កងរាជអាវុធហត្ថ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បាញ់​ពលរដ្ឋ​ដឹក​ស្រូវ​នៅ​ព្រៃវែង

ដោយ យាង សុជាមេត្តា
2015.03.22

មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​២២ មីនា បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ចុះ​ស៊ើប​អង្កេត​ពី​ករណី​បាញ់​បោះ និង​វាយដំ​ទៅ​លើ​ប្រជាពលរដ្ឋ​ដឹក​ស្រូវ​ដោយ​កម្លាំង​រាជ​អាវុធហត្ថ។ ករណី​បាញ់​បោះ​នោះ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​មីនា នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​ព្រៃវែង ហើយ​ដោយ​មាន​​ពាក់​ព័ន្ធ​នឹង​កម្លាំង​រាជ​អាវុធហត្ថ​មក​ពី​ខេត្ត​ត្បូងឃ្មុំ ផង​ដែរ។

ក្រោយ​ព្រឹត្តិការណ៍​នោះ​បុរស ២​នាក់​នៅ​លើ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ធ្វើ​ទារុណកម្ម​យ៉ាង​ដំណំ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​មាន​សមត្ថកិច្ច​ណា​មួយ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ឡើយ។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ​នៅ​តំបន់​នោះ។

ស្រប​ពេល​ដែល​មាន​ការ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ជុំវិញ​ការ​ទទួល​ខុស​ត្រូវ​រវាង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង ពាក់ព័ន្ធ​នឹង​ករណី​បាញ់​បោះ និង​ធ្វើ​ទារុណកម្ម​ទៅ​លើ​ប្រជាពលរដ្ឋ​ដឹក​ស្រូវ មេបញ្ជាការ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​សម្រេច​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ​ដើម្បី​ស្វែង​រក​ដើម​ហេតុ​នៃ​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់។

អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ ឲ្យ​ដឹង​ថា គណៈកម្មការ​ដែល​លោក សៅ សុខា ទើប​បង្កើត​នេះ មាន​ភារកិច្ច​ចុះ​ត្រួតពិនិត្យ​ដើម្បី​ស្វែង​រក​ការ​ពិត​នៅ​ពី​ក្រោយ​ហេតុការណ៍​បាញ់​បោះ​នោះ។ លោក​មាន​ប្រសាសន៍​ថា បន្ទាប់ពី​ការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​របស់​គណៈកម្មការ​រួច​រាល់​ហើយ គណៈកម្មការ​នឹង​ធ្វើ​របាយការណ៍​ដាក់​ឲ្យ​លោក សៅ សុខា ធ្វើការ​សម្រេច។

លោក ខេង ទីតូ បន្ត​ថា បើ​ការ​ត្រួត​ពិនិត្យ​នោះ​រក​ឃើញ​ថា កម្លាំង​រាជ​អាវុធហត្ថ​ណា​មួយ​បាន​ប្រព្រឹត្ត​ខុស​ឆ្គង លោក សៅ សុខា ច្បាស់​ជា​នឹង​អនុវត្ត​ទៅ​តាម​វិន័យ​ចំពោះ​មន្ត្រី​អាវុធហត្ថ​ដែល​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​នៅ​ពេល​បំពេញ​ភារកិច្ច៖ «យើង​មិន​ទាន់​អាច​វាយ​តម្លៃ​ថា ខាង​ណា​ខុស​ខាង​ណា​ត្រូវ​ពិត​ប្រាកដ​ដែរ ហើយ​យើង​ក៏​មិនទាន់​ជឿ​ការ​បក​ស្រាយ​របស់​មន្ត្រី​អាវុធហត្ថ​ទាំង​២​ខេត្ត​ហ្នឹង​ដែរ ហេតុ​នេះ​ហើយ​បាន​យើង​ត្រូវ​ចាត់តាំង​គណៈកម្មការ​ចុះ​ត្រួត​ពិនិត្យ​ស្វែង​រក​ការពិត ដើម្បី​ឲ្យ​ឃើញ​ច្បាស់​ថា តើ​ខាង​ណា​ទទួល​ខុស​ត្រូវ ខាង​ណា​ជា​អ្នក​ប្រព្រឹត្ត? ហើយ​អ្វី​ដែល​បាន​កើត​ឡើង​វា​ជា​ការ​ពិត ឬ​ក៏​វា​យ៉ាងម៉េច​បាន​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិង្សា​បែប​ហ្នឹង»

