អ៊ំស្រីរបស់យុវជនរងគ្រោះគឺអ្នកស្រី ខៀវ សោ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី១ កុម្ភៈនេះ ថា នាយប៉ុស្តិ៍ប៉ូលិសរដ្ឋបាលឃុំផ្សារ គឺលោក សាន ដែត បានវាយក្បាលក្មួយប្រុសគាត់ឈ្មោះ ឌឿ គាសាន ដោយកាំភ្លើងខ្លីបណ្តាលឲ្យរងរបួសជាទម្ងន់ ដែលរហូតមកដល់ពេលនេះក្មួយគាត់មានអាការៈរវើរវាយនៅឡើយ។
អ្នកស្រី ខៀវ សោ បានឲ្យដឹងថា ៖ «គេចុះពីលើម៉ូតូ គេថាអ្ហែងឈរធ្វើអី! ថាខ្ញុំឈរចាំគ្នាខ្ញុំ ដល់ពេលថាអ៊ីចឹង ប្រហែលជាគេស្រវឹង គេស្ដាប់មិនឮក៏មិនដឹង។ ដល់អ៊ីចឹងក៏អ្នកជាមេប៉ុស្តិ៍ឈ្មោះ សាន ដែត ហ្នឹង ចុះពីលើម៉ូតូមកក៏ចាប់ក្មួយខ្ញុំទះកំផ្លៀងមួយដៃ បាញ់មួយគ្រាប់ ហើយវ៉ៃនឹងស្វាយកាំភ្លើងរយះក្បាលប្រហែលជា ៥ថ្នេរ»។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ កេត វ៉ាង ដែលបានឃើញហេតុការណ៍ផ្ទាល់បញ្ជាក់ហេតុការណ៍នេះបន្ថែមថា ៖ «ខ្ញុំមកទាន់ ក្មេងហ្នឹងកំពុងតែអង្គុយបត់ជើង សុំសំពះ ហើយថា ពូកុំវ៉ៃខ្ញុំ ខ្ញុំអត់បានធ្វើអីទេ។ ខ្ញុំអត់ទាន់ហ៊ានឃាត់ទេ អត់ទាន់ហ៊ានហៅគាត់ទេ ប៉ុន្តែក្នុងចិត្តខ្ញុំដូចថា អាណិតក្មេងហ្នឹង! គ្នាសំពះហើយ វ៉ៃគ្នាមួយស្វាយកាំភ្លើង ហើយបាញ់មួយគ្រាប់ទៀត ហើយគ្នាក៏ភ័យ គ្នាក្រោករត់កាត់ផ្ទះគេពីរបីហ្នឹង ក៏ស្រែក អ៊ុំអើយ ពូអើយ ជួយខ្ញុំផង!»។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ២៥ ខែធ្នូកន្លងទៅ។ ប្រភពបានឲ្យដឹងថា ឈ្មោះ ឌឿ គាសាន បានវិលត្រឡប់ពីមើលគេរាំធុងបាសជាមួយមិត្តភ័ក្តិ ២នាក់ទៀតនៅភូមិជំទាវបុត្រី។ មកដល់កន្លែងកើតហេតុស្ថិតក្នុងភូមិព្នាត ឃុំផ្សារ ក្មេងទាំង ៣នាក់ក៏បានឈររង់ចាំមិត្តភ័ក្តិដទៃទៀតដែលដើរតាមក្រោយ។ ពេលនោះនាយប៉ុស្តិ៍ប៉ូលិសរដ្ឋបាលឃុំផ្សារ លោក សាន ដែត រួមជាមួយប៉ូលិស ៣នាក់ផ្សេងទៀតបានជិះម៉ូតូល្បាតជួបជាមួយក្មេងទាំង ៣នាក់។ ដោយមានការជជែកតមាត់គ្នាទៅវិញទៅមក មេប៉ុស្តិ៍ សាន ដែត ក៏បានបាញ់គំរាមមួយគ្រាប់ រួចវាយ ឌឿ គាសាន នឹងស្វាយកាំភ្លើងបែកក្បាលជាទម្ងន់។
នាយប៉ុស្តិ៍ប៉ូលិសរដ្ឋបាលឃុំផ្សារ លោក សាន ដែត ពន្យល់ចំពោះការចោទប្រកាន់នេះថាជាការបំផ្លើស លោកពុំបានវាយបុរសឈ្មោះ គាសាន ទេ ៖ «អ៊ីចឹងយើងក៏បានបាញ់គំរាមទៅណា៎! បាញ់ទៅលើ ខ្ញុំបាញ់មួយគ្រាប់ អាហ្នឹងខ្ញុំសារភាពថាខ្ញុំបាញ់មែន ប៉ុន្តែយើងបាញ់ដើម្បីការពារខ្លួនទេណា៎! អ៊ីចឹងពេលដែលបាញ់មួយគ្រាប់នេះ វាក៏បានទម្លាក់ដំបងចោលនៅលើផ្លូវហ្នឹង ហើយពួកវាក៏បានរត់ចូលទៅភូមិគេទៅ។ អ៊ីចឹងរត់បុករបងគេ បុកអី! អាខ្លះដួល យើងដេញពីក្រោយ ប៉ុន្តែដេញវាមិនទាន់។ រឿងវាអ៊ីចឹង!»។
មេឃុំផ្សារ គឺលោក កឹម ជឿន មានប្រសាសន៍ថា លោកពុំបានដឹងរឿងពិតយ៉ាងណានោះទេ។ លោកមេឃុំគ្រាន់តែបានបញ្ជាក់ថា ឈ្មោះ ឌឿ គាសាន ពុំធ្លាប់មានប្រវត្តិរឿងរ៉ាវឈ្លោះប្រកែកជាមួយនរណាទេ។
ចំណែកមន្ត្រីអង្កេតសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក ស៊ុម ចាន់គា ដែលចាត់ទុករឿងនេះថាជាអំពើរំលោភសិទ្ធិមនុស្សអាងខ្លួនជាជនប្រដាប់អាវុធ បានអំពាវនាវឲ្យអាជ្ញាធរបើកការអង្កេតចំពោះករណីនេះដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ។
មកដល់ពេលនេះគេនៅមិនទាន់ឃើញការស៊ើបអង្កេតរបស់អាជ្ញាធរខេត្តនៅឡើយទេ៕
