ចំណាប់​អារម្មណ៍​ពលរដ្ឋ​ចំពោះ​ការ​ឆ្លើយ​បំភ្លឺ​ពី​ព្រំដែន​របស់​លោក ហ៊ុន សែន

បុគ្គលិក​គ្រប់​ស្ថាប័ន​រដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា ត្រូវ​បាន​តម្រូវ​ឲ្យ​មើល​ការ​បកស្រាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ឡើង​បកស្រាយ​សំណួរ​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​រដ្ឋសភា តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍ និង​វិទ្យុ​ក្នុង​ស្រុក។
ដោយ វណ្ណ វិចារ
2012.08.09

ចំណែក​ឯ​ប្រជាពលរដ្ឋ​វិញ ពួក​គាត់​ចាប់​អារម្មណ៍​យ៉ាង​ណា ចំពោះ​ការ​បកស្រាយ​របស់​លោក ហ៊ុន សែន?

អស់​រយៈពេល​ជាង​៥ម៉ោង គ្រប់​ទូរទស្សន៍ និង​វិទ្យុ​ក្នុង​ស្រុក នៅ​ខេត្ត​ស្ទឹងត្រែង សុទ្ធ​តែ​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ការ​បកស្រាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។ មន្ត្រី​រាជការ​នៅ​តាម​មន្ទីរ អង្គភាព​នានា នៅ​ជុំវិញ​ខេត្ត​ស្ទឹងត្រែង បាន​តាម​ដាន​នូវ​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​ដោយ​យក​ចិត្ត​ទុក​ដាក់។

ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ស្ទឹងត្រែង បែរ​ជា​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​ការ​បកស្រាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ ដោយ​សារ​តែ​មូលហេតុ​ផ្ទាល់​ខ្លួន​ផ្សេងៗ​ពី​គ្នា។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​មាន​ទីលំនៅ​នៅ​អូរពងមាន់ ក្រុង​ស្ទឹងត្រែង ឈ្មោះ ផន សុភី មាន​ប្រសាសន៍​ថា បញ្ហា​ព្រំដែន​ជា​រឿង​សំខាន់ ហើយ​លោក​មិន​ចង់​ឲ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង​ឡើយ។ លោក​បន្ត​ថា ទោះ​បី​ជា​លោក​យល់​ថា​វា​សំខាន់​ក៏​ដោយ ក៏​លោក​មិន​បាន​តាម​ដាន​ស្តាប់ ឬ​មើល​ការ​បកស្រាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ពី​រឿង​ព្រំដែន​ឡើយ។ លោក ផន សុភី បញ្ជាក់​ថា ជីវភាព​របស់​លោក​ពិត​ជា​សំខាន់​ជាង​ស្តាប់​ការ​បកស្រាយ​រឿង​ព្រំដែន៖ «អត់​ស្តាប់​ផង​បង។ ខ្ញុំ​នៅ​ចម្ការ​រហូត រក​ពេល​ទំនេរ​ស្តាប់​មិន​បាន មិន​ដឹង​គិត​យ៉ាង​ម៉េច​ទេ»

មិន​មែន​តែ​លោក ផន សុភី ទេ ពលរដ្ឋ​មួយ​ចំនួន​ទៀត នៅ​ខេត្ត​ស្ទឹងត្រែង ក៏​ដូច្នោះ​ដែរ។ ពលរដ្ឋ​ទាំង​នោះ​អះអាង​ថា ពួក​គាត់​រវល់​រក​ស៊ី ស្តាប់​មិន​យល់ មិន​ចង់​ដឹង​រឿង​នយោបាយ។ អ្នក​ខ្លះ​ទៀត កំពុង​តែ​លេង​ល្បែង និង​អ្នក​មួយ​ចំនួន​ទៀត ចាប់​អារម្មណ៍​ចំពោះ​កំសាន្ត​ជាដើម។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​នៅ​ខេត្ត​ស្ទឹងត្រែង លោក មុត សុគន្ធ មាន​ប្រសាសន៍​ថា លោក​តាម​ដាន​ការ​បកស្រាយ​របស់​លោក ហ៊ុន សែន តាំង​ពី​ដើម​ដល់​ចប់។ លោក​បន្ត​ថា លោក​ពិត​ជា​ពេញ​ចិត្ត​នូវ​ការ​ពន្យល់​នេះ ហើយ​ក៏​ទទួល​បាន​ចំណេះ​ដឹង​ច្រើន​ពី​ការ​បកស្រាយ​នោះ​ដែរ។ លោក មុត សុគន្ធ បញ្ជាក់​ថា លោក​ជឿជាក់​តាំង​ពី​ដំបូង​ថា រដ្ឋាភិបាល​មិន​បាន​កាត់​ដី​ឲ្យ​វៀតណាម ជា​ដាច់​ខាត៖ «កុំ​ឲ្យ​គេ​យល់​ច្រលំ​ថា​គាត់​លក់​ដី​លក់​អីចឹង បកស្រាយ​ឲ្យ​គេ​បាន​ដឹង​ទាំង​អស់​គ្នា»