ក្រោយ​ព្រឹត្តិការណ៍​បាញ់​បោះ​ដោយ​សមត្ថកិច្ច រូបភាព​នៃ​ការ​ចាប់​ឃាត់​ខ្លួន និង​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នក​បើកបរ​រថយន្ត​ដឹក​ស្រូវ ត្រូវ​បាន​ពលរដ្ឋ​បង្ហោះ និង​ចែកចាយ​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ រូបភាព​បង្ហាញ​ពី​បុរស ២​នាក់​ដោះអាវ ខ្លួន​និង​មុខ​ប្រឡាក់​ឈាម ហើយ​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចង​ស្លាប​សេក​ឲ្យ​ដេក​ផ្កាប់​មុខ​លើ​ថ្នល់​យក ជើង​ជាន់​លើ​ក្បាល។

អ្នក​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​បញ្ចេញ​ទស្សនៈ​រិះគន់ និង​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សមត្ថកិច្ច​ដែល​បាន​ប្រើ​ហិង្សា​ឃោរឃៅ​លើ​ពលរដ្ឋ។ ពួកគេ​រង់ចាំ​មើល​ថា ក្នុង​ហេតុការណ៍​នេះ តើ​តុលាការ​នឹង​ចាត់ការ​ទៅ​លើ​ពលរដ្ឋ ឬ​ទៅ​លើ​សមត្ថកិច្ច?

លោក ខេង ទីតូ ថ្លែង​ថា ក្នុង​ពេល​បំពេញ​ភារកិច្ច​សមត្ថកិច្ច​ត្រូវ​គោរព​វិន័យ ហើយ​ពួកគេ​មិន​អាច​បាញ់​បោះ​តាម​ទំនើង​ចិត្ត​បាន​ឡើយ។ យ៉ាង​ណា​ក៏ដោយ លោក​ថា ការ​ពិត​វា​យ៉ាង​ណា​នោះ គឺ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​របស់​គណៈកម្មការ​ជា​មុន​សិន។

មន្ត្រី​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​របស់​លោក សៅ សុខា នៅ​ពេល​នេះ។

លោក អំ សំអាត ចាត់​ទុក​ការ​ចាប់​ចង និង​ការ​ធ្វើ​ទារុណកម្ម​ដែល​សមត្ថកិច្ច​បាន​ប្រព្រឹត្ត​ចំពោះ​ពលរដ្ឋ​ថា ជា​អំពើ​ឃោរឃៅ៖ «យើង​សោកស្ដាយ​ដោយសារ​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ព្រៃវែង ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក គេច​ពី​ការ​ទទួល​ខុស​ត្រូវ ដូច្នេះ​ដើម្បី​ឲ្យ​មាន​ភាព​យុត្តិធម៌ ដូចជា​ការ​លុប​បំបាត់​ចោល​នូវ​ការ​ធ្វើ​ទារុណកម្ម​ត្រូវ​តែ​មាន​គណៈកម្មការ​ឯករាជ្យ​ធ្វើ​ការ​ស៊ើប​អង្កេត ហើយ​រឿង​នេះ​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​មួយ​យ៉ាង​ច្បាស់លាស់ ពីព្រោះ​ការ​ដែល​គេ​បើក​ឡើង​ខុស វា​ជា​រឿង​របស់​គេ តែ​ការ​វាយ​ដំ និង​ការ​ធ្វើ​ទារុណកម្ម គឺ​ជា​រឿង​ខុសច្បាប់​ទោះ​ជា​សមត្ថកិច្ច​ណា​ក៏ដោយ ក៏​ត្រូវ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់»

លោក អំ សំអាត បញ្ជាក់​ថា បើ​ករណី​នេះ​វា​ជា​បទល្មើស​ព្រហ្មទណ្ឌ​បុគ្គល​ដែល​ប្រព្រឹត្ត​ផ្ទាល់​ត្រូវតែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។ យ៉ាង​ណា​ក៏ដោយ លោក​ថា បើ​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា ការ​ដាក់​កម្លាំង​ដើម្បី​យក​ប្រាក់​ពី​ពលរដ្ឋ ធ្វើ​ឡើង​មិន​ស្រប​ច្បាប់ គេ​ក៏​ត្រូវ​ស្វែង​រក​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ដឹកនាំ​កម្លាំង​នោះ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។