កញ្ញា ហេង ម៉ាលីកា បានថ្លែងថា នាងមានមោទនភាពណាស់ដែលបានមកសហរដ្ឋអាមេរិកជាលើកដំបូង ដើម្បីស្វែងយល់ពីប្រទេសមហាអំណាចមួយនេះ។
យុវតី ហេង ម៉ាលីកា ជានិស្សិតឆ្នាំទីពីរនៅវិទ្យាស្ថានភាសាបរទេសនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញផ្នែកភាសាអង់គ្លេស និងធនាគារហិរញ្ញវត្ថុ។ កញ្ញាថ្លែងដោយក្ដីអំណរ ដោយមិននឹកស្មានថា នាងបានត្រូវគេជ្រើសរើសក្នុងចំណោមបេក្ខភាពនិស្សិតជាច្រើនរយនាក់ ដើម្បីមកទស្សនាសហរដ្ឋអាមេរិកចំនួន ២សប្ដាហ៍នោះទេ។
នាងបានរៀបរាប់អំពីគម្រោងកម្មវិធីដែលបានស្នើសុំក្នុងការចូលរួមប្រកួតប្រជែងយកពានរង្វាន់យុវជនឆ្នើមវគ្គទី៧ ដែលអាចជួយឲ្យនាងបានមកកាន់សហរដ្ឋអាមេរិកយ៉ាងដូចនេះ ៖ «កម្មវិធីនេះត្រូវបានឆ្លងកាត់ដំណាក់កាលយ៉ាងច្រើន មានរយៈពេល ៣ខែ សម្រាប់យុវជននីមួយៗ។ មិនមែនជាកម្មវិធីគ្រាន់តែសរសេរទេ គឺយើងអនុវត្តផ្ទាល់តែម្ដង។ ឧទាហរណ៍ ដូចជាគេឲ្យលុយយើង ៥០ដុល្លារ ដើម្បីធ្វើផ្លូវ តើត្រូវធ្វើដូចម្ដេច? ដូចនេះយើងត្រូវធ្វើគម្រោងសុំពីអង្គការនានា ឬក៏អ្នកធំដទៃទៀត ដើម្បីបានប្រាក់បន្ថែម និងបញ្ចុះបញ្ចូលពលរដ្ឋឲ្យមកចូលរួមធ្វើផ្លូវ»។
គម្រោងសាងសង់ផ្លូវលំនោះ គឺមានប្រវែង ១០០ម៉ែត្រដែលកញ្ញា ហេង ម៉ាលីកា ជ្រើសយកនៅក្នុងភូមិព្រែកតាថុក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ៖ «យើងមានប្រាក់តែ ៥០ដុល្លារ បើសិនទទួលបានប្រាក់បន្ថែម គឺបានតែ ៣០០ដុល្លារប៉ុណ្ណោះ។ ដូច្នេះយើងអត់មានរ៉ូឡូកិន ឬមានកៅស៊ូចាក់ទេ យើងប្រើតែចប បង្គី ហើយអ្នកភូមិនៅទីនោះជួយចាក់ដីនាំគ្នាជាន់សង្កត់ឲ្យណែន។ គម្រោងហ្នឹងធ្វើតែ ៣ថ្ងៃទេ គេប្រាប់ខ្ញុំថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ចាប់ផ្ដើមធ្វើថ្ងៃសុក្រ សៅរ៍ ហើយថ្ងៃអាទិត្យគឺហើយ។ អ្នកស្រុកមកជួយជាង ២០០នាក់»។
បច្ចុប្បន្ន កញ្ញា ម៉ាលីកា រស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ នាងបន្តថា និស្សិត ២នាក់បានជាប់ជាជយលាភីយុវជនឆ្នើមវគ្គលើកទី៧នេះ គឺរូបនាង និងយុវជនឈ្មោះ សេង វីរៈ អាយុ ២៦ឆ្នាំ។
កម្មវិធីយុវជនឆ្នើមនេះជួយឧបត្ថម្ភដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ហៅកាត់ថា IRI និងកម្មវិធីជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក USAID ហើយដែលគោលដៅចម្បង គឺស្វែងយល់អំពីភាពជាអ្នកដឹកនាំល្អ៕
