ប៉ូលិស​នៅ​បាត់ដំបង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ

មន្ត្រី​ប៉ូលិស​ស្រុក​ភ្នំ​ព្រឹក​ម្នាក់ ត្រូវ​បាន​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដាក់​ពិន័យ​បញ្ឈរ​ជើង​ពី​ការងារ ដោយ​ចោទ​ថា មាន​ទោស​កំហុស​ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​វាយ​ទាត់​ធាក់ និង​ចាប់​ខ្លួន​អ្នក​ភូមិ​ម្នាក់​ដាក់​ខ្នោះ​ដៃ​យក​ទៅ​ធ្វើ​ទារុណកម្ម​នៅ​ប៉ុស្តិ៍​ប៉ូលិស។
ដោយ សួន សុផលមុន្នី
2012-06-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អ្នក​ភូមិ​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ដោយសារ​តែ​មន្ត្រី​នគរបាល​​ប្រើ​អំពើ​ហិង្សា វាយ​នឹង​ស្វាយ​កាំភ្លើង បន្ទាប់​មក​ទាត់​ធាក់​ ចាប់​ដាក់​ខ្នោះ​ដៃ​រុញ​បញ្ចូល​ក្នុង​រថយន្ត​ដឹក​យក​ទៅ​ធ្វើ​ទារុណកម្ម​ ខ្លាំង​ខ្លា​ទៀត​ក្នុង​ប៉ុស្តិ៍​រដ្ឋបាល​របស់​ប៉ូលិស នៅ​ឃុំ​ចក្រី ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។

ករណី​នេះ​កើត​មាន​ឡើង​ដោយសារ​ជន​រងគ្រោះ​បាន​និយាយ​ធ្វើ​តម្រាប​​តាម​ក្រុម​តារា​កំប្លែង​នាយ​ពាក់មី ទៅ​កាន់​មន្ត្រី​ប៉ូលិស​ពីរ​នាក់​ នៅ​ក្នុង​តូប​លក់​គ្រឿងទេស​មួយ​របស់​អ្នក​ភូមិ។

លោក ទាន សាន អាយុ ៤៧​ឆ្នាំ ជា​ម្ចាស់​ផ្ទះ និង​ជា​សាក្សី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ​ថា កាល​ពី​វេលា​ម៉ោង​ជិត ៧​យប់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ជន​រង​គ្រោះ និង​មិត្ត​ភក្ដិ​ម្នាក់​​ឈ្មោះ ម៉ៃ កំពុង​អង្គុយ​ផឹក​ស្រា​ស​នៅ​លើ​គ្រែ​ក្នុង​តូប​លក់​ដូរ​​របស់​លោក​នៅ​ក្នុង​ភូមិ។ មន្ត្រី​នគរបាល​ពីរ​នាក់​ឈ្មោះ ប៉េង ឡាយ និង ឈ្មោះ រ៉ាត ស្លៀក​ពាក់​ស៊ីវិល​ បើក​ឡាន​ទៅ​ឈប់ រួច​ចុះ​សួរ​រក​ទិញ​ទឹក​ត្រឡាច និង​ទឹក​សុទ្ធ ប៉ុន្តែ​ជន​រង​គ្រោះ​ឈ្មោះ​ ឌិន វី ដែល​កំពុង​បើក​ទូរស័ព្ទ​មើល​រឿង​វីដេអូ​កំប្លែង​របស់​នាយ ពាក់មី បាន​ឆ្លើយ​ប្រាប់​ថា ទឹក​សុទ្ធ​អត់​មាន​ទេ​មាន​តែ ដាប់​បែលយូ (W)។ ការ​និយាយ​បែប​នេះ​ហើយ ដែល​ធ្វើ​មន្ត្រី​នគរបាល​ខឹង​ ហើយ​ចោទ​ថា និយាយ​នេះ និយាយ​មើល​ងាយ។

លោក ទាន សាន៖ «ដល់​ពេល​អ៊ីចឹង​ទៅ​ក៏​ដោះ​កាំភ្លើង​ពី​ស្មា​វ៉ៃ​គ្នា បណ្ដោយ​កាំភ្លើង​ម៉ាក អាកា​បត់ វ៉ៃ​ឆ្អឹង​ខ្នង​មួយ​ស្វាយ​កាំភ្លើង រួច​ទះ​មួយ​ដៃ​ធ្លាក់​ពី​លើ​តុ ដល់​គ្នា​អង្គុយ​ហ្នឹង​ទៅ​ក៏​ទាត់​ប្រមៀល​ថែម​មក​រហូត​គ្នា​ឡើង​អង្គុយ លត់​ជង្គង់​បទ​ជើង សុំ​ទោស​ថា​វា​ខុស​ហើយ គ្នា​អត់​ដឹង​រឿង​អី​ម៉េច​ក៏​មិនព្រម»

