គណៈកម្មាធិការព្រំដែនកម្ពុជាដែលមានទីស្នាក់ការនៅក្រុងប៉ារីស បានឲ្យដឹងខ្លឹមសារនៃញត្តិរួមនោះគឺមានសេចក្តីថា យើងខ្ញុំជាអ្នកតំណាងឲ្យអង្គការសង្គមស៊ីវិលខ្មែរនិងជាជនជាតិខ្មែរ ព្រមទាំងញាតិមិត្តរស់នៅក្នុងប្រទេសបារាំង បានរួមប្រជុំគ្នាក្នុងបាតុកម្ម នៅទីលានសិទ្ធិមនុស្សនៃទីក្រុងប៉ារីស កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩នេះ ដើម្បីរំឭកគុណនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសស្តីពីកម្ពុជា ដែលចុះកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
តាំងពីឆ្នាំ១៩៩១មក ជនជាតិខ្មែរៗទាំងនោះមើលឃើញថា រដ្ឋាភិបាល លោក ហ៊ុន សែន ដឹកនាំកម្ពុជាប្រកបដោយអំពើផ្តាច់ការ អំពើពុករលួយ រំលោភសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ បណ្តេញពលរដ្ឋចេញពីលំនៅឋានដើម្បីរឹបអូសយកដីធ្លី។
ញត្តិដដែលបញ្ជាក់បន្តថា ចំណែកវៀតណាមនៅតែបន្តជ្រៀតជ្រែកកិច្ចការរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ យកបានទាំងដែនដីនិងដែនសមុទ្រខ្មែរជាច្រើន។ រីឯប្រទេសថៃវិញនៅតែបន្តឈ្លានពានដែនដីនិងដែនសមុទ្រខ្មែរផងដែរ។ បញ្ហាទាំងនេះហើយដែលជំរុញឲ្យខ្មែររាប់រយនាក់នោះរួមគ្នាធ្វើញត្តិនេះឡើង ដើម្បីស្នើឲ្យលោកប្រធានាធិបតីនៃប្រទេសបារាំង ដែលបារាំងជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសផងនោះ សូមឲ្យលោកពិនិត្យនូវលទ្ធភាពក្នុងការបង្កើតគណៈកម្មការអន្តរជាតិថ្មីមួយដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសស្តីពីកម្ពុជា និងជួយជំរុញឲ្យរដ្ឋាភិបាលកម្ពុជា វៀតណាម និងថៃ គោរពឲ្យបានទៀងទាត់នូវបទបញ្ញត្តិទាំងអស់នៃកិច្ចព្រមព្រៀងនេះ៕
