ខ្មែរ​នៅ​បារាំង​ធ្វើ​ញត្តិ​ស្នើសុំ​អន្តរាគមន៍​ពី​មេ​ដឹកនាំ​បារាំង

នៅ​ឯ​ប្រទេស​បារាំង ពលរដ្ឋ​អ្នក​មាន​ដើម​កំណើត​ខ្មែរ​រាប់​រយ​នាក់​បាន​រួម​គ្នា​ធ្វើ​ញត្តិ​ស្នើសុំ​ជំនួយ​អន្តរាគមន៍​ពី​លោក​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង លោក នីកូឡា សារកូស្ហ៊ី (Nicolas Sarkozy)។

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ដែល​មាន​ទី​ស្នាក់ការ​នៅ​ក្រុង​ប៉ារីស បាន​ឲ្យ​ដឹង​ខ្លឹមសារ​នៃ​ញត្តិ​រួម​នោះ​គឺ​មាន​សេចក្តី​ថា យើង​ខ្ញុំ​ជា​អ្នក​តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​និង​ជា​ជនជាតិ​ខ្មែរ ព្រម​ទាំង​ញាតិ​មិត្ត​រស់​នៅ​ក្នុង​ប្រទេស​បារាំង បាន​រួម​ប្រជុំ​គ្នា​ក្នុង​បាតុកម្ម នៅ​ទីលាន​សិទ្ធិ​មនុស្ស​នៃ​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០០៩​នេះ ដើម្បី​រំឭក​គុណ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ស្តីពី​កម្ពុជា ដែល​ចុះ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

តាំង​ពី​ឆ្នាំ​១៩៩១​មក ជនជាតិ​ខ្មែរៗ​ទាំង​នោះ​មើល​ឃើញ​ថា រដ្ឋាភិបាល លោក ហ៊ុន សែន ដឹកនាំ​កម្ពុជា​ប្រកប​ដោយ​អំពើ​ផ្តាច់ការ អំពើ​ពុក​រលួយ រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅ​ឋាន​ដើម្បី​រឹប​អូស​យក​ដី​ធ្លី។

ញត្តិ​ដដែល​បញ្ជាក់​បន្ត​ថា ចំណែក​វៀតណាម​នៅតែ​បន្ត​ជ្រៀតជ្រែក​កិច្ចការ​រដ្ឋាភិបាល​កម្ពុជា​លើ​គ្រប់​វិស័យ យក​បាន​ទាំង​ដែន​ដី​និង​ដែន​សមុទ្រ​ខ្មែរ​ជា​ច្រើន។ រីឯ​ប្រទេស​ថៃ​វិញ​នៅតែ​បន្ត​ឈ្លានពាន​ដែន​ដី​និង​ដែន​សមុទ្រ​ខ្មែរ​ផងដែរ។ បញ្ហា​ទាំង​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​ខ្មែរ​រាប់​រយ​នាក់​នោះ​រួម​គ្នា​ធ្វើ​ញត្តិ​នេះ​ឡើង ដើម្បី​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី​នៃ​ប្រទេសបារាំង ដែល​បារាំង​ជា​សហ​ប្រធាន​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ផង​នោះ សូម​ឲ្យ​លោក​ពិនិត្យ​នូវ​លទ្ធភាព​ក្នុង​ការ​បង្កើត​គណៈកម្មការ​អន្តរជាតិ​ថ្មី​មួយ​ដើម្បី​ត្រួត​ពិនិត្យ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ស្តីពី​កម្ពុជា និង​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វៀតណាម និង​ថៃ គោរព​ឲ្យ​បាន​ទៀងទាត់​នូវ​បទ​បញ្ញត្តិ​ទាំង​អស់​នៃ​កិច្ច​ព្រមព្រៀង​នេះ៕