កម្ពុជា​នឹង​ចូលរួម​ក្នុង​ប្រព័ន្ធ​ត្រៀមបម្រុង​របស់​អ.ស.ប., លក់​អង្ករ​ឲ្យ​ប្រទេស​ហ្គីណេ ១២​ម៉ឺន​តោន

2008-06-19

កម្ពុជា​បាន​សម្រេចចិត្ត​ចូលរួម​ក្នុង​ប្រព័ន្ធ​ត្រៀមបម្រុង​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ដើម្បី​ទទួល​ភារកិច្ច​ធ្វើការ​ដោះមីន​និង​សាងសង់ ។

ប្រសាសន៍​អះអាង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ បាន​ធ្វើឡើង​ក្នុង​ឱកាស​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​​ស្ពាន​គុណគ្រូ ស្ពាន​ត្រពាំងខ្យង និង​ផ្លូវលេខ​៤១ ផ្លូវ​អង្គមេត្រី ផ្លូវលេខ​៤១​ ពី​ថ្នល់ទទឹង​ទៅ​ផ្លូវជាតិ​លេខ៣ ក្នុង​ពិធី​ដែល​ប្រារព្ធ​ធ្វើ​នៅ​គល់​ស្ពាន​គុណគ្រូ ក្នុង​ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិថុនា ម្សិលមិញ​នេះ ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក​បាន​សម្រេច​ដាក់​ទាហាន ៥០០​នាក់ ត្រៀម​សម្រាប់​ចូលរួម​ប្រព័ន្ធ​ត្រៀម​បម្រុង​របស់​អ.ស.ប. តែ​មិនមែន​ជា​ទាហាន​ស៊ី​ឈ្នួល​ធ្វើ​សង្គ្រាម​នោះ​ទេ ៖ «ខ្ញុំ​ព្រះករុណា​ខ្ញុំ​បាន​សម្រេចចិត្ត​ក្នុង​រយៈកាល​ពីរ​សប្ដាហ៍​នេះ លើ​ចំណុច​ទាក់ទិន​នឹង​គោល​នយោបាយ​ការបរទេស​របស់​យើង ។ ទី​មួយ ក្រៅ​ពី​បន្ត​បញ្ជូន​កម្លាំង​ទៅ​ផ្លាស់​វេន​នៅ​ប្រទេស​ស៊ូដង់ យើង​សម្រេចចិត្ត​នឹង​ចូលរួម​ក្នុង​ប្រព័ន្ធ​ត្រៀមបម្រុង​របស់​អង្គការ​សហប្រជាជាតិ ដែល​កម្លាំង​រៀបរយ​ប្រមាណ ៥០០​នាក់ ត្រៀមបម្រុង​ទុក​ក្នុង​ដៃ នៅពេល​ដែល​អង្គការ​សហប្រជាជាតិ​ត្រូវការ​ឲ្យ​យើង​បញ្ជូន​ទៅ​ប្រទេស​ណាមួយ ដែល​យើង​យល់​ថា គួរ​បញ្ជូន​ទៅ មិនមែន​ជា​ទាហាន​ស៊ីឈ្នួល​ច្បាំង​នោះ​ទេ យើង​ទៅ​ធ្វើ​ត្រឹម​តែ​ជា​អ្នកដោះមីន ឬ​ក៏​ជា​អ្នកសាងសង់ យើង​អាច​ទៅ​ខាង​ផ្នែក​សាងសង់ ព្រោះ​ដោះមីន​និង​សាងសង់ ខាង​វិស្វកម្ម​មាន​ជំនាញ​ហ្នឹង ចូល​ទៅ​ក្នុង​ប្រព័ន្ធ​នៃ​ការបម្រុង​ទុក​របស់​អង្គការ​សហប្រជាជាតិ»

