អង្គការ​សមាគម​សិល្បៈ​គ្រោង​ដាក់​តាំង​បង្ហាញ​ស្នាដៃ

អង្គការ​សមាគម​សិល្បៈ​ជា​ច្រើន មាន​គម្រោង​ដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន តាមរយៈ​រូបថត រូប​វីដេអូ និង​ការ​សម្ដែង​សិល្បៈ ដែល​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

នាយក​សមាគម​សិល្បៈ ចាវ៉ា អាត (Java Art) លោកស្រី ដាណា ឡេនឃ្វីស (Dana Langlois) បាន​ឲ្យ​លោក ឱម ឧត្ដម អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ដឹង នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ថា មាន​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ១០ ដែល​នឹង​ដាក់​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន នៅ​ខែ​កញ្ញា ឆ្នាំ​២០១០​នេះ។

លោក​ស្រី ដាណា ឡេនឃ្វីស បាន​ថ្លែង​បន្ត​ថា ការ​ដាក់​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​សមាគម និង​អង្គការ​ទាំង​នោះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស ទិវា​ទីក្រុង​យើង ដែល​ជា​ពិធី​បុណ្យ​មួយ​ដែល​តែងតែ​រៀបចំ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ។

លោកស្រី ដាណា ឡេនឃ្វីស នាយក​សមាគម​សិល្បៈ ចាវ៉ា អាត ឲ្យ​ដឹង​ទៀត​ថា ទិវា​ទីក្រុង​យើង ដែល​បាន​ចាប់ផ្ដើម​ប្រារព្ធ​ធ្វើ​ដំបូង នៅ​ឆ្នាំ​២០០៨​មក​នោះ គឺ​ក្នុង​គោលបំណង​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