ភូមិអូរស្វាយ ឬអតីតបុរីអូរស្វាយ សព្វថ្ងៃស្ថិតក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ បុរីនេះត្រូវបានបង្កើតឡើងដោយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅដើមទសវត្សរ៍ទី៦០ ដើម្បីការពារព្រំដែនប្រទេសកម្ពុជា ពីការឈ្លានពានរបស់ប្រទេសជិតខាង។
ដើម្បីការពារព្រំដែន ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានប្រកាសឲ្យកេណ្ឌប្រជាពលរដ្ឋខ្មែរដែលគ្មានដីធ្លី ផ្ទះសម្បែង ឲ្យទៅរស់នៅបង្កបង្កើនផលនៅទីនោះ។ ជាការលើកទឹកចិត្ត និងដើម្បីជាការចាប់ផ្តើមជីវិតថ្មី ព្រះអង្គក៏បានប្រគល់ដីឲ្យពលរដ្ឋមួយគ្រួសារ ៥ហិកតារ ព្រះអង្គសង់ផ្ទះ និងផ្ដល់សត្វគោក្របីឲ្យពលរដ្ឋ។ ព្រះអង្គក៏បានកសាងសាលារៀន មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល មន្ទីរកសិកម្ម និងវត្តអារាមនៅទីនោះផងដែរ។
ឃុំអូរស្វាយ ឬអតីតបុរីអូរស្វាយ ស្ថិតនៅចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង និងមានចម្ងាយប្រហែល ៦គីឡូម៉ែត្រប៉ុណ្ណោះ ពីច្រកព្រំដែនអន្តរជាតិកម្ពុជា-ឡាវ នៅដុងក្រឡ ហើយមានចម្ងាយប្រមាណ ១២គីឡូម៉ែត្រ ចេញពីផ្លូវជាតិដែលតភ្ជាប់ពីទីរួមខេត្តស្ទឹងត្រែង ទៅព្រំដែនប្រទេសឡាវ។ ធ្វើដំណើរចេញពីផ្លូវជាតិនេះ កាត់តាមបណ្ដោយផ្លូវលំ និងកន្លែងខ្លះមានក្រាលក្រួសក្រហមដែរនោះ គេនឹងឃើញភូមិមួយនៅជាប់ទន្លេមេគង្គ។ ទីនោះហើយ គឺជាអតីតបុរីអូរស្វាយ។
អតីតបុរីអូរស្វាយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ តាមរយៈផែនការ ៥ឆ្នាំរបស់សម្ដេច ព្រះនរោត្តម សីហនុ។ ភស្តុតាងសំខានៗមួយចំនួនដែលបន្សល់ទុកពីសម័យនោះ មានដូចជាស្តូបដែលព្រះអង្គបានកសាងនៅឆ្នាំ១៩៦៤។ ស្តូបនោះមានរាងដូចជាជួង កម្ពស់ប្រមាណ ៤ម៉ែត្រ។ នៅលើស្តូបនោះ មានឆ្លាក់ចម្លាក់ជុំវិញ និងមានឆ្លាក់រូបសម្ដេចព្រះ នរោត្តម សីហនុ បែរទៅទិសទាំង ៤ ផងដែរ ដូចជាចម្លាក់ព្រះឆាយាល័ក្ខណ៍កាលពីពេលព្រះអង្គឡើងសោយរាជ្យនៅឆ្នាំ១៩៤១ ព្រះឆាយាល័ក្ខណ៍ធ្វើហត្ថកម្មកាប់ដី កសាងផ្ទះសម្បែងឲ្យពលរដ្ឋ និងពេលព្រះអង្គលេងកីឡាជាដើម។ ស្តូបនោះមានចម្ងាយពីមាត់ទន្លេប្រមាណ ១០ម៉ែត្រប៉ុណ្ណោះ ហើយខាងក្រោយនោះ មានដើមពោធិព្រឹក្សមួយដើមយ៉ាងធំ និងមានស្មៅដុះជុំវិញជាច្រើនផងដែរ។
