ស្ត្រីជាជនជាតិដើមភាគតិចទំពួន រស់នៅភូមិជីមៀត ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី អ្នកស្រី ស៊ូ ឌាម នៅថ្ងៃច័ន្ទ ទី៦ ខែមករា ចោទប្រកាន់បុគ្គលិកសន្តិសុខពន្ធនាគារខេត្តមណ្ឌលគិរី ថាមានចេតនាប្រព្រឹត្តអំពើពុករលួយជំរិតទារប្រាក់មួយលានរៀល ទើបអនុញ្ញាតឲ្យគាត់ចូលសួរសុខទុក្ខប្ដីក្នុងពន្ធនាគារ។
អ្នកស្រី ស៊ូ ឌាម បានសម្រេចចិត្តធ្វើដំណើរទៅលំនៅឋានវិញ បន្ទាប់ពីគាត់ព្យាយាមអង្វរករបុគ្គលិកសន្តិសុខពន្ធនាគាររយៈពេលពីរថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយសារគាត់គ្មានប្រាក់ ក៏ប៉ុន្តែសេចក្ដីអង្វរសុំក្តីមេត្តានោះ មិនត្រូវបានសន្តិសុខពន្ធនាគារផ្ដល់ក្តីសន្ដោសឡើយ។
អ្នកស្រីចាត់ទុកថា នេះគឺជាអំពើរំលោភសិទ្ធិធ្ងន់ធ្ងរចំពោះគាត់ជាប្រជាពលរដ្ឋក្រីក្រ៖ «គេទារលុយ ខ្ញុំអត់មាន ក្រចង់ងាប់ណា! គេថា បើបាន ១លាន ឲ្យចូល។ ប្ដីខ្ញុំនៅក្នុងគុកហ្នឹង ហើយខ្ញុំថា ចង់ជួបប្តីខ្ញុំមួយភ្លែត តាំងពីគេយកប្តីខ្ញុំទៅ ខ្ញុំមិនបានទៅទេ ខ្ញុំឈឺ»។
តាមកម្មវិធីសួរសុខទុក្ខក្រុមគ្រួសារអ្នកជាប់ឃុំខ្លួននៅពន្ធនាគារខេត្តមណ្ឌលគិរី គឺកំណត់ឲ្យចូលរៀងរាល់ថ្ងៃសុក្រក្នុងមួយសប្ដាហ៍ ក៏ប៉ុន្តែបុគ្គលិកពន្ធនាគារមួយរូបសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ប្រសិនបើមានប្រាក់បង់ឲ្យសន្តិសុខពន្ធនាគារ គឺគេអនុញ្ញាតឲ្យចូលសួរសុខទុក្ខអ្នកទោសបានរៀងរាល់ថ្ងៃ បើទោះបីមិនមែនជាថ្ងៃកំណត់សួរសុខទុក្ខក្តី។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែមករា មិនអាចទាក់ទងសុំការបំភ្លឺករណីនេះពីប្រធានពន្ធនាគារខេត្តមណ្ឌលគិរី លោក អាន គីមឡេង បានទេ ដោយសារលោកមិនទទួលទូរស័ព្ទហៅចូល។
យ៉ាងនេះក្តី នាយខុទ្ទកាល័យសាលាខេត្តមណ្ឌលគិរី លោក មឹង សុចន្ថា មានប្រសាសន៍បញ្ជាក់ថា គ្មានគោលការណ៍ឲ្យបុគ្គលិកពន្ធនាគារធ្វើបែបនេះទេ។ លោកអះអាងថា នឹងស្រាវជ្រាវករណីនេះ៖ «តាមការពិតយើងអត់មានគោលការណ៍អ្វីទាល់តែមានលុយមកបានចូលបានស្អីទេ សំខាន់ការជួបហ្នឹងមាននីតិវិធីចេញមកជួបរបៀបម៉េច? បងប្អូនចូលទៅរបៀបម៉េច? ចាំមើលខ្ញុំហៅយកមកធ្វើការបន្តិច ណែនាំគាត់បន្តិច»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ហៅទង្វើជំរិតទារប្រាក់ពីពលរដ្ឋរបស់បុគ្គលិកពន្ធនាគារថា ជាអំពើពុករលួយនិងរំលោភសិទ្ធិពលរដ្ឋ។
លោកកត់សម្គាល់ថា ករណីនេះកើតមានដូចគ្នានៅពន្ធនាគារនានា នៅខេត្តក្រុងផ្សេងទៀត៖ «ភាគច្រើនការចូលជួបត្រូវបានរឹតត្បិតពីមន្ត្រីឆ្មាំពន្ធនាគារ។ ខាងសិទ្ធិមនុស្សសម្គាល់ឃើញថា គឺមានការរំលោភទៅលើសិទ្ធិសេរីភាពនៃការចូលជួបសួរសុខទុក្ខទណ្ឌិតពីសាច់ញាតិ។ រឿងហ្នឹងវាហាក់បីដូចជារឿងបុគ្គល ឆ្មាំពន្ធនាគារខ្លះគាត់យកលុយ ១ម៉ឺនខ្លះយក ២ម៉ឺនអ្នកខ្លះយកច្រើន»។
កាលពីខែសីហា ឆ្នាំ២០១៣ ស្ត្រីឈ្មោះ ឃុន ធួន រស់នៅភូមិ៦ ឃុំប៊ូស្រា ធ្លាប់បានបញ្ជាក់ថា គាត់និងប្តីត្រូវចំណាយប្រាក់ ៣ម៉ឺនរៀលទៅឲ្យមន្ត្រីពន្ធនាគារ ទើបត្រូវគេអនុញ្ញាតឲ្យជួបកូនក្នុងពន្ធនាគារបាន បើទោះបីគាត់បញ្ជាក់ប្រាប់ថា គាត់ជាកម្មករក្រីក្រយ៉ាងណាក្តី៖ «អង្គុយពិបាកចិត្ត ខ្ញុំសុំអង្វរគេទៅគេឲ្យខ្ញុំចូលជួបពីរនាក់ សុំគេ ៣ម៉ឺន ទុក ១ម៉ឺនធ្វើសោហ៊ុយតាមផ្លូវវិញ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
