ក៏ប៉ុន្តែ ក្រុមចៅក្រមជំនុំជម្រះ មិនទាន់សម្រេចសាលក្រមផ្លូវការយ៉ាងណា ចំពោះពលរដ្ឋដែលរងការចោទប្រកាន់នោះ នៅឡើយទេ។
ការកាត់សេចក្តីករណីថា បានកាប់បំផ្លាញព្រៃឈើ នៅឯខេត្តព្រះវិហារ កាលពីឆ្នាំ២០០៧ កន្លងទៅ ដែលធ្វើឡើងរយៈពេល១ថ្ងៃកន្លះ ហើយបញ្ចប់ទៅកាលពីព្រឹកម្សិលមិញ គឺមានប្រធានចៅក្រមជំនុំជម្រះ លោក កែ សាខន និងចៅក្រមប្រឹក្សាចំនួនពីររូបទៀតគឺលោក ញាន សារិន និង លោក សិន វិសាល។ ចំណែកឯព្រះរាជអាជ្ញារងគឺលោក ហ៊ីង ប៊ុនជា។
នៅក្នុងចំណោមជនជាប់ចោទចំនួន១៥នាក់ គេឃើញមានជនជាប់ចោទចំនួន៨នាក់ប៉ុណ្ណោះ ដែលត្រូវបាននាំខ្លួនចេញពីពន្ធនាគារព្រៃស ឲ្យមកឆ្លើយនៅក្នុងសវនាការ ក្នុងនោះរួមមាន អតីតអភិបាលរងខេត្តព្រះវិហារមួយរូប គឺលោក មាស សារឿន ដែលលោកក៏រងការចោទថា ជាអ្នកនៅពីក្រោយការកាប់ទន្ទ្រានព្រៃរដ្ឋនិងប្រើអាវុធខុសច្បាប់។
ចំណែកឯមេភូមិមួយរូបទៀត គឺលោក ស ម៉ាប់ ក៏រងការចោទពីបទកាប់ទន្ទ្រានព្រៃ ដោយខុសច្បាប់នោះដែរ។
ជាមួយគ្នានេះ ពលរដ្ឋមួយរូបដែលរងការបាញ់បាក់ភ្លៅនៅក្នុងយុទ្ធនាការបង្ក្រាបកន្លងទៅនិងបុរសម្នាក់ទៀត ដែលអះអាងថា ផ្ទះរបស់គាត់ បានត្រូវដុតបំផ្លាញ ហើយភរិយារបស់គាត់រងការបាញ់សម្លាប់នាគ្រានោះ ក៏រងការចោទពីការកាប់ទន្ទ្រានព្រៃខុសច្បាប់នោះផងដែរ។
មន្ត្រីអង្គការសិទ្ធិមនុស្ស លីកាដូ គឺលោក អំ សំអាត ដែលតាមដានសវនាការនេះ បានថ្លែងថា ក្នុងសំណុំរឿងនេះ តុលាការគួរតែធ្វើការចោទលើករណីបាញ់ប្រហារមនុស្សក្នុងការបង្ក្រាបនៅឯខេត្តព្រះវិហារនោះ ដែលបណ្តាលឲ្យស្លាប់មនុស្សចំនួន២នាក់ និងរងរបួសមួយចំនួនទៀត នោះផង៕
