តំណាងប្រជាពលរដ្ឋនិងក្រុមគ្រួសាររងគ្រោះនៅក្នុងឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង កំពុងតែរង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេតនិងការផ្តន្ទាទោសលើព្រះសង្ឃមួយអង្គ ជុំវិញសំណុំរឿងដែលបានចោទប្រកាន់ថា ព្រះសង្ឃមួយអង្គគង់នៅក្នុងវត្តកាទ្បី ខេត្តព្រៃវែង បានចាប់រំលោភសេពសន្ថវៈលើស្ត្រីម្នាក់អាយុ២០ឆ្នាំ កាលពីប៉ុន្មានខែថ្មីៗនេះ នៅគ្រាដែលស្រ្តីរូបនោះបានទៅស្រោចទឹកនៅក្នុងវត្ត។
ព្រះសង្ឃដែលរងការចោទប្រកាន់នោះបានបដិសេធថា ព្រះអង្គមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
តំណាងប្រជាពលរដ្ឋជាសាក្សីនៅក្នុងភូមិកន្រ្ទាន ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានដឹងរឿងអាស្រូវ និងជួយសរសេរពាក្យបណ្ដឹងស្វែងរកយុត្តិធម៌ជូនគ្រួសាររងគ្រោះ ថែ្លងប្រាប់វិទ្យុអាស៊ីសេរី ជាមួយនឹងពាក្យបណ្ដឹងថា ៖ «ប្តឹងទៅអាជ្ញាធរដែរ ប៉ុន្តែគេអត់មានការដោះស្រាយឲ្យគាត់ទេ។ គេសម្រុះសម្រួលជាលុយ ហើយដោយមានព្រះអង្គ ភោ ផានិត គាត់ហ្នឹងជាអ្នកបំបួសព្រះអង្គ ចាន់ ទុំ ហ្នឹង ហើយគាត់បានទៅអង្វរនាង មាស វាសនា ហ្នឹង បើចង់បានអ្វីអាត្មានឹងទិញឲ្យ កុំឲ្យប្ដឹង អ៊ុតសក់ត្រង់ ឬទិញម៉ូតូ ឬសម្ភារៈអ្វី»។
ព្រះសង្ឃព្រះនាម ចាន់ ទុំ ដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋនិងគ្រួសារជនរងគ្រោះ បានមានថេរដីកាថា ព្រះអង្គមិនបានប្រព្រឹត្តស្នេហាជាមួយស្រ្តីឈ្មោះ មាស វាសនា នោះទេ។
ព្រះសង្ឃព្រះនាម ចាន់ ទុំ មានថេរដីកាដូច្នេះ ៖ «ស្រុកអីគេលែងទទួលស្គាល់អស់ហើយ។ អាត្មាឲ្យអមដាក់ពាក្យមួយ ដោយសារការចោទប្រកាន់មិនពិតប្រាកដ។ ឥទ្បូវហ្នឹងអាត្មាឲ្យស្រុកគេចារក្រដាសហ្នឹង គឺជំទាស់ថា រឿងនេះគឺអត់ពិតប្រាកដ។ ខាងភូមិនិងឃុំ បានបដិសេធចោលអស់ហើយហ្នឹង»។
លោក ជ័យ យោន ជាគ្រូបង្រៀននិងជាស្វាមីរបស់ស្រ្តីឈ្មោះ មាស វាសនា បានមានប្រសាសន៍ថា ភរិយារបស់លោកក្លាយជាមនុស្សមិនដឹងខ្លួន ក្រោយពីបានទទួលទានកាហ្វេដែលព្រះសង្ឃនោះបានឲ្យទទួលទាន។
លោក ជ័យ យោន មានប្រសាសន៍ដូច្នេះ ៖ «មុនពេលដែលខ្ញុំបានទៅហ្នឹង ខ្ញុំបានឲ្យបងជីដូនមួយម្នាក់ទៅ។ ព្រះសង្ឃស្រោចទឹកហ្នឹង។ កំពុងតែស្រទ្បាញ់គ្នាជាមួយលោកនៅលើកុដិ។ ទៅពីផ្ទះស្លៀកខោ នៅពេលខ្ញុំទៅយកគឺឃើញស្លៀកសារ៉ុង ហើយសារ៉ុងគឺជារបស់លោក។ ពេលវាចេញពីផ្ទះមិនមានជំងឺបែបនេះ នៅពេលមកដល់ហ្នឹងវាក្លាយជាអ៊ីចឹង។ វាថា ជាការចាប់រំលោភ ខ្ញុំមិនបានឃើញទេ»។
សុខ សេរី ៖ អ៊ីចឹងមានន័យថា ប្រពន្ធរបស់លោកបានប្រាប់ថា ជាការចាប់រំលោភ? ជ័យ យោន ៖ បាទ! ប្រាប់ខ្ញុំអ៊ីចឹង។
ប្រភពបានឲ្យដឹងថា ហេតុការណ៍ចាប់រំលោភនោះបានកើតទ្បើងតាំងពីខែមិថុនាកន្លងទៅនេះ ប៉ុន្តែនៅមិនទាន់មានវិធានការណាមួយនៅទ្បើយពីសមត្ថកិច្ចមូលដ្ឋាន។
មន្រ្តីនគរបាលមូលដ្ឋានមួយរូប ដែលបានស៊ើបអង្កេតលើសំណុំរឿងនេះបានបំភ្លឺថា សមត្ថកិច្ចមិនបានរកឃើញភស្តុតាងដូចការចោទប្រកាន់នោះទេ ៖ «រឿងហ្នឹងខ្ញុំបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ។ ចោទពីករណីចាប់រំលោភ ប៉ុន្តែករណីនេះមិនមែនទេ ជាការចោទប្រកាន់ទាំងស្រុងតែម្តង»។
ប្រទេសកម្ពុជាមានព្រះសង្ឃចំនួនជាង៥០.០០០អង្គ និងវត្តអារាមចំនួនជាង៤.០០០។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដូចបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជារឿយៗបានមានប្រសាសន៍ដាស់តឿនព្រះសង្ឃនានា ឲ្យគោរពប្រតិបត្តិល្អទៅតាមគន្លងនៃព្រះពុទ្ធសាសនា នៅគ្រាដែលមានសេចក្តីរាយការណ៍នានាកន្លងមកថា មានព្រះសង្ឃមួយចំនួនបានចាប់រំលោភស្រ្តី សេពសុរា និងប្រព្រឹត្តបទល្មើសផ្សេងៗ៕