តឹកតាងមួយផ្សេងទៀតដែលបន្សល់ទុកពីសម័យនោះដែរ គឺផ្លាកធ្វើពីបេតុង បញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់ព្រះអង្គយាងទៅសម្ពោធបុរីអូរស្វាយ នៅឆ្នាំ១៩៦៨។ ផ្លាកនោះមានរាងត្រីកោណ មានកម្ពស់ប្រហែល ២ម៉ែត្រ។
ឆ្ងាយពីផ្លាកនោះប្រហែល ៥០០ម៉ែត្រ មានព្រះវិហារចាស់មួយដែលគេបោះបង់ចោល ស្ថិតនៅលើដីទួលជាប់នឹងផ្លូវ។ ព្រះវិហារនោះក៏ត្រូវបានសម្ដេចព្រះ នរោត្តម សីហនុ បញ្ជាឲ្យកូនចៅព្រះអង្គកសាងក្នុងសម័យនោះដែរ តែកសាងមិនទាន់ចប់សព្វគ្រប់ផង ព្រះអង្គក៏ត្រូវបានលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់នៅឆ្នាំ១៩៧០។ បន្ទាប់ពីព្រះអង្គត្រូវបានធ្វើរដ្ឋប្រហារ ព្រះវិហារដែលមានតែខឿន និងជញ្ជាំងខ្លះនោះ ក៏ត្រូវទុកឲ្យនៅដដែលតាំងពីសម័យនោះមក។
ទាក់ទងនឹងប្រវត្តិនៃការបង្កើតបុរីអូរស្វាយនេះ មេឃុំអូរស្វាយ លោក ម៉ាន់ លីហ៊ូ ដែលឪពុកម្ដាយរបស់លោកក៏ត្រូវបានសម្ដេចព្រះ នរោត្តម សីហនុ បញ្ជូនឲ្យមករស់នៅទីនេះតាំងពីដើមទសវត្សរ៍ទី៦០ ដែរនោះ លោកបានឲ្យដឹងយ៉ាងដូច្នេះថា៖ «ទាក់ទងនឹងការរៀបចំភូមិនៅទីនេះ តាមខ្ញុំយល់គឺ សម្ដេចលោកគិតពីបញ្ហាការពារទឹកដី ព្រោះភូមិសាស្ត្រនេះជាភូមិសាស្ត្រមួយដែលជាប់ព្រំដែនប្រទេសឡាវ អ៊ីចឹងសម្ដេចលោកមានបញ្ញា លោកបានកេណ្ឌប្រជាពលរដ្ឋខ្មែរជាក្រឡុងមករស់នៅទីនេះ។ ឆ្នាំ១៩៦២ យើងមកនៅ ឡាវមានគោលបំណងចង់យកទឹកដីទៅដល់ស្ទឹងត្រែង វាថា ទឹកដីរបស់ប្រទេសវា អ៊ីចឹងជំនាន់ហ្នឹង គឺសម្ដេចលោករៀបផែនការដាក់កម្លាំងទ័ពយើងច្រើនអង្គភាពណាស់នៅទីនេះពេញ ដើម្បីការពារព្រំដែនហ្នឹង អ៊ីចឹងគឺគោលបំណងធំរបស់សម្ដេច គឺយកខ្មែរមកដាក់នៅព្រំដែនដើម្បីការពារទឹកដីខ្មែរ យើងគិតទៅថា លោកមានគំនិតស៊ីជម្រៅណាស់ ទោះបីថា ជំនាន់លោកអត់ពីលោកទៅក៏មានខ្មែរនៅការពារទឹកដីខ្មែររបស់លោកដែរ»។