ក្រៅពីនេះ លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ថែម​ទៀត​ថា កម្ពុជា​នឹង​លក់​អង្ករ​ឲ្យ​ប្រទេស​ហ្គីណេ នៅទ្វីប​អាហ្វ្រិក ចំនួន ១២​ម៉ឺន​តោន ព្រមទាំង នឹង​ផ្តល់​ទីប្រឹក្សា​ខាង​បច្ចេកទេស​ដាំ​ស្រូវ​ដល់​ប្រទេស​នេះ​​ផង តាម​ការស្នើសុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ្គីណេ ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​បញ្ជូន​អ្នក​ជំនាញការ​ខ្មែរ ខាង​កសិកម្ម ដែល​ចេះ​និយាយ​ភាសា​បារាំង ហើយ​បើ​បាន​ចេះ​ទាំង​ភាសា​បារាំង ទាំង​អង់គ្លេស​ផង កាន់តែ​ប្រសើរ ។

លោក​ថា បើសិន​ជា​ចាំបាច់ ត្រូវ​ចំណាយ​ប្រាក់​គាំទ្រ​កម្មវិធី​នេះ ដោយ​កម្ពុជា​ខ្លួន​ឯង ក៏​រដ្ឋាភិបាល​លោក​យល់ព្រម​ដែរ ៖ «ទោះបី​ត្រូវ​រ៉ាប់រង​ការចំណាយ​សម្រាប់​ទីប្រឹក្សា​របស់​យើង​ដោយ​ខ្លួន​ឯង ក៏​យើង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ហ្គីណេ នេះ​ជា​តួនាទី​អន្តរជាតិ​របស់​កម្ពុជា​ដែល​ត្រូវ​ធ្វើ​ក្នុង​គោល​នយោបាយ​ការបរទេស​ទៅ​ទ្វីប​អាហ្រ្វិក​តែ​ម្ដង»

សូមរំឭក​ថា កាលពី​ថ្ងៃ​អាទិត្យ​ទី៨ ដើម​ខែ​មិថុនា កន្លង​មក​នេះ កម្ពុជា​ទើប​នឹង​បាន​បញ្ជូន​ក្រុម​អ្នកបោស​សម្អាត​មីន​​ទៅកាន់​ប្រទេស​ស៊ូដង់ ជាលើក​ទី​៣ ដើម្បី​ចូលរួម​ចំណែក​ក្នុង​បេសកកម្ម​រក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ៕

អត្ថបទ​ដែល​ទាក់ទង

ស.រ.អា.​សម្រេច​ផ្ដល់​ជំនួយ​គាំទ្រ​វិស័យ​សុខាភិបាល​និង​អប់រំ​នៅ​កម្ពុជា

កម្ពុជា​នឹង​ដាក់​ទូត​ប្រចាំ​នៅ​ប្រទេស​គូវ៉េត

មន្ត្រី​ខ្មែរ​និង​ថៃ​ប្រជុំ​គ្នា​ពី​ការកំណត់​ឲ្យ​អ្នក​បើកបរ​ថៃ​មាន​លិខិត​ឆ្លងដែន​និង​ទិដ្ឋាការ​ពេល​ចូល​ទឹក​ដី​ខ្មែរ

ជប៉ុន​គ្រោង​ផ្ដល់​ជំនួយ​ថវិកា​ជាង​២​សែន​ដុល្លារ​ដល់​កម្ពុជា

កម្ពុជា​-​អាល្លឺម៉ង់​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដែល​មាន​ទឹក​ប្រាក់​៥០​លាន​ដុល្លារ

រដ្ឋាភិបាល​ស្នើសុំ​ឲ្យ​ស.រ.អា.​បើក​ការិយាល័យ DEA នៅ​កម្ពុជា

ព្រះ​មហាវីរក្សត្រ, ព្រះ​មហាក្សត្រ, សម្ដេច​ម៉ែ យាង​ទៅ​ប្រទេស​ចិន

ព្រះ​មហាក្សត្រ, ព្រះ​បិតា, ព្រះ​មាតា នឹង​យាង​ទៅ​ចិន​នៅ​ថ្ងៃ​១ សីហា

ទូត​ស.រ.អា.​៖ កម្ពុជា​ត្រូវ​កែ​ទម្រង់​ផ្នែក​សេរីភាព​សារព័ត៌មាន​និង​ប្រព័ន្ធ​តុលាការ

ព្រះ​មហាក្សត្រ​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម