សូមរំឭកជូនថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលកំពុងគង់និរទេសនៅក្រៅស្រុក ត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១៨ខែ ដែលបញ្ហានោះ បានរារាំងមិនឲ្យព្រះអង្គ អាចយាងចូលរួមក្នុងការប្រកួតប្រជែងការបោះឆ្នោត បានឡើយ ។
ក្នុងសេចក្តីអំពាវនាវរួមមួយ ដែលចុះហត្ថលេខាដោយប្រធានអង្គការក្រៅរដ្ឋាភិបាលចំនួន ៧ ក្នុងអង្គភាពអង្គការបម្រើកិច្ចការការពារសិទ្ធិមនុស្ស និងតាមដានការបោះឆ្នោត បានថ្លែងថា បរិយាកាសនយោបាយនៅក្នុងដំណាក់កាលមុនការបោះឆ្នោតនេះ មិនទាន់មានការធានាឲ្យបានពេញលេញល្អសម្រាប់ឲ្យគណបក្សនយោបាយដែលមិនកាន់អំណាច បានចូលរួមប្រកួតប្រជែងដោយលក្ខណៈសេរីនិងយុត្តិធម៌ នៅឡើយទេ ។
សម្ព័ន្ធអង្គការសង្គមស៊ីវិល បានថ្លែងថា គេក៏មានការព្រួយបារម្ភអំពីករណីគំរាមកំហែងទៅលើសមាជិកគណបក្សនយោបាយប្រកួតប្រជែង ផងដែរ ។
សេចក្តីអំពាវនាវបានស្នើសុំឲ្យមានការផ្តល់ឱកាសថ្វាយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដើម្បីឲ្យព្រះអង្គមានលទ្ធភាពចូលប្រកួតប្រជែង យ៉ាងពេញលេញសម្រាប់ការបោះឆ្នោតខែកក្កដា ឆ្នាំ២០០៨ នេះ ។
សម្ព័ន្ធអង្គការសង្គមស៊ីវិលក៏បានអះអាងដែរថា ករណីគំរាមកំហែងផ្នែកនយោបាយ កំពុងមានការកើនឡើង នាពេលបច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជា ក្នុងគ្រាដែលការបោះឆ្នោតជាតិ កំពុងតែខិតជិតមកដល់នាថ្ងៃទី ២៧ ខែកក្ដដា ឆ្នាំ ២០០៨ នេះ ៕
