មន្ត្រីប៉ូលិសស្រុកបាកានអះអាងថា កម្លាំងនគរបាលបានស្រាវជ្រាវរកឃើញភស្តុតាងក្នុងអំពើប្លន់ជាច្រើនលើកក្នុងស្រុកនេះហើយកំពុងដំណើរការស្រាវជ្រាវតាមចាប់ខ្លួនពួកចោរទាំងនោះ។ តែកម្លាំងប៉ូលិសជួបការលំបាកដោយភូមិសាស្រ្តស្រុកបាកានធំល្វឹងល្វើយ និងសម្បូរព្រៃស្តុកដែលចោរងាយលាក់ខ្លួន។
អធិការប៉ូលិសស្រុកបាកានគឺ លោក ប៉ែន ទុង អះអាងប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី៥ មករា ថា មុខសញ្ញាប្លន់ប្រដាប់អាវុធទាំង ៧ករណីកន្លងទៅ ប៉ូលិសកំណត់បានមុខសញ្ញារួចរាល់ហើយនៅរង់ចាំតែការបំពេញបែបបទ និងបន្ថែមភស្តុតាងដាក់បន្ទុកឲ្យគ្រប់គ្រាន់នឹងឈានដល់ការចាប់ខ្លួនហើយ។
លោក ប៉ែន ទុង មានប្រសាសន៍ថា ៖ «យើងកំណត់បានហើយ កំណត់បានមនុស្សបានស្អីហើយ ប៉ុន្តនៅតែធ្វើម៉េចឲ្យបានអាវុធទេ ឥឡូវយើងស៊ើបរកអាវុធសិន បើសិនជាយើងចាប់មនុស្សមកអត់មានអាវុធមកដល់តុលាការក៏មិនអាចដោះស្រាយបានដែរ វាអត់មានស្អីដើម្បីប្រៀបធៀបនៅកន្លែងកើតហេតុណា! អត់អីដាក់បន្ទុកលើគេ អ៊ីចឹងវាឆ្លើយតែមាត់វាអត់ការពិតទេព្រោះភស្តុតាងគ្មាន»។
អធិការប៉ូលិសស្រុកបាកាន បានបន្ថែមថា ៖ «ខ្ញុំកំពុងតែប្រជុំគណបញ្ជាការឯកភាពដើម្បីចាត់វិធានការប្រើកម្លាំងចម្រុះ កម្លាំងសរុបឃុំ ភូមិ កម្លាំងប្រជាការពារធ្វើម៉េចទប់ស្កាត់កុំឲ្យមានតទៅទៀត»។
ការអះអាងរបស់មន្ត្រីប៉ូលិសជាន់ខ្ពស់ស្រុកបាកានមិនបានធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកនេះស្ងប់អារម្មណ៍ទេ។ ស្រ្តីអ្នកលក់ដូរសម្លៀកបំពាក់នៅផ្សារបឹងខ្នារ ក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍ សាត់ ឈ្មោះ អ៊ូ ស៊្រី មានប្រសាសន៍ថា ដំណឹងនៃការប្លន់អ្នកភូមិជិតខាងគាត់ធ្វើឲ្យគាត់មានការភ័យ ខ្លាចយ៉ាងខ្លាំងព្រោះគាត់ពុំទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ចចាប់បានឧក្រិដ្ឋជននៅឡើយ។
ឈ្មោះ អ៊ូ ស៊្រី មានប្រសាសន៍ថា ៖ «ព្រួយមិនសូវហ៊ាននៅលក់យប់ៗដូចរាល់ដង រាល់ដងបើកលក់យប់ៗជ្រៅដែរម៉ោង ១០យប់អីបានបិទទ្វារ តែឥឡូវព្រលប់បិទទ្វារហើយ»។
ក្នុងអំឡុងពេលចុងឆ្នាំ២០០៩ កន្លងទៅក្នុងស្រុកបាកាន កើតមានអំពើប្លន់ប្រដាប់អាវុធជាបន្តបន្ទាប់ រហូតដល់ទៅ ៧ករណី។ ការប្លន់ចំនួន ២លើកបានកើតមាននៅពាក់កណ្តាលខែវិច្ឆិកា និងការប្លន់ចំនួន ៥លើកទៀតក្នុងខែធ្នូ ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សម្នាក់ និងទ្រព្យសម្បត្តិមាសប្រាក់ប្រជាពលរដ្ឋអស់ជាច្រើន។
អធិការប៉ូលិស ស្រុកបាកានគឺលោកប៉ែនទុងពន្យល់ចំពោះការកើនឡើងនូវអំពើប្លន់ក្នុងស្រុកនេះថាបណ្តាលមកពីរដូវនេះជារដូវច្រូតកាត់ប្រមូលផលក្រុមជនខិលខូចដឹងថា ប្រជាពលរដ្ឋអាចមានលុយពីការលក់កសិផល។ លោកថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងវិបត្តិសេដ្ឋកិច្ចពិភពលោកក៏ជាកត្តាជះឥទ្ធិពលបណ្តាលឲ្យករណីប្លន់នៅស្រុកបាកានកើនឡើងដែរ៕