បុរស​ជា​ជន​រង​គ្រោះ​មាន​ឈ្មោះ ឌិន វី អាយុ ១៩​ឆ្នាំ រស់​នៅ​ភូមិ​អូរដា ​ឃុំ​ចក្រី​ ស្រុក​ភ្នំ​ព្រឹក ខេត្ត​បាត់ដំបង។គាត់​បាន​និយាយ​លេង​​តាម​ក្រុម​កំប្លែង​របស់​នាយ ពាក់មី ដោយ​ពុំ​មាន​ចេតនា​ប្រមាថ​នោះ​ទេ ប៉ុន្តែ​ប៉ូលិស​​ខឹង​ក៏​ចាប់​វាយ​គាត់​នឹង​ស្វាយ​កាំភ្លើង​ ដាក់​ខ្នោះ​ដៃ រុញ​បញ្ចូល​ឡាន​យក​ទៅ​ធ្វើ​ទារុណកម្ម​នៅ​ប៉ុស្តិ៍​ប៉ូលិស៖ «ខ្ញុំ​បត់​ជើង ហើយ​គាត់​ថា មក​ទៅ​ជាមួយ​អញ ទៅ​ការដ្ឋាន។ ទៅ​ដល់​វ៉ៃ​ខ្ញុំ​នៅ​ហ្នឹង​ទៀត។ ទុក​ឡាន វាយ​ខ្ញុំ​ពីរ​ចំនៀរ​ក្ដារ។ ​ទៅ​ដល់​ប៉ុស្តិ៍​លើក​កៅអី​ជ័រ​វ៉ៃ​ខ្ញុំ វ៉ៃ​ចំ​ក្បាល​ពីរ​បី​កៅអី បាក់​កៅអី​ហ្នឹង​ខ្ទេច។ ខ្ញុំ​ដៃ​ជាប់​ខ្នោះ​ហ្នឹង គេ​វ៉ៃ»

ប៉ូលិស​បាន​ឃុំ​ខ្លួន​ឈ្មោះ ឌិន វី ទល់​ភ្លឺ​ រហូត​ដល់​ម្ដាយ​​គាត់​ទៅ​សុំ​អង្វរ​ទើប​ដោះ​លែង។

លោកស្រី សាន អឿន អាយុ​ជាង ៥០​ឆ្នាំ ត្រូវ​ជា​ម្ដាយ​ជន​រង​គ្រោះ​ បាន​ថ្លែង​ថា កូន​របស់​គាត់​បាន​រង​របួស​គ្រាំ​ពេញ​ខ្លួន ហើយ​មាន​ការ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ៖ «ចុះ​បើ​គ្រាន់​ពាក្យ​មួយ​ម៉ាត់​ប៉ុណ្ណឹង​ ចុះ​ហេតុ​អី​បាន​យក​កូន​ខ្ញុំ​ទៅ​ទាត់​ទៅ​ធាក់​ទៅ​វ៉ៃ​ ជាំ​ពេញ​ខ្លួន​អស់ ក្បាល​អី។ គ្នា​គ្រាន់​តែ​អង្គុយ​និយាយ​មិន​កើត​ផង​ហ្នឹង។ ជួយ​រក​ខុស​ត្រូវ​ឲ្យ​ខ្ញុំ​ផង​ ខ្ញុំ​ក្រ​ណាស់​គ្មាន​លុយ​គ្មាន​កាក់​ទេ»

លោក សារ៉េត វិសេធ ស្នងការ​រង​នគរបាល​ស្រុក​ភ្នំព្រឹក បាន​បញ្ជាក់​ថា លោក​កំពុង​សម្របសម្រួល​ជាមួយ​ជន​រងគ្រោះ។ ប៉ុន្តែ​លោក ហេង សាយហុង មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licado) ថ្លែង​ថា នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ មន្ត្រី​នគរបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

លោក ហេង សាយហុង៖ «ប្រើ​អំពើ​ហិង្សា​បែប​នេះ​យើង​មិន​អាច​ទទួល​យក​បាន​ទេ គប្បី​តែ​មាន​វិធានការ​យ៉ាង​ជាក់​លាក់​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ដ៏​ធ្ងន់ធ្ងរ​នេះ។ អ៊ីចឹង​អង្គភាព ក៏​ដូច​ជា​ស្នងការ​នគរបាល​ជាតិ​ មាន​វិធានការ​ចាត់​ការ​រឿង​នេះ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​នគរបាល​ត្រឹម​ត្រូវ​ហ្នឹង​ខូច​កិត្តិយស​ដោយ​សារ​នគរបាល​គ្នា​ពីរ​បី​នាក់​ហ្នឹង»

នៅ​ក្នុង​ទិវា​អន្តរជាតិ​គាំទ្រ​ជន​រង​គ្រោះ​ដោយ​​អំពើ​ទារុណកម្ម​របស់​អង្គការ​សហប្រជាជាតិ​ទើប​បញ្ចប់​ទៅ​ថ្មីៗ​នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៧​ស្ថាប័ន ​បាន​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​អំពើ​ទារុណកម្ម​នៅ​កន្លែង​ឃុំ​ខ្លួន​របស់​ប៉ូលិស ដូច​ជា​ដាក់​ខ្នោះ​ដៃ ជើង និង​ការ​វាយ​ដំ​លើ​ជន​ជាប់​ចោទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

You should think you are police and the people who esteem the law and human right.I, however, think that Cambodian education system and democracy and human right day by day get worst and worst. I think gov should say( WOW) mean window on the world.

Jul 02, 2012 11:49 PM

(បាត់ដំបង

ពី បាត់ដំបង

ក្នុង​នាម​ជា​សមត្តកិច្ច​ប្រើ​អំពើ​ហឹង្សា​លើ​ពលរដ្ឋ​ស្លូតត្រង់​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ធ្វើ​ជា​សមត្តកិច្ច​ត្រូវ​ដឹង​ច្បាស់​ពី​ច្បាប់។ ខ្ញុំ​សូម​គាំទ្រ​ការ​ដាក់​ទោស​ពិន័យ​ទៅ​លើ​សមត្តកិច្ច​រូប​នេះ។ ហើយ​វា​អាក្លាយ​ជា​មេរៀន​មួយ​ដ៏​ល្អ​សំរាប់​សមត្តកិច្ច​ដ៍ទៃ​ទៀត

Jun 30, 2012 04:45 AM

Da

ពី Australia

The violence always happened between the citizen and the authority because they don't know what is human right. Really sorry that the education system in Cambodia get worst and worst although we lived in the 21st century.

Jun 30, 2012 12:52 AM