ម្ដាយ​ពល​ការិនី​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ដាក់​ពាក្យ​បណ្ដឹង​មក​លីកាដូ

នៅ​ឯ​ខេត្ត​ពោធិ៍សាត់ ម្តាយ​របស់​ពល​ការិនី​ម្នាក់ បាន​មក​ដាក់​បណ្ដឹង​សុំ​ឲ្យ​អង្គការ លីកាដូ (Licado) ឲ្យ​ជួយ​រក​កូន​គាត់​ដែល​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី (Malaysia) ជិត ៤​ឆ្នាំ​ហើយ តែ​មិន​ឃើញ​វិល​មក​វិញ។

0:00 / 0:00

អ្នក​ស្រី សួង ឃន អាយុ ៦១​ឆ្នាំ ដែល​ជា​ម្តាយ​របស់​ពល​ការិនី​ឈ្មោះ សាយ សារ៉ាត់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ប្រចាំ​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ថា កូន​ស្រី​គាត់​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០០៩ តាម​រយៈ​ក្រុមហ៊ុន ហ្វីលីម័រ ហើយ​តាំង​ពី​ថ្ងៃ​ចេញ​ទៅ រហូត​មក​ទល់​ថ្ងៃ​នេះ គាត់​មិន​ដែល​បាន​ទទួល​ដំណឹង​ពី​កូន​ស្រី​គាត់​ឡើយ។

កញ្ញា មិត សាមួន មន្ត្រី​អង្កេត​អង្គការ លីកាដូ ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​២៧ ឧសភា ថា គិត​ចាប់​ពី​ដើម​ខែ​មករា មក​ដល់​ចុង​ខែ​ឧសភា អង្គការ លីកាដូ ទទួល​បាន​ពាក្យ​បណ្ដឹង​ប្រហាក់​ប្រហែល​គ្នា​នេះ​ជាង ១០​ករណី​ហើយ ហើយ​បណ្ដា​ករណី​ទាំង​នេះ​អង្គការ​បាន​បញ្ជូន​ទៅ​ការិយាល័យ​កណ្ដាល​នៅ​ទី​ក្រុង​ភ្នំពេញ ឲ្យ​ជួយ​អន្តរាគមន៍​បន្ត​ទៅ​អង្គការ​ដៃ​គូ​នៅ​ប្រទេស​ម៉ាឡេស៊ី ឲ្យ​ជួយ​ស្វែង​រក។ ទន្ទឹម​គ្នា​អង្គការ លីកាដូ ខេត្ត​ពោធិ៍សាត់ ក៏​បាន​ធ្វើ​លិខិត​អន្តរាគមន៍​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។