ប្រភពព័ត៌មាន Reuters បានដកស្រង់ប្រសាសន៍អនុមេបញ្ជាការយោធាខេត្តកំពត ឈ្មោះលោក គង់ មុន្នី ដែលឲ្យដឹងថា មានយន្តហោះមួយបានធ្លាក់នៅក្នុងខេត្តកំពត កាលពីព្រឹកមិញ ហើយព័ត៌មានលំអិត លោកមិនអាចអធិប្បាយបានឡើយ ។
វិទ្យុអាស៊ីសេរី បានជួបតាមទូរស័ព្ទជាមួយលោកអនុមេបញ្ជាការយោធាខេត្ត ដែលមានប្រសាសន៍បញ្ជាក់យ៉ាងនេះថា ៖ «ខ្ញុំក៏ឮតាមគេដែរ ខ្ញុំសួរខាង Airport គេប្រាប់ថាមានអ៊ីចឹង ប៉ុន្តែអត់ទានមានអ្នកណាទៅដល់ឃើញច្បាស់ថា យន្តហោះហ្នឹងយ៉ាងម៉េច តែគ្រាន់តែឆែកខាងយន្តហោះខ្មែរ វាអត់មានអីទេ ខាងក្រុមហ៊ុនខ្មែរអត់មានបាត់យន្តហោះទេ អ៊ីចឹងបើសិនជាមាន ក៏មិនមែនជារបស់ខ្មែរដែរ» ។
ម៉ាយ៉ារិទ្ធិ ៖ តើរឿងនេះពិតជាមានគេឃើញមែនឬទេ ?
គង់ មុន្នី ៖ «បងឯងទាក់ទងខាងកងរាជអាវុធហត្ថ ប្រហែលជាច្បាស់ ព្រោះគេនៅជិតកន្លែងកើតហេតុ» ។
ប្រភពពីកងរាជអាវុធហត្ថបានបញ្ជាក់ថា ព័ត៌មានពីខេត្តកំពតមិនមាននិយាយអំពីការធ្លាក់យន្តហោះណាមួយនោះទេ។
នៅជាមួយនេះដែរ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវ៉ាន់ណាល់ បានមានប្រសាសន៍ថា មិនមានសេចក្តីរាយការណ៍ណាមួយនិយាយអំពីការធ្លាក់យន្តហោះ នោះឡើយ ៕
