ពិធីចូលឆ្នាំថ្ងៃទី២នេះ នៅក្នុងរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ខុសប្លែកពីថ្ងៃធម្មតា ហើយរយៈពេលពីរថ្ងៃកន្លងមកនេះ ពុំមានបញ្ហាអសន្តិសុខធំដុំកើតមានឡើងនៅរាជធានីភ្នំពេញ នោះទេ។
ពិធីចូលឆ្នាំប្រពៃណីខ្មែរ១ឆ្នាំមានតែម្ដង ដែលបុគ្គលិកក្រុមហ៊ុន កម្មកររោងចក្រ និងមន្ត្រីរាជការបានឈប់សម្រាកក្ដី តែអាជីវករមួយចំនួននៅរាជធានីភ្នំពេញ មិនឈប់សម្រាកពេញបីថ្ងៃនេះទេ ដោយពួកគាត់មួយចំនួនឆ្លៀតបន្តលក់ដូរ។
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី១៥ មេសា ថា ពិធីបុណ្យចូលឆ្នាំថ្ងៃទី២ នេះ ពុំមានបញ្ហាអ្វីកើតឡើងជាធំដុំទេ បញ្ហាសន្តិសុខមានលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗ។
មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា ពិធីចូលឆ្នាំថ្ងៃទី២នេះ សន្តិសុខសុវត្ថិភាពមានលក្ខណៈល្អប្រសើរ។ លោកបញ្ជាក់ថា បញ្ហាឆក់ប្លន់ ឬបញ្ហាអគ្គីភ័យពុំមានបញ្ហាអ្វីកើតឡើងនោះទេ ពីព្រោះថា កងកម្លាំងចម្រុះមានប្រុងប្រយ័ត្នចំពោះបញ្ហានេះ ណាមួយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាងមុន។ ក៏ប៉ុន្តែអ្វីដែលជាបញ្ហាកើតមានឥតឈប់នៅពេលមានពិធីបុណ្យជាតិធំៗនេះ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
លោក គៀត ច័ន្ទថារិទ្ធ៖ «មុនចូលឆ្នាំនេះ យើងបានធ្វើការណែនាំតាមរយៈការណែនាំតាមលិខិតរបស់អគ្គស្នងការនគរបាលជាតិបានណែនាំដល់គ្រប់ស្នងការទាំងអស់ គ្រប់អធិការទាំងអស់ ឲ្យរក្សាសន្តិសុខ និងសុវត្ថិភាពគ្រប់ទីកន្លែង»។
ពិធីចូលឆ្នាំថ្មីនៅរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ខុសពីថ្ងៃធម្មតា ពីព្រោះថា នៅមុនពិធីចូលឆ្នាំ ប្រជាពលរដ្ឋនិងមន្ត្រីរាជការមួយចំនួនបានសម្រុកចេញទៅលេងស្រុកកំណើត និងទៅលេងនៅតំបន់កម្សាន្តតាមខែត្រមួយចំនួន ដូចជានៅខែត្រព្រះសីហនុ និងខែត្រសៀមរាប ជាដើម។ ម្យ៉ាងវិញទៀត ចំពោះផ្សារស្ទើរតែទាំងអស់បានបិទ លើកលែងតែផ្សារទំនើបមួយចំនួនបានបើកដំណើរការ ដូចជាផ្សារឡាក់គី (Lucky) ជាដើម។
ក្រៅពីនេះទៀត អ្នកលក់ដូរ និងដូរលុយមួយចំនួននៅលក់ដូរធម្មតា ដូចជាអ្នកលក់អីវ៉ាន់ចាប់ហួយ នៅក្បែរដងផ្លូវមួយចំនួន។ រីឯការធ្វើចរាចរណ៍តាមផ្លូវវិញ មានសភាពស្ងាត់ពុំស្ទះចរាចរណ៍ដូចថ្ងៃធម្មតានោះទេ។