លោក លីហ៊ូ បញ្ជាក់ថា ក្នុងទសវត្សរ៍ទី៦០នោះ ចំនួនប្រជាពលរដ្ឋដែលទៅរស់នៅក្នុងតំបន់អូរស្វាយ មានប្រហែលជាង ១០០គ្រួសារប៉ុណ្ណោះ។ លោកថា ប្រជាពលរដ្ឋទាំងអស់នេះ សុទ្ធតែត្រូវបានសម្ដេចព្រះ នរោត្តម សីហនុ ប្រគល់ដីភូមិ ដីស្រែ សត្វគោ ក្របី និងសង់ផ្ទះសម្បែងឲ្យទៀតផង។ ទោះជាយ៉ាងណាក៏ដោយ លោកថា ក៏មានគ្រួសារខ្លះបានវិលត្រឡប់ទៅវិញដែរ ដោយសារតែមិនអាចទ្រាំទ្រនឹងជំងឺគ្រុនចាញ់បាន។
លោក ម៉ាន់ លីហ៊ូ៖ «ឆ្នាំ៦២ ៦៣ នេះគឺហាក់បីដូចជាបញ្ហាសុខភាពចោទខ្លាំង ដូចជាទាក់ទងបញ្ហាគ្រុនក្តៅធំៗ ដូចបប៉ៃលិនអ៊ីចឹង ចាញ់នៅទីនេះ ព្រោះជំនាន់នោះព្រៃឈើយើងធំៗ។ មួយថ្ងៃ ស្លាប់ពី៤ ទៅ ៦នាក់ ឪពុកខ្ញុំគាត់ជាអ្នកបូជាសព អ៊ីចឹងគាត់បូជាសពមួយថ្ងៃពី៤ ទៅ ៦នាក់ ហើយពេលហ្នុងមិនមែនមានន័យថា សុខភាពយើងចោទ ហើយអត់មានថ្នាំអត់មានសង្កូវ មិនមែនទេ ថ្នាំសង្កូវគឺសម្ដេចលោកមានគ្រប់គ្រាន់ ពេទ្យយើងមួយថ្ងៃៗចាក់មិនឈ្នះទេ ក៏ប៉ុន្តែពេលហ្នុងចាក់មួយម្ជុលទៅគឺរឹងត្រគាកមួយអាទិត្យដើរអត់រួចទេ អាថ្នាំគីនីននោះ អ៊ីចឹងទៅប្រជាជនទាំងគេទាំងខ្ញុំខ្លាច ខ្លាចថ្នាំ ពេលថ្នាំរដ្ឋគេបើកឲ្យមក អត់លេបទេ ដល់អ៊ីចឹងជំងឺម៉េចចេះជា ខ្ញុំរហូតដល់ខ្ញុំគ្រុនក្ដៅខ្លាំង ខ្ញុំចុះដេកដី ក្ដៅខ្លាំងខ្ញុំដេកដី»។
ជុំវិញសមិទ្ធផលសង្គមផ្សេងៗវិញ លោក ម៉ាន់ លីហ៊ូ មានប្រសាសន៍ថា ក្រៅតែពីព្រះវិហារ ដែលសង់មិនទាន់រួចរាល់នោះ សម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គក៏បានកសាងសាលាស្រុកមួយ តែលោកថា សាលាស្រុកនោះបានបាក់ធ្លាក់ចូលក្នុងទន្លេបាត់ហើយ។ ក្រៅពីនោះ ក៏មានសាលាបឋមសិក្សា មណ្ឌលសុខភាព និងប៉ុស្តិ៍នគរបាលផងដែរ។
លោក ម៉ាន់ លីហ៊ូ៖ «មានវត្តអារាម មានមន្ទីរពេទ្យ មានសាលារៀន ហើយអានេះប៉ុស្តិ៍ចាស់ ចំប៉ុស្តិ៍ប៉ូលិសចាស់ យើងត្រង់ហ្នឹងសម័យសង្គម ប៉ុន្តែវាអស់ហើយ អាកេរដំណែល។ អាហ្នឹងយើងធ្វើថ្មីទេ កន្លែងនេះពីមុនហៅថា មន្ទីរកសិកម្ម ព្រោះពីសង្គមគេហៅថា បុរីអូរស្វាយ។ សព្វថ្ងៃភូមិអូរស្វាយ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង ២០០គ្រួសារភាគច្រើនប្រកបរបរកសិកម្ម និងនេសាទ»។