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​រាជការ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា លោក​ពិត​ជា​សរសើរ​លោក ហ៊ុន សែន ដែល​បាន​ប្រើ​ពេល​យ៉ាង​យូរ​ដើម្បី​បកស្រាយ។

ប៉ុន្តែ​លោក​មិន​សូវ​ពេញ​ចិត្ត​នៅ​ត្រង់​ថា សភា​នៅ​តែ​មិន​អនុញ្ញាតិ​ឲ្យ​មាន​ការ​សួរ​ដេញដោល​គ្នា​រវាង​លោក ហ៊ុន សែន និង​មន្ត្រី​បក្ស​ប្រឆាំង។ លោក​បាន​លើក​ជា​ឧទាហរណ៍​ថា នៅ​ប្រទេស​ថៃ គេ​ឃើញ​នាយក​រដ្ឋមន្ត្រី​គេ ឆ្លើយ​ឆ្លង​គ្នា​នឹង​មន្ត្រី​បក្ស​ប្រឆាំង​ពិត​ជា​ល្អ​ខ្លាំង​ណាស់។

នៅ​ខេត្ត​ស្ទឹងត្រែង ក្រៅ​ពី​ស្ថាប័ន​រដ្ឋ មាន​ផ្ទះ​ប្រជាជន​មិន​ច្រើន​ទេ ដែល​តាម​ដាន​ការ​បកស្រាយ​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​មាន​ហាង​កាហ្វេ​មួយ មាន​ទីតាំង​នៅ​ជិត​មន្ទីរ​សុខាភិបាល ដែល​អ្នក​លក់​ជា​ជនជាតិ​វៀតណាម បើក​ទូរទស្សន៍​ដែល​មាន​ជនជាតិ​វៀតណាម ទាំង​ស្រី​ទាំង​ប្រុស​ជាច្រើន​នាក់ តាម​ដាន​ការ​បកស្រាយ​តាំង​ពី​ដើម​រហូត​ដល់​ចប់។ ជនជាតិ​វៀតណាម ទាំង​នោះ​ប្រាប់​ថា ពួក​គេ​ចង់​ដឹង​បញ្ហា​ព្រំដែន​នេះ ព្រោះ​អាច​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គេ។

បញ្ហា​ជាច្រើន​ដែល​លោក ហ៊ុន សែន លើក​ឡើង ដូច​ជា​ទំនាក់​ទំនង​លោក និង​មន្ត្រី​បក្ស​ប្រឆាំង លោក សុន ឆ័យ ដែល​ធ្លាប់​ជា​បងប្អូន​ធម៌​នឹង​គ្នា ទំហំ​ផ្ទៃដី​ប្រទេស​កម្ពុជា​ជាក់​ស្ដែង​លើស​ទំហំ​នៅ​ក្នុង​ផែនទី មូលហេតុ​ដែល​បាត់​បង់​កោះ​ត្រល់ និង​ដី​កម្ពុជា​ក្រោម មូលហេតុ​ដោះដូរ​ភូមិ​ខ្មែរ និង​ភូមិ​វៀតណាម មូលហេតុ​ប្រើប្រាស់​សន្ធិសញ្ញា​ព្រំដែន​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។