ហ៊ុន សែន ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សិង្ហបុរី

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ នៅ​រសៀល​ថ្ងៃ​២៥ កក្កដា​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​សិង្ហបុរី​ចំនួន​ពីរ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហបុរី។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា ការ​អញ្ជើញ​ទៅ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នេះ ក្នុង​គោលបំណង​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​​ទ្វេ​ភាគី ដែល​ផ្ដោត​លើ​ការ​វិនិយោគ​ពាណិជ្ជកម្ម និង​បញ្ហា​ផ្សេងៗ​ទៀត​រវាង​ប្រទេស​ទាំង​ពីរ។

លោក កុយ គួង មាន​ប្រសាសន៍​ដូច្នេះ ៖ «ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ហ្នឹង គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​នោះ​មាន​បញ្ហា​វិនិយោគ​ពាណិជ្ជកម្ម និង​បញ្ហា​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​វិស័យ​ទាំង​នោះ​មាន​លក្ខណៈ​ស៊ី​ជម្រៅ និង​ទូលំ​ទូលាយ​ថែម​ទៀត»