បើតាមលោក ម៉ាន់ លីហ៊ូ លោកថា របរបង្កបង្កើនផលកសិកម្មមិនអាចធ្វើឲ្យពលរដ្ឋហូបចុកបានគ្រប់គ្រាន់ពេញមួយឆ្នាំឡើយ គឺបានតែកន្លះឆ្នាំប៉ុណ្ណោះ។ មូលហេតុដោយសារតែពលរដ្ឋភាគច្រើនមានដីស្រែធ្វើកសិកម្មតិច ហើយនៅរដូវប្រាំងវិញ គ្មានប្រភពទឹកសម្រាប់ធ្វើស្រែឡើយ។ លោកថា ក្នុងចំណោម ១០០គ្រួសារ ដែលធ្វើស្រែមានតែ ៣០គ្រួសារប៉ុណ្ណោះ ដែលអាចហូបចុកគ្រប់គ្រាន់ពេញមួយឆ្នាំ។ សម្រាប់ពលរដ្ឋដែលហូបមិនគ្រប់គ្រាន់វិញ ពួកគេរកនេះរកនោះ ដើម្បីផ្សែផ្សំបន្ថែម។
លោក ម៉ាន់ លីហ៊ូ៖ «យើងនៅទីនេះ មានព្រៃមានអ៊ីចឹង ដើររក... រកអណ្ដើក រកវល្លិអ៊ីចឹងទៅ តាមលទ្ធភាព តាមអ្នកទិញដែលគេរកទៅណា។ កន្លងទៅនៅទីហ្នឹង រហូតដល់គេទិញគ្រាប់ស្លែង ដើររើសគ្រាប់ស្លែង គេទិញផ្លែពោន យើងដើររកផ្លែពោន អ៊ីចឹងផល អនុផលព្រៃឈើ យើងនៅមានលទ្ធភាពប្រើប្រាស់កន្លងមក ប៉ុន្តែឥឡូវ គឺកាត់បន្ថយចុះអស់ហើយ ចង់អស់ហើយ»។
សព្វថ្ងៃភូមិអូរស្វាយ មានសាលាបឋមសិក្សាមួយដែលមាន ៣អគារ តែក្នុងនោះមានអគារមួយទ្រុឌទ្រោមខ្លាំង ដែលបង្ខំឲ្យសិស្ស ត្រូវទៅរៀននៅក្រោមផ្ទះរបស់ប្រជាពលរដ្ឋ ដោយសារខ្លាចអគាររលំសង្កត់លើ។ ក្រៅពីនោះ ក៏មានអនុវិទ្យាល័យមួយដែរ ដែលបានសាងសង់កាលពីឆ្នាំ២០០៩។ ចំណែកវត្តមួយក្នុងភូមិក៏មានព្រះវិហារចាស់ទ្រុឌទ្រោមណាស់ទៅហើយ។ អូរស្វាយ ពុំមានមណ្ឌលសុខភាពឡើយ។ នៅពេលពលរដ្ឋក្នុងភូមិមានបញ្ហា ពួកគេត្រូវជិះទូកឆ្លងទន្លេ ទៅភូមិមួយទៀតដែលមានមណ្ឌលសុខភាព។
នយោបាយការពារជាតិតាមរយៈការយកព្រលឹងវប្បធម៌ជាតិខ្មែរទៅដាក់នៅព្រំដែន និងតាមរយៈការបញ្ជូនពលរដ្ឋដែលគ្មានដីធ្លី ផ្ទះសម្បែង ហើយផ្ដល់លទ្ធភាពគ្រប់គ្រាន់ ឲ្យពួកគេមានឱកាសកសាងជីវិតថ្មី តាមរយៈការឧបត្ថម្ភផ្សេងៗរបស់រដ្ឋ ដូចអ្វីដែលអតីតព្រះមហាវីរក្សត្រ ព្រះអង្គបានធ្វើនេះ គឺជារឿងមួយដែលបានបន្សល់ស្នាដៃគួរឲ្យគោរព និងកោតសរសើរ។ ការរៀបចំឲ្យមានបុរីនៅជាយដែននេះ ក៏បានរួមចំណែកពង្រឹងព្រំដែនប្រទេសឲ្យរឹងមាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
