រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការផ្លាស់ប្ដូរអភិបាលខេត្ត រាជធានី ចំនួន ១០រូប ដោយសារអភិបាលទាំងនោះខ្លះដល់អាយុចូលនិវត្តន៍ ខ្លះមានបញ្ហាសុខភាព និងខ្លះទៀតត្រូវឈរឈ្មោះជាតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតជាតិនាខែកក្កដា។
ថ្លែងក្នុងពិធីសម្ពោធអាគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពត នៅថ្ងៃទី១៨ ខែមេសា លោក ហ៊ុន សែន បញ្ជាក់ថា អភិបាលរាជធានី ខេត្ត ចំនួន ១០ បានបញ្ចប់អាណត្តិទី១ របស់ខ្លួន កាលពីថ្ងៃទី១៤ ខែមេសា ហើយព្រះរាជក្រឹត្យក៏បានតែងតាំងអភិបាលខេត្ត រាជធានី ថ្មីរួចហើយ តែនៅមិនទាន់ប្រកាស និងចេញផ្សាយជាផ្លូវការប៉ុណ្ណោះ ដោយហេតុផលចំពេលដែលកម្ពុជា និងពលរដ្ឋខ្មែរទាំងអស់ឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំ។
លោក ហ៊ុន សែន៖ «មានចំណោទចោទសួរថា ហេតុអ្វីបានជាមិនពន្យារអភិបាលខេត្ត អភិបាលរង អភិបាលស្រុក អភិបាលរងស្រុក រហូតទៅដល់ការបោះឆ្នោតហើយស្រេចចាំធ្វើ ចាំដោះដូរ មិនអាចធ្វើបានទេ។ បើសិនយើងធ្វើដូច្នេះ យើងត្រូវទៅសុំធ្វើវិសោធនកម្មច្បាប់ ដើម្បីពន្យារអាណត្តិ ប៉ុន្តែយើងមិនអាចកាត់ជើងតម្រូវស្បែកជើងបានទេ យើងត្រូវតែកាត់ស្បែកជើងតម្រូវនឹងជើង»។
លោក ហ៊ុន សែន បន្តថា រដ្ឋាភិបាលនឹងរៀបចំគណៈអភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក និងអភិបាលរងស្រុកនៅទូទាំងប្រទេសឡើងវិញ តាមច្បាប់ស្ដីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្ទាប់ពីការគ្រប់គ្រងរដ្ឋបាលសាធារណៈក្នុងអាណត្តិទី១ ដែលមានរយៈពេល ៤ឆ្នាំ ត្រូវបានបញ្ចប់។
អភិបាលខេត្ត រាជធានី ១០រូប ត្រូវបានផ្លាស់ចេញដោយសារដល់អាយុចូលនិវត្តន៍នោះ រួមមានលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ លោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម និងត្រូវជាបងប្រុងបង្កើតរបស់លោក ហ៊ុន សែន លោក ឡួយ សុផាត អភិបាលខេត្តស្ទឹងត្រែង លោក ឈុន ស៊ីរុន អភិបាលខេត្តកណ្ដាល លោក កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺ លោក ចាន់ យឿន អភិបាលខេត្តមណ្ឌលគិរី។ រីឯលោក ពេជ្រ សុឃិន អភិបាលខេត្តឧត្តរមានជ័យ ដោះដូរដោយសារមានបញ្ហាសុខភាព និងលោក អ៊ុង អឿន ក៏ត្រូវប្ដូរចេញដែរ ដោយសារតែត្រូវទៅឈរឈ្មោះបោះឆ្នោតជាតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតនាខែកក្កដា។
អភិបាលខេត្តកំពង់ធំ លោក ឈុន ឈន់ ដែលមានឈ្មោះផ្លាស់ចេញឲ្យដឹងថា លោកមិនទាន់បានទទួលលិខិតដកចេញ ឬផ្ទេរតំណែងឲ្យអភិបាលថ្មីជាផ្លូវការនៅឡើយទេ គឺមានន័យថា លោកនៅគ្រប់គ្រង និងមើលការខុសត្រូវក្នុងដែនដីខេត្តកំពង់ធំ នៅឡើយ។ លោក ឈុន ឈន់ បញ្ជាក់ថា អភិបាលថ្មីដែលនឹងមកជំនួសកៅអីរបស់លោក កំពុងស្ថិតក្នុងអាថ៌កំបាំងនៅឡើយ ដើម្បីចៀសវាងការប្រកួតប្រជែងណាមួយដែលនាំឲ្យពិបាក។
លោក ឈុន ឈន់ មិនបានបញ្ជាក់ថា តើការប្រកួតប្រជែងនោះសំដៅទៅលើការប្រជែងសមត្ថភាព ឬក៏ជាការប្រជែងលុយកាក់សម្រាប់កក់កៅអីអង្គុយនោះទេ៖ «នេះជាអាថ៌កំបាំងមួយរបស់រាជរដ្ឋាភិបាល គាត់មិនប្រកាសទេ ខ្លាចមានការប្រកួតប្រជែងគ្នា។ ណាមួយនាំឲ្យពិបាកប្រកាសចេញមកបានដឹងមកថានរណា មានខ្លះចង់បានអ៊ីចឹង»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូ (Licadho) លោក អំ សំអាត ចាត់ទុកការផ្លាស់ប្ដូរតំណែងរបស់អភិបាលខេត្ត រាជធានី ជាការប្រសើរក្នុងរបបលទ្ធិប្រជាធិបតេយ្យ និងធ្វើឲ្យមានការប្រកួតប្រជែងសមត្ថភាពការងារពិតប្រាកដ៖ «អ្នកដែលកាន់អំណាចយូរពេកវាមិនល្អដែរ អ៊ីចឹងត្រូវតែមានការផ្លាស់ប្ដូរ ជាពិសេសគឺអ្នកដែលគ្រប់អាយុចូលនិវត្តន៍ ត្រូវតែចូលនិវត្តន៍ មិនអនុញ្ញាតឲ្យបន្តទៀតទេកន្លងមក យើងឃើញថា ខ្លះចូលនិវត្តន៍នៅតែមានការបន្តទៅទៀត»។
ទោះយ៉ាងណា លោក អំ សំអាត ព្រួយបារម្ភថា ការផ្លាស់ប្ដូរអភិបាលខេត្ត រាជធានី ធ្វើឡើងតាមគោលការណ៍ចាត់តាំងរបស់គណបក្សនយោបាយ និងមិនមែនធ្វើឡើងតាមរយៈការបោះឆ្នោតជ្រើសរើស ដូច្នេះប្រសិនបើការជ្រើសរើសអភិបាលខេត្ត រាជធានីថ្មីមានសមត្ថភាពពេញលេញ អាចនឹងគ្រប់គ្រង និងអភិវឌ្ឍក្នុងដែនគ្រប់គ្រងបានរីកចម្រើន។ ផ្ទុយទៅវិញ ប្រសិនបើការជ្រើសរើសប្រកបដោយបក្ខពួកនិយម ឬតាមរូបភាពអីផ្សេងនោះ អាចជាការលំបាក ឬមានការអភិវឌ្ឍតិចតួច។
តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្តលេខាកាលពីថ្ងៃទី១៤ ខែមេសា បានត្រាស់បង្គាប់តែងតាំងលោក ប៉ា សុជាតិវង្ស អភិបាលរងរាជធានីភ្នំពេញ ឲ្យទៅជាអភិបាលរាជធានីភ្នំពេញ ជំនួសកៅអីលោក កែប ជុតិមា ដែលត្រូវផ្លាស់ប្ដូរដោយសារតែចូលនិវត្តន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
