ប្រាស់​ពលករ​ជា​ដើម។ ស្រប​គ្នា​នេះ​ប្រសិន​បើ​ក្រុមហ៊ុន​ណា​មួយ​ធ្វើ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់ ក្រសួង​នឹង​ដាក់​ទណ្ឌកម្ម​ទៅ​ក្រុមហ៊ុន​នោះ៖ «កាលណា​ក្រុមហ៊ុន​នាំ​ពលករ​ហើយ​ធ្វើ​មិន​បាន​ត្រឹមត្រូវ ឬ​មួយ​ក៏​បង្ក​អោយ​មាន​​ភាព​រងគ្រោះ​ទៅ​ដល់​ពលករ ក្រសួង​នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​នោះ​តាំង​ពី​ការ​ដក​អាជ្ញាប័ណ្ណ ក៏​ដូច​ជា​ចាត់​វិធានការ​តាម​ច្បាប់»

លោក អ៊ិត សំហេង ពុំ​បាន​បញ្ជាក់​អោយ​បាន​ច្បាស់​លាស់​ទេ​ថា តើ​ការ​ចុះ​អធិការកិច្ច​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា ហើយ​ក៏​បាន​ស្នើ​អោយ​ក្រុមហ៊ុន​ដែល​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ត្រូវ​ចូល​ជា​សមាជិក​សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា ហៅ​កាត់​ថា អាក្រា (ACRA) ដែល​ក្រសួង​បាន​ទទួល​ស្គាល់។

តំណាង​ក្រុមហ៊ុន ថប មែនផៅវ័រ (Top Manpower Co., Ltd) លោក អន ប៊ុនហាក់ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​សង្ឃឹម​ថា វិធីសាស្ត្រ​ថ្មី​នេះ​នឹង​ជួយ​សម្រួល​ការងារ​គ្រប់​ភាគី ហើយ​ក្រុមហ៊ុន​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដែរ៖ «ចំពោះ​ក្រុមហ៊ុន​យើង​ពុំ​មាន​ការ​ព្រួយ​បារម្ភ​អី​ទេ ពីព្រោះ​យើង​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​ក្នុង​ការ​សុំ​អាជ្ញា​ប័ណ្ណ​ប្រកប​នូវ​វិជ្ជាជីវៈ​ក្នុង​ការ​ផ្ដល់​នូវ​សេវា​កម្ម​នេះ។ យើង​គិត​ថា វា​ជា​ចំណុច​មួយ​ល្អ ហើយ​ចំណុច​នេះ​គួរ​តែ​ចាប់​ផ្ដើម​ធ្វើ​អោយ​បាន​រហ័ស»

មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ហ៊ុយ ពេជ្រសុវណ្ណ ថ្លែង​សាទរ​ចំពោះ​ផែនការ​របស់​ក្រសួង​ការងារ ប៉ុន្តែ​បាន​ស្នើ​អោយ​ក្រសួង​គួរតែ​ចាប់​ផ្ដើម​បំពេញ​ការងារ​អោយ​បាន​ត្រឹម​ត្រូវ​ជា​ជាង​មាន​តែ​ការសន្យា៖ «យើង​រង់​ចាំ​មើល​វិធានការ​របស់​គាត់ ពី​ព្រោះ​មាន​មន្ត្រី​រដ្ឋាភិបាល​ច្រើន​ណាស់ ដែល​គាត់​តែង​តែ​និយាយ​ថា រដ្ឋាភិបាល ឬ​ក្រសួង​នឹង​ធ្វើ​នេះ​នឹង​ធ្វើ​នោះ ប៉ុន្តែ​កន្លង​មក​ឃើញ​ថា ច្រើន​តែ​និយាយ យើង​អត់​សូវ​បាន​ឃើញ​សាច់ការ មិន​សូវ​បាន​ឃើញ​ការ​អនុវត្ត​ជាក់​ស្ដែង។ ប្រសិន​បើ​ជា​មាន​ដូច​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​មែន យើង​ស្វាគមន៍ យើង​នឹង​រៀបចំ​សហការ​ជា​មួយ​ក្រសួង​ដែរ»

តួលេខ​ពី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អោយ​ដឹង​ថា នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ចំនួន ៤៣ កំពុង​ផ្ដល់​សេវាកម្ម​ជា​ភ្នាក់ងារ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ មក​ដល់​ពេល​នេះ​មាន​ពលករ​ខ្មែរ​ចំនួន ១៧​ម៉ឺន​នាក់​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន ក្នុង​នោះ​រួម​មាន ប្រទេស​ថៃ កូរ៉េ ជប៉ុន និង​ម៉ាឡេស៊ី​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។