កុមារអាយុ១៤ឆ្នាំ ឈ្មោះ ភក្កិ វុត្ថា ដែលអះអាងថា រងការវាយពីប៉ូលិសបានរៀបរាប់ថា នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ខ្លួនជាកម្មករបានអង្គុយលើរទេះដឹកខោអាវគីប នៅច្រកទ្វារប៉ោយប៉ែត ហើយស្រែកថា វ៉ៃៗតាមក្រុមមនុស្សចាស់ផ្សេងទៀត ស្រាប់តែប៉ូលិស ឈ្មោះ ដួង ម៉ាន់ ពាក់លេខ ០១៧ និងមានអត្តលេខ២១-១២៣ ទាត់ពីរជើង មួលស្លឹកត្រចៀកយកទៅដាក់ក្នុងប៉ុស្តិ៍។
មិនអាចសុំការបញ្ជាក់ពីនគរបាល ឈ្មោះ ដួង ម៉ាន់ ជុំវិញការចោទប្រកាន់នេះបានទេ ប៉ុន្តែ លោក សិទ្ធិ សារិន ប្រធានផ្នែកសណ្តាប់ធ្នាប់នៃនគរបាលច្រកទ្វារប៉ោយប៉ែតបានថ្លែងថា លោក ដួង ម៉ាន់ បានចាប់ក្មេងនោះយកចូលប៉ុស្តិ៍ធ្វើការក្រោយពីក្មេងនោះ ស្ទុះទៅរកវាយប៉ូលិស តែមិនបានវាយដូចការចោទប្រកាន់ទេ។
បើតាមលោក ជា សុគន្ធ ប្រធានដោះស្រាយវិវាទនៃសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ បានឲ្យដឹងថា ម្តាយក្មេងរងគ្រោះគ្រោងប្តឹងទៅតុលាការនិងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅទារសំណងចំនួន២០ម៉ឺនបាត កាលពីថ្ងៃម្សិលមិញ ប៉ុន្តែបានផ្អាកទៅវិញ បន្ទាប់ពីនគរបាល ឈ្មោះ ដួង ម៉ាន់ បានសុំឲ្យមានការសម្របសម្រួលសង់ប្រាក់ចំនួន ១០ម៉ឺនបាត៕