អ្នកលក់ដូរនៅម្ដុំផ្សារដើមគរ បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំជាពិធីបុណ្យជាតិដែលអ្នកធ្វើការទាំងអស់បានឈប់សម្រាក។ តែចំពោះលោកវិញ ជាអ្នកលក់ដូរមិនឈប់សម្រាកនោះទេ ពីព្រោះថា ការលក់ដូរនៅក្នុងពិធីបុណ្យចូលឆ្នាំនេះជាឱកាសមួយដែលលក់ដាច់ជាងថ្ងៃធម្មតា។ ម្យ៉ាងទៀតលោកបញ្ជាក់ថា មុខរបរលក់ដូររកមិនសូវបានដូចកាលពីមុនទេ នៅក្រោយពេលបោះឆ្នោតនេះ ដូច្នេះលោកត្រូវបង្ខំចិត្តលក់ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាព៖ «ឥឡូវ យើងកំពុងតែធ្លាក់ចុះសេដ្ឋកិច្ច ចូលឆ្នាំមិនមែនចូលរាល់ថ្ងៃទេ តែសេដ្ឋកិច្ចយើងដើររាល់ថ្ងៃ។ ធម្មតាបើសេដ្ឋកិច្ចធ្លាក់ចុះ គ្រួសារយើងធ្លាក់ចុះដុនដាបដូចគ្នា ដូច្នេះយកការរកស៊ីជាធំ»។
ក្រៅពីអ្នកលក់ដូរអីវ៉ាន់ចាប់ហួយមួយចំនួនក៏មានអ្នកខ្លះលក់អាហារពេលព្រឹក និងលក់បង្អែមផ្លែឈើពេលយប់ដែរ ដោយពួកគាត់លើកឡើងដូចប្រហាក់ប្រហែលគ្នាថា ពួកគាត់ក៏ចង់ជួបជុំគ្រួសារ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ ក៏ប៉ុន្តែដោយសារកត្តាជីវភាពចាំបាច់ពួកគាត់ត្រូវលក់ដូរ ទោះបីជាមនុស្សភាគច្រើនបានចេញពីទីក្រុងហើយក្ដី៖ «វាខុសពីថ្ងៃបុណ្យទានអ៊ីចឹងវាពិបាកលក់មិនដាច់ ព្រោះគ្មានអ្នកដំណើរដើរ ដល់អ៊ីចឹងយើងលក់អត់សូវបាន»។
បន្ថែមពីនេះទៀត មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា ការពារសន្តិសុខនៅទីក្រុងភ្នំពេញ ជារឿងមួយសំខាន់ សម្រាប់ការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងការពារដល់អ្នកធ្វើដំណើរទាំងឡាយ ក៏ដូចជាអ្នកលក់ដូរ។ លោកអះអាងថា បញ្ហាសំខាន់ដែលពុំមានបញ្ហាអ្វីកើតឡើងជាធំដុំនេះ ដោយសារប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាងឆ្នាំមុនៗ។
លោក គៀត ច័ន្ទថារិទ្ធ៖ «អ៊ីចឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាបន្តទៀត ទី១ ពេលធ្វើដំណើរសូមធ្វើដំណើរឲ្យប្រុងប្រយ័ត្ន ទី២ សូមឲ្យប្រុងប្រយ័ត្នទ្រព្យសម្បត្តិ ប្រហែសបាត់ប្រយ័ត្នគង់ និងទី៣ សូមឲ្យយុវជននៅតាមភូមិទាំងអស់ ឬអ្នកមកពីឆ្ងាយទាស់សម្ដី ប៉ះសម្ដី ប៉ះដៃជើងពេលរាំ ត្រូវអត់ឱនឲ្យគ្នា»។
លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា កងកម្លាំងចម្រុះបានពង្រាយការពារសន្តិសុខនៅតាមទីកន្លែងសំខាន់ៗមួយចំនួន ដូចជានៅរមណីយដ្ឋានវត្តភ្នំ ដែលជាទីកន្លែងប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាទៅលេងល្បែងប្រជាប្រិយ និងការរាំលេងកម្សាន្ត និងទៅកន្លែងផ្សេងៗទៀត ដើម្បីការពារសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរយៈពេល ២៤ម៉ោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
